ព័ត៌មាន
អតីតសិស្សធ្លាក់បាក់ឌុប ប្រែក្លាយការខកចិត្ត និងការឈឺចាប់ថៃឈ្លានពាន ខំសិក្សាប្រឡងជាប់និទ្ទេស A
អតីតសិស្សប្រឡងធ្លាក់បាក់ឌុប កាលពីឆ្នាំ២០២៥ បានប្រែក្លាយការខកចិត្ត និងការឈឺចាប់ព្រោះថៃឈ្លានពាន មកខិតខំសិក្សា រហូតប្រឡងជាប់និទ្ទេស A នៅឆ្នាំ២០២៦នេះ ដោយដាក់គោលដៅកសាងសមត្ថភាពដើម្បីអភិវឌ្ឍជាតិ។

យុវជន វ៉ាន សែនវ៉ា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ជាប់និទ្ទេស A បានប្រាប់ BTV នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា កាលពីឆ្នាំ២០២៥ លោកប្រឡងធ្លាក់ ព្រោះការសិក្សាមិនបានពេញលេញ ដោយសារមានវិបត្តិគ្រួសារ។ យុវជនរូបនេះបញ្ជាក់ថា ក្រោយពេលទទួលលទ្ធផលប្រឡងមិនល្អ ក្រុមគ្រួសារ បងៗ ពិសេសម្ដាយធំ បានលើកទឹកចិត្ត ឱ្យបន្តការសិក្សា ដើម្បីប្រឡងម្ដងទៀត។ តាមរយៈការលើកទឹកចិត្តនេះ រួមផ្សំនឹងការខិតខំ នៅទីបំផុតយុវជនរូបនេះ ប្រឡងជាប់ ដោយទទួលបានជ័យលាភី និទ្ទេស A នៅឆ្នាំនេះ។
ម្ចាស់ជ័យលាភី និទ្ទេស A ឆ្នាំ២០២៦នេះ ដែលជាអតីតសិស្សធ្លាក់បាក់ឌុប កាលពីឆ្នាំមុន អះអាងថា ការធ្លាក់បាក់ឌុប មិនមែនជាចុងបញ្ចប់នោះឡើយ។ លោកលើកទឹកចិត្តដល់យុវជនដែលមិនទទួលជោគជ័យនៅឆ្នាំនេះ កុំបាក់ទឹកចិត្ត ត្រូវខិតខំសិក្សាប្រឡងយកជ័យលាភី នៅឆ្នាំក្រោយ ឬក៏សិក្សាជំនាញបច្ចេកទេស។
យុវជន វ៉ាន សែនវ៉ា កើតនៅស្រុកមេសាង ខេត្តព្រៃវែង។ លោកបានផ្ទេរសាលាពីខេត្តព្រៃវែង មកសិក្សានៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ក្នុងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២៥ បន្ទាប់ពីធ្លាក់បាក់ឌុប។ យុវជនរូបនេះ បញ្ជាក់ថា ការផ្ទេរមកវិទ្យាល័យថ្មីនេះ បានដាក់ក្ដីរំពឹងខ្ពស់ក្នុងប្រឡងយកនិទ្ទេសល្អ ហើយទីបំផុតការប្ដេជ្ញាចិត្ត បូករួមនិងការខិតខំ លោកក៏ទទួលបាននិទ្ទេស A ដូចបំណង។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២៦នេះ សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាង ១២ម៉ឺន ៥ពាន់នាក់ ក្នុងចំណោមបេក្ខជនប្រឡងជាង ១៥ម៉ឺននាក់។ នៅក្នុងចំណោមសិស្សប្រឡងជាប់ជាង ១២ម៉ឺននាក់នេះ សិស្សប្រឡងជាប់និទ្ទេស A មានចំនួន ២,០២២នាក់។ រាជធានីភ្នំពេញ ឈរនៅលំដាប់ទី១ ដែលមានសិស្សនិទ្ទេស A ច្រើនជាងគេ ខេត្តកណ្ដាល នៅលេខរៀងទី២ និងខេត្តសៀមរាប ឈរនៅលំដាប់លេខរៀងទី៣៕ អត្ថបទ៖ លៀ ស៊ីណា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣