ព័ត៌មាន
កាកបាទក្រហមកម្ពុជាជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍១៩រូប មុនចេញទៅសិក្សានៅបរទេស
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អនុសាសន៍យ៉ាងកក់ក្តៅ ជូនដល់ក្រុមនិស្សិត និងបេក្ខជនអាហារូបករណ៍រដ្ឋាភិបាលសរុប១៩រូប មុនពេលពួកគេចាកចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប និងអាស៊ី នាពេលខាងមុខ។
នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ ជូនដល់ក្រុមនិស្សិត និងបេក្ខជនអាហារូបករណ៍រដ្ឋាភិបាល ២ក្រុម សរុបចំនួន ១៩នាក់។
នៅក្នុងជំនួបនេះ និស្សិតអាហារូបករណ៍ជ័យលាភីទាំង១៩រូប រួមមាន៖ ក្រុមទី១៖ ចំនួន៧រូប (ដឹកនាំដោយលោក ប៉ិច ឆវ័ន្ត) ជាជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសជប៉ុន (៥នាក់) ចិន (១នាក់) និងបារាំង (១នាក់) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដែលជាអតីតនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ ក្រុមទី២៖ ចំនួន ១២រូប (ដឹកនាំដោយលោក តាន់ បូរីវត្តិ) ជាបេក្ខជនអាហារូបករណ៍រដ្ឋាភិបាល សាធារណរដ្ឋបារាំង មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (៨នាក់), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (៣នាក់) និងក្រុមហ៊ុន Consolidar Checker Co., Ltd. (១នាក់)។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញអំពីសកម្មភាពការងារមនុស្សធម៌ អាទិភាពធំៗ និងប្រតិបត្តិការឆ្លើយតបក្នុងគ្រាមានអាសន្ន ឬជម្លោះប្រដាប់អាវុធនាពេលកន្លងមក ជូនដល់ក្រុមនិស្សិត ទាំងអស់បានយល់ដឹង។ ជាមួយគ្នានេះ ក្រុមនិស្សិតក៏បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានចោទសួរនូវសំណួរមួយចំនួន ពាក់ព័ន្ធនឹងការត្រៀមលក្ខណៈ ការសហការរវាង កាកបាទក្រហម ជាមួយរាជរដ្ឋាភិបាល និងវិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន។
ជានិមិត្តរូបនៃក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន លោកជំទាវអគ្គលេខាធិការ បានផ្ដាំផ្ញើនូវអនុសាសន៍សំខាន់ៗ និងបានប្រគល់ថវិកាឧបត្ថម្ភមួយចំនួន និងថតរូបអនុស្សាវរីយ៍ជាមួយប្អូនៗនិស្សិត។ ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើឱ្យក្រុមនិស្សិតទាំងអស់ត្រូវ ១. ខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់លើ សុវត្ថិភាព និងសុខភាពជាចម្បង។ ២. ថែរក្សាស្មារតីសាមគ្គីភាព និងបន្តថែរក្សា ផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ខ្មែរនៅលើឆាកអន្តរជាតិ។ និងទី៣. ត្រូវយកចំណេះដឹង បទពិសោធន៍ ដែលទទួលបានត្រឡប់មកជួយអភិវឌ្ឍន៍ធនធានមនុស្ស និងប្រទេសជាតិវិញ ដើម្បីឱ្យកម្ពុជាមានសមត្ថភាពប្រកួតប្រជែង ស្មើមុខស្មើមាត់នៅលើឆាកតំបន់ និងអន្តរជាតិ។
ពិធីសំណេះសំណាលបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយក្រុមនិស្សិតទាំងអស់បានប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការនាំយកកិត្តិយសជូនជាតិមាតុភូមិ ក្នុងបេសកកម្មសិក្សារយៈពេល ២ឆ្នាំខាងមុខនេះ៕ អត្ថបទ៖ សំ ងីម





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ