ព័ត៌មាន
ហេតុអ្វីទីក្រុងទាំង៨រួមទាំងរាជធានីភ្នំពេញទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការលើកកម្ពស់សុខុមាលភាពទីក្រុង?
ភ្នំពេញ-ស៊ីដនី ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយទីក្រុង ៧ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការអនុវត្តគម្រោង ការដាក់ពាក្យស្នើសុំការវាយតម្លៃរហូតទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក។
ពីទីក្រុងស៊ីដនី ប្រទេសអូស្រាលី លោកស្រី ដោ សម្ផស្ស ក្នុងនាមជាប្រតិបត្តិករគម្រោងផ្ទាល់ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា លោកស្រីបានជម្រាបអង្គពិភាក្សាអំពីសាវតារឿងដែលកាលពីឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញទទួលបានគម្រោងលើកកម្ពស់សុវត្ថិភាពនៅតំបន់សាលារៀន ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការវាយថលស្រ្តាថិជី (Vital Strategies) តាមរយៈអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cites) ដោយបានធ្វើការជ្រើសរើសសាលាចំនួន២ សម្រាប់អនុវត្តសាកល្បងនូវគម្រោង “សុវត្ថិភាពនៅតំបន់សាលារៀន” ដោយផ្តោតលើការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាគាំទ្រ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សាលារៀនទាំង២នោះរួមមាន សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម និងវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹក និងងាយបង្កជាហានិភ័យ។
នៅក្នុងការអនុវត្តគម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញបានផ្តោតនូវការអនុវត្តនូវវិធានការធំៗចំនួន៥ មាន ១.ការចុះវាយតម្លៃ និងកំណត់កត្តាហានិភ័យនៃសុវត្ថិភាពចរាចរណ៍នៅជុំវិញសាលារៀនដោយប្រើប្រាស់វិធីសាស្រ្តវាយតម្លៃ iRAP (អាយរ៉ាប់) (Start Rating for Schools)។ ២.ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខាគាំទ្រទំនើប ដូចជា តម្លើងស្លាកសញ្ញា និងគំនូសចរាចរណ៍ ផ្ទាំងកំណត់ល្បឿនឆ្លាតវៃព្រមទាំងបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពជាដើម។ ៣.ការពង្រឹងវិធានការតាមដាន ព្រមទាំងបន្តអនុវត្តនូវវិធានការដែលមានស្រាប់គឺការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍នៅតាមសាលារៀន ដើម្បីជួយសម្រួលចរាចរណ៍នៅក្នុងកំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ។ ៤.លើកកម្ពស់ចំណេះដឹង និងឥរិយាបថសុវត្ថិភាពចរាចរណ៍ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស និងសហគមន៍ និង៥.បង្កើតគំរូកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយចីរភាព ដើម្បីពង្រីកការងារសុវត្ថិភាពនៅតំបន់សាលារៀនបន្តទៀត។
លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា នៅក្នុងខែមិថុនា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោកបានប្រកាសជ្រើសរើសបេក្ខភាពក្នុងការអនុវត្តគម្រោងតាមប្រធានបទធំៗចំនួន៨ ស្តីពីការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦របស់ខ្លួន ហើយនៅពេលនោះរដ្ឋបាលរាជធានីភ្នំពេញបានជ្រើសយកគម្រោងសុវត្ថិភាពនៅតំបន់សាលារៀននេះទៅដាក់ពាក្យរួមជាមួយទីក្រុងប្រមាណជាង១៥០ទីក្រុងទៀត មកពីតំបន់អាស៊ីប៉ាស៊ីហ្វិច។ ក្រោយការសិក្សាវាយតម្លៃ និងដាក់ពិន្ទុយ៉ាងត្រឹមត្រូវតាមបច្ចេកទេសរបស់ខ្លួន អង្គការសុខភាពពិភពលោកបានសម្រេចជ្រើសរើសទីក្រុងចំនួន៨ តំណាងឱ្យប្រធានបទទាំង៨។ រាជធានីភ្នំពេញត្រូវបានផ្តល់ជូននូវពានរង្វាន់ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ស្តីពី “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព ៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង” តាមរយៈការអនុវត្ត “គម្រោងសុវត្ថិភាពនៅតំបន់សាលារៀន” ដែលពិធីប្រគល់ពានត្រូវបានធ្វើឡើងក្នុង “សន្និសិទ្ធពិភពលោកលើកទី១១របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង នៅទីក្រុងស៊ីដនី ប្រទេសអូស្រាលី៕







-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ