ព័ត៌មាន
ក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយដៃគូជាតិ-អន្តរជាតិលើការកំណត់គុណវុឌ្ឍិសហគ្រាសក្នុងការទទួលស្គាល់ជំនាញកម្មករនិយោជិតឱ្យស្របតាមតម្រូវការទីផ្សារការងារ
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី “ការកំណត់គុណវុឌ្ឍិសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងការទទួលស្គាល់ជំនាញកម្មករ និយោជិត និងបុគ្គលិក” នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដើម្បីប្រមូលមតិយោបល់ និងធាតុចូលសម្រាប់កែលម្អនីតិវិធីឱ្យមានភាពច្បាស់លាស់ និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដនៃទីផ្សារការងារ។

ថ្លែងទៅកាន់សិក្ខាសាលាដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម សហព័ន្ធនិយោជក សមាគមធុរកិច្ច វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ លោកជំទាវ មានប្រសាសន៍ថា សិក្ខាសាលានេះមិនគ្រាន់តែជាវេទិកាពិភាក្សាលើឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការបន្តកែទម្រង់ប្រព័ន្ធអភិវឌ្ឍធនធានមនុស្ស និងកសាងប្រព័ន្ធគុណវុឌ្ឍិដែលមានទំនុកចិត្តពីវិស័យសេដ្ឋកិច្ច និងទីផ្សារការងារ។ ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង កម្ពុជាចាំបាច់ត្រូវមានប្រព័ន្ធអភិវឌ្ឍជំនាញដែលអាចឆ្លើយតបទាន់ពេលវេលា ដោយផ្លាស់ប្តូរពីការផ្តោតលើចំនួនអ្នកបណ្តុះបណ្តាល ទៅផ្តោតលើសមត្ថភាពពិតប្រាកដ និងលទ្ធផលនៃការសិក្សា។

ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការទទួលស្គាល់ជំនាញពីមុន (RPL) ដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ដោយស្តង់ដាជាតិ។ យន្តការនេះនឹងជួយឱ្យកម្មករនិយោជិតអាចទទួលបានការទទួលស្គាល់លើសមត្ថភាពពិតប្រាកដ សហគ្រាសអាចកំណត់បានកាន់តែច្បាស់ពីសមត្ថភាពកម្លាំងពលកម្ម ហើយកម្ពុជាអាចកសាងប្រព័ន្ធកម្លាំងពលកម្មដែលមានជំនាញពិតប្រាកដ។ លោកជំទាវបានបញ្ជាក់ថា ក្រសួងបានរៀបចំសេចក្តីព្រាងនីតិវិធីស្តង់ដាប្រតិបត្តិការ (SOP) សម្រាប់ការអនុវត្តប្រកាសស្តីពីការកំណត់គុណវុឌ្ឍិសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដើម្បីធានាថាការវាយតម្លៃសមត្ថភាពប្រព្រឹត្តទៅតាមស្តង់ដា មានតម្លាភាព គុណវុឌ្ឍិ និងវិស័យឯកជនទទួលស្គាល់។

ក្រសួងក៏នឹងបន្តពង្រឹងប្រព័ន្ធទទួលស្គាល់សមត្ថភាព និងគុណវុឌ្ឍិ ការតភ្ជាប់រវាងការអប់រំ ការបណ្តុះបណ្តាល និងទីផ្សារការងារ លើកកម្ពស់តួនាទីវិស័យឯកជន ពង្រឹងគុណភាព និងភាពជឿជាក់នៃប្រព័ន្ធ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង ការចុះបញ្ជី ការវាយតម្លៃ និងការផ្តល់សេវា ព្រមទាំងកសាងវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត។ ចក្ខុវិស័យរបស់ក្រសួង គឺចង់ឃើញកម្ពុជាមានប្រព័ន្ធអភិវឌ្ឍជំនាញមួយដែលមានស្តង់ដា កម្លាំងពលកម្មមានភាពប្រកួតប្រជែង និងជាស្ពានភ្ជាប់រវាងមនុស្ស ជំនាញ ការងារ ផលិតភាព និងកំណើនសេដ្ឋកិច្ច។
លោកជំទាវបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាលើប្រធានបទនេះឱ្យបានផុសផុល ដោយសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងផ្តល់នូវមតិយោបល់ និងធាតុចូលដ៏មានតម្លៃ សម្រាប់កែលម្អសេចក្តីព្រាង SOP ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានដោយប្រសិទ្ធភាព៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣