ព័ត៌មាន
កម្ពុជា បើកទ្វារទទួលទីផ្សារទេសចរណ៍ថ្មី តាមរយៈ CTM 2026
ភ្នំពេញ៖ កម្មវិធី Cambodia Travel Match (CTM) 2026 Mini-Series នឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្ហាញសក្តានុពល និងបទពិសោធន៍ទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលគ្រោងនឹងរៀបចំឡើងចាប់ពីសប្តាហ៍នេះ តទៅ។ កម្មវិធីនេះ នឹងនាំភ្ញៀវទេសចរដែលត្រូវបានអញ្ជើញចំនួន ៤០ រូប មកពីប្រទេស ហ្វីលីពីន, នេប៉ាល់, និងមីយ៉ាន់ម៉ា ដើម្បីមកស្វែងយល់ដោយផ្ទាល់នូវបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងស្វែងរកឱកាសបង្កើតផលិតផល និងកញ្ចប់ទេសចរណ៍ថ្មីៗ។
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានត្រៀមរៀបចំកម្មវិធី Cambodia Travel Match (CTM) 2026 Mini-Series ជាបន្តទៀត ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយភ្ជាប់ពីខេត្ត សៀមរាប ទៅរាជធានីភ្នំពេញ និងតំបន់ឆ្នេរកំពត-កែប ទៅក្នុងដំណើរផ្សព្វផ្សាយ និងតភ្ជាប់ទីផ្សារទេសចរណ៍តែមួយ។
កម្មវិធីលើកនេះនឹងទទួលស្វាគមន៍ Hosted Buyers ចំនួន ៤០ រូប មកពីប្រទេសហ្វីលីពីន នេប៉ាល់ និងមីយ៉ាន់ម៉ា រួមមាន ថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍ អ្នកគ្រប់គ្រងជាន់ខ្ពស់ Tour Operators និងអ្នកជំនាញផ្នែកលក់ និងទីផ្សារ។ គោលដៅសំខាន់គឺបង្កើតការតភ្ជាប់ពាណិជ្ជកម្មដោយផ្ទាល់ និងប្រែក្លាយការផ្សព្វផ្សាយគោលដៅ ទៅជាឱកាសអាជីវកម្មជាក់ស្តែងសម្រាប់វិស័យទេសចរណ៍កម្ពុជា។
ចំណុចពិសេសនៃកម្មវិធីលើកនេះ គឺការដាក់បញ្ចូល «កំពត និងកែប» ជាគោលដៅឆ្នេរតែមួយ ប៉ុន្តែមានរសជាតិផលិតផលខុសគ្នា និងបំពេញគ្នាទៅវិញទៅមក។ ខេត្តកំពតផ្តល់នូវបទពិសោធន៍ទីក្រុងព្រែកកំពត បេតិកភណ្ឌ សហគមន៍ កសិទេសចរណ៍ ម្ហូបអាហារ និងធម្មជាតិ ខណៈខេត្ត កែប ផ្តល់នូវបរិយាកាសសមុទ្រស្ងប់ស្ងាត់ កោះ ឆ្នេរ អាហារសមុទ្រ និងបទពិសោធន៍សម្រាកលំហែ។ ការរួមបញ្ចូលគ្នានេះ ធ្វើឱ្យតំបន់កំពត-កែបក្លាយជាផលិតផលគោលដៅតែមួយដែលមានភាពចម្រុះ និងអាចបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវទេសចរ។
តាមរយៈ CTM 2026 នឹងបង្ហាញថា កម្ពុជាមិនមែនជាគោលដៅទេសចរណ៍ដែលមានតែបេតិកភណ្ឌមួយមុខនោះទេ ប៉ុន្តែ កម្ពុជាអាចផ្តល់បទពិសោធន៍ចម្រុះ ចាប់ពីអរិយធម៌ និងវប្បធម៌ ជីវិតទីក្រុង និងម្ហូបអាហារ រហូតដល់ធម្មជាតិ សហគមន៍ សមុទ្រ និងការសម្រាកលំហែ។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «សមាគមមិនចង់ឱ្យ CTM បញ្ចប់ត្រឹមការជួបគ្នានៅក្នុងបន្ទប់ប្រជុំនោះទេ។ តម្លៃពិតរបស់ CTM គឺការប្រែក្លាយការតភ្ជាប់ ទៅជា កិច្ចសហការ ការលក់ និងលំហូរភ្ញៀវទេសចរថ្មីមកកម្ពុជា។ កំពត និងកែប គឺជាឧទាហរណ៍ច្បាស់មួយដែលជាតំបន់គោលដៅតែមួយ ប៉ុន្តែផ្តល់បទពិសោធន៍ពីរដែលមានអត្តសញ្ញាណខុសគ្នា និងបំពេញគ្នា។ នេះជារបៀបដែលកម្ពុជាត្រូវអភិវឌ្ឍផលិតផល បង្កើនរយៈពេលស្នាក់នៅ និងនាំប្រទេសកម្ពុជាទៅកាន់ពិភពលោក»។
ជាមួយគ្នានេះ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បន្តអំពាវនាវដល់សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូពាក់ព័ន្ធ ចូលរួមប្រើប្រាស់វេទិកានេះ ដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ ពង្រីកបណ្តាញអាជីវកម្ម និងនាំផលិតផលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារថ្មីៗ៕អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣