ព័ត៌មាន
កម្ពុជានាំចេញទៅកាន់ប្រទេស RCEP មានទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែឆ្នាំ២០២៦
ភ្នំពេញ៖ កម្ពុជានាំចេញទំនិញទៅកាន់ប្រទេស RCEP (អាសិប) មានទឹកប្រាក់ ៦,៤១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៦ កើនឡើង ១១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ បណ្តាប្រទេស RCEP មានចំណែកទីផ្សារជាង ៣០ ភាគរយ នៃការនាំចេញសរុប។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជា បាននាំចេញទំនិញទៅកាន់បណ្តាប្រទេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានតម្លៃជាប្រាក់ជាង ៦ ៤១២លានដុល្លារអាមេរិក កើនឡើង ១០,៩៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ បណ្តាប្រទេស RCEP បានគ្រប់ដណ្តប់ចំណែកទីផ្សារ ៣០,៣៤ ភាគរយ នៃការនាំចេញសរុបដែលមានចំនួន ១៩,២៤ ពាន់លានដុល្លារអាមេរិក។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានប្រទេសសមាជិកសរុបចំនួន ១៥ ដែលរួមមានប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មធំៗចំនួន៥ រួមមាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់។
របាយការណ៍នេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រទេស RCEP គឺ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអាស៊ានក្នុងទំហំទឹកប្រាក់ចំនួនជាង ៣ ៥៣៩លានដុល្លារអាមេរិក ដែលស្មើនឹងជាងពាក់កណ្តាលនៃការនាំចេញទៅកាន់ទីផ្សារ RCEP ទាំងមូល។ ចំណែក ប្រទេសដៃគូពាណិជ្ជកម្មធំៗចំនួន៥ របស់កម្ពុជា គឺប្រទេសចិនបានបញ្ជាទិញទំនិញក្នុងទំហំទឹកប្រាក់ជាង ១ ១០៣ លានដុល្លារអាមេរិក បន្ទាប់មកប្រទេសជប៉ុន បានស្រូបយកទំនិញកម្ពុជាមានតម្លៃជាប្រាក់ ១ ០៨៤លានដុល្លារអាមេរិក និង អូស្រ្តាលី ចំនួនជាង ៤១២លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ចំនួនជាង ២៥៧ លានដុល្លារអាមេរិក, និងនូវែលសេឡង់ ចំនួនជាង ១៤លានដុល្លារអាមេរិក។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឱ្យដឹងថា ទោះបីកម្ពុជាបានចូលជាសមាជិក RCEP ទើបបាន៤ឆ្នាំក៏ដោយ ក៏ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ RCEP កំពុងមានកំណើន និងក្លាយជាច្រកសំខាន់មួយសម្រាប់ពង្រីក និងធ្វើពិពិធកម្មទីផ្សារនាំចេញ។ ជាពិសេស ទីផ្សារនេះបានផ្តល់ឱកាសកាន់តែច្រើនដល់ទំនិញសំខាន់ៗរបស់កម្ពុជា ដូចជា ផលិតផលកាត់ដេរ, គ្រឿងបង្គុំអគ្គិសនី, និងអេឡិចត្រូនិក, គ្រឿងសង្ហារឹម, និងផលិតផលកែច្នៃកសិកម្មជាច្រើនប្រភេទ អាចចូលទៅកាន់ទីផ្សារក្នុងតំបន់បានកាន់តែងាយស្រួល។
កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ RCEP កើនឡើងពី ៦,៣៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់ ៩,៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំនៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣