Connect with us

ព័ត៌មាន

អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារក្នុងស្រុក

ក្រុមអតីតពលករ និងយុវជនរស់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុង​ទទួល​បាន​ជម្រើស​ថ្មី​សម្រាប់​ការងារ​ក្នុងស្រុក ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយក​ឱកាស​ការ​ងារ​ចំនួន ៩៦០កន្លែង រួមទាំងព័ត៌មានសំខាន់ៗអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅជូនពួកគេ។

យ៉ាង​ហោចណាស់ មានប្រជាពលរដ្ឋជិត៦០០នាក់ បានស្វែងយល់ដឹង និងមាន​ឱកាស​ទទួល​បាន​ការ​ងារធ្វើ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោម​ប្រធាន​បទ ​“ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលបានរៀបចំធ្វើនៅខេត្តកោះកុង កាល​ពី​ថ្ងៃ​ទី​៤ ​ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង៩ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ក្រសួង​កំពុង​សម្រប​សម្រួល​នាំឱកាសការងារទាំងនេះទៅដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និង​ទទួលបានការងារកាន់តែងាយស្រួល ព្រមទាំងកាត់បន្ថយការចំណាយ និងពេល​វេលា​ក្នុង​ការ​ស្វែង​រក​ការងារ។

លោកបានបញ្ជាក់ថា ការងារក្នុងស្រុក អាចផ្តល់ស្ថិរភាពជីវភាព ការរស់នៅជួបជុំគ្រួសារ និង​ទទួល​បាន​ការការពារពី ប.ស.ស. លើហានិភ័យការងារ ការថែទាំសុខភាព និងសោធននិវត្តន៍។ ផ្ទុយ​ទៅវិញ ការធ្វើចំណាកស្រុកអាចប្រឈមនឹងបញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និង​ការ​រើសអើង។

ឯកឧត្តមលើកទឹកចិត្តប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុក ខណៈ​អ្នក​ដែល​មាន​បំណង​ទៅ​ធ្វើ​ការនៅក្រៅប្រទេស គួរជ្រើសរើសតាមរយៈក្រុមហ៊ុនមានអាជ្ញាបណ្ណស្របច្បាប់ ដើម្បី​ធានា​សុវត្ថិភាព  អត្ថប្រយោជន៍តាមច្បាប់ និងទទួលបានប្រាក់ឈ្នួលខ្ពស់។

ប្រជា​ពលរដ្ឋ ពិសេសយុវជនរស់នៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា បានពេញ​ចិត្ត​ចំពោះ​ការ​បង្កើត​ឱ្យ​មានវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ ដោយ​ពួក​គាត់កំពុងស្វែងរកការងារធ្វើ ដើម្បីស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវភាពផងដែរ។

គួរជម្រាបថា ក្រសួងការងារ នៅតែ​បន្តពង្រឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅមូលដ្ឋានខេត្តកោះកុង តាម​រយៈ​គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធី TVET ១,៥លាន។ កម្មវិធី​នេះ​អនុញ្ញាតឱ្យយុវជន និងប្រជាពលរដ្ឋសិក្សាជំនាញដោយឥតគិតថ្លៃ ដូចជា សំណង់ ជួស​ជុល​គ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងសាឡន ជាដើម។ ក្រសួងក៏បានដាក់ឱ្យដំណើរការការបណ្តុះបណ្តាលតាមរយៈរថយន្តចល័ត និងការ​វាយ​តម្លៃ​ទទួល​ស្គាល់​ជំ​នាញពីមុន (RPL) ដើម្បីជួយឱ្យប្រជាពលរដ្ឋ ទទួលបានជំនាញសមស្រប និងបង្កើន​ឱកាស​ការងារ៕ អត្ថបទ ឈឹម មករា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia