ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម. អញ្ជើញចុះពិនិត្យ និងវាយតម្លៃស្ថានភាពគ្រោះរាំងស្ងួត នៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានបន្តអញ្ជើញដឹកនាំក្រុមការងារ សហការជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃស្ថានភាពគ្រោះរាំងស្ងួតនៅឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ និងក្រុមការងារ បានចុះពិនិត្យជាក់ស្តែងស្ថានភាពដំណាំស្រូវដែលកំពុងរងផលប៉ះពាល់ដោយសារការខ្វះខាតទឹក ព្រមទាំងបានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្តាប់ពីកង្វល់របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់។
យោងតាមការរាយការណ៍របស់រដ្ឋបាលស្រុក ភូមិសាស្រ្តនេះទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនាពេលកន្លងមក ប៉ុន្តែតាមរយៈការអន្តរាគមន៍សង្គ្រោះ និងការស្តារឡើងវិញបានទទួលលទ្ធផលជោគជ័យ និងប្រជាកសិករអាចប្រមូលផលបាន ជាពិសេសនៅតាមតំបន់ភូមិសាស្ត្រដែលស្ថិតក្រោមការគ្របដណ្តប់ដោយប្រព័ន្ធធារាសាស្ត្រ។
ដោយឡែក តំបន់ដែលកំពុងរងផលប៉ះពាល់នៅពេលបច្ចុប្បន្ននេះ គឺជាតំបន់ដាំដុះថ្មី ដែលស្ថិតនៅក្រៅតំបន់គ្របដណ្តប់ដោយប្រព័ន្ធស្រោចស្រព ហើយការដាំដុះភាគច្រើនពឹងផ្អែកលើរបបទឹកភ្លៀងជាចម្បង។
តាមការវាយតម្លៃបឋម ផ្ទៃដីស្រូវប្រមាណជាច្រើនពាន់ហិកតា កំពុងប្រឈមនឹងការខូចខាត។ ក្នុងករណីមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ក្នុងអំឡុងខែកញ្ញានេះ ផ្ទៃដីស្រូវទាំងនេះអាចនឹងរងការខូចខាតធ្ងន់ធ្ងរ និងមិនអាចប្រមូលផលបាន។ ទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ក៏ការប្រមូលផលត្រូវបានរំពឹងថាអាចទទួលបានក្នុងកម្រិតមិនលើសពីប្រមាណ ៣០ភាគរយប៉ុណ្ណោះ។
ជាមួយគ្នានេះ បើតាម លោកអភិបាលស្រុក ក៏បានរាយការណ៍ផងដែរថា ប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ ដោយសារប្រភពទឹកធម្មជាតិ និងប្រភពទឹកដែលធ្លាប់ប្រើប្រាស់បានមួយចំនួនបានរីងស្ងួត។
ក្នុងន័យនេះ រដ្ឋបាលស្រុកបានស្នើសុំឱ្យមានការពិនិត្យលទ្ធភាពក្នុងការរៀបចំ និងសាងសង់អណ្តូងទឹកជ្រៅ សម្រាប់ធ្វើជាប្រភពផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតំបន់ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។
ក្នុងឱកាសនោះដែរ ឯកឧត្តម គីម វីរៈ បានណែនាំដល់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ឱ្យរៀបចំរបាយការណ៍លម្អិតអំពីចំនួនគ្រួសារ និងផ្ទៃដីកសិកម្មដែលរងផលប៉ះពាល់ ជាពិសេសគ្រួសារកសិករដែលមិនអាចប្រមូលផលបាន ព្រមទាំងកំណត់ឱ្យបានច្បាស់លាស់នូវទីតាំង និងចំនួនគ្រួសារដែលកំពុង និងអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។
សូមជម្រាបថា របាយការណ៍នេះនឹងត្រូវប្រមូលផ្តុំ និងដាក់ស្នើបន្តទៅកាន់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីស្វែងរកការគាំទ្រ និងអន្តរាគមន៍ទាន់ពេលវេលា ក្នុងគោលបំណងជួយសង្គ្រោះ និងកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ជាពិសេសការធានាសន្តិសុខទឹក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់៕








-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន6 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ