ព័ត៌មាន
NPIC ជំរុញទូរគមនាគមន៍ដោយផ្តល់ឱកាសឱ្យសិស្សអនុវត្តផ្ទាល់លើប្រព័ន្ធផ្កាយរណប និងរ៉ាដា
ភ្នំពេញ៖ មហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) កំពុងពង្រឹងការបណ្តុះបណ្តាលជំនាញទូរគមនាគមន៍ទំនើប ដោយរួមបញ្ចូលទាំងប្រព័ន្ធទំនាក់ទំនងផ្កាយរណប វិទ្យុ រ៉ាដា បណ្តាញទូរសព្ទចល័ត និងប្រព័ន្ធទំនាក់ទំនងអុបទិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល តាមរយៈការអនុវត្តផ្ទាល់ជាមួយឧបករណ៍បច្ចេកទេសកម្រិតខ្ពស់។
លោក រស់ វណ្ណៈ ប្រធានស្តីទីមហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍ នៃវិទ្យាស្ថាន NPIC បានមានប្រសាសន៍ឱ្យដឹងថា មហាវិទ្យាល័យមិនត្រឹមតែផ្តោតលើការបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបៗចុងក្រោយដូចជា៖ ដ្រូន (Drone) , បញ្ញាសិប្បនិម្មិត (AI), រ៉ូបូតធីក (Robotics) , យានយន្តអគ្គិសនី (EV), វិទ្យាសាស្ត្រ IoT និងប្រព័ន្ធស្វ័យប្រវត្តកម្ម (Automation) ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងសង្កត់ធ្ងន់ខ្លាំងលើជំនាញទូរគមនាគមន៍ផងដែរ។
លោកបានបញ្ជាក់ថា មហាវិទ្យាល័យមានបន្ទប់ពិសោធន៍សម្រាប់ជំនាញ អាចធ្វើការទំនាក់ទំនងដោយប្រើប្រាស់ Radio Communication តាមរយៈអង់តែនដែលមាននៅលើដំបូល ហើយអាចទាក់ទងទៅកាន់ប្រទេសប្រេស៊ីល ដែលជាប្រទេសឆ្ងាយមួយ។ មួយទៀត ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ Satellite តាមរយៈ Ground Station ដែលវិទ្យាស្ថានបានដំឡើងនៅលើដំបូល។ លោកបន្ថែមថា ការអនុវត្តនេះត្រូវបានធ្វើឡើងជាប្រចាំ ដោយនិស្សិតអាចទំនាក់ទំនងទៅកាន់ប្រទេសផ្សេងៗតាមរយៈផ្កាយរណប ហើយមានការអនុវត្តជារៀងរាល់ល្ងាចថ្ងៃសុក្រ។ សមត្ថភាពនេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការរៀនសូត្រដែលផ្តល់បទពិសោធន៍ជាក់ស្តែងដល់និស្សិត មុនពេលចូលទៅក្នុងទីផ្សារការងារ។
បើតាម លោក រស់ វណ្ណៈ គិតមកដល់បច្ចុប្បន្ន មហាវិទ្យាល័យបានបណ្តុះបណ្តាលនិស្សិតបានចំនួន ២០ជំនាន់ ហើយកំពុងត្រៀមចូលជំនាន់ទី២១ ដោយផ្តល់ការបណ្តុះបណ្តាលចាប់ពីកម្រិត Certificate រហូតដល់បរិញ្ញាបត្របច្ចេកវិទ្យា។ លោកបានចាត់ទុកជំនាញអេឡិចត្រូនិក និងទូរគមនាគមន៍ថា ជាជំនាញដែលមានសក្តានុពលខ្ពស់ ដោយសារតម្រូវការកម្លាំងពលកម្មនៅក្នុងវិស័យបច្ចេកវិទ្យាមានការកើនឡើង ខណៈចំនួនយុវជនដែលជ្រើសរើសសិក្សាជំនាញនេះនៅមានកម្រិត។
ដោយសង្កេតឃើញថា ចំនួនសិស្សានុសិស្សដែលបានស្គាល់ និងយល់ដឹងពីជំនាញអេឡិចត្រូនិក និងទូរគមនាគមន៍នេះនៅមានកម្រិតតិចតួចនៅឡើយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានធ្វើការអំពាវនាវ និងលើកទឹកចិត្តយុវជន ក៏ដូចជាសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ឱ្យមកចាប់អារម្មណ៍ និងងាកមកជ្រើសរើសសិក្សាជំនាញមួយនេះឱ្យបានកាន់តែច្រើន។ នេះជាឱកាសមាសសម្រាប់យុវជនក្នុងការចាប់យកជំនាញពិតប្រាកដមួយ ដែលមិនត្រឹមតែធានាឱកាសការងារខ្ពស់ និងប្រាក់បៀវត្សរ៍សមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សឆ្នើម ដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសជាតិផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣