Connect with us

ព័ត៌មាន

ប្រធាន UNESCO ប្រចាំកម្ពុជា៖ «អក្ខរកម្មគឺជាសិទ្ធិមូលដ្ឋាន និងជាគ្រឹះនៃការសិក្សាពេញមួយជីវិត ខណៈកម្ពុជាខិតខំប្រឹងប្រែងដំឡើងអត្រាអក្ខរកម្មមនុស្សពេញវ័យរហូតដល់ ៨៥.៥%»

រតនគិរី៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានចូលជាអធិបតីក្នុងពិធីខួបលើកទី ២៦ នៃទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន» នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក Flavio Bonetti ប្រធានអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តរតនគិរី អង្គការដៃគូ មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ និងតំណាងក្រសួង-ស្ថាប័ននានា តំណាងមន្ទីរអប់រំ រាជធានី-ខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ក្នុងឱកាសនោះ លោក Flavio Bonetti ប្រធានអង្គការ UNESCO ប្រចាំកម្ពុសា បានលើកឡើងថា ប្រធានបទទិវាអក្ខរកម្មជាតិឆ្នាំនេះ បានបង្ហាញយ៉ាងច្បាស់ថា អក្ខរកម្មគឺជាសិទ្ធិមូលដ្ឋាន និងជាគ្រឹះនៃការសិក្សាពេញមួយជីវិត និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានដំឡើងអត្រាអក្ខរកម្មមនុស្សពេញវ័យរហូតដល់ ៨៥.៥% និងបានបន្តជំរុញកម្មវិធីអប់រំពហុភាសាសម្រាប់បងប្អូនជនជាតិដើមភាគតិច កម្មវិធីអក្ខរកម្មតាមរោងចក្រ ព្រមទាំងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 4) និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨។

លោកបន្តថា ទិវាអក្ខរកម្មជាតិឆ្នាំនេះ ត្រូវបានប្រារព្ធឡើងដើម្បីគូសរំលេចអំពីសារៈសំខាន់នៃអក្ខរកម្ម ក្នុងការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្នដោយបានគូសបញ្ជាក់ថា អក្ខរកម្មក្នុងបរិបទបច្ចុប្បន្ន មិនត្រឹមតែផ្តោតលើការចេះអាន សរសេរ និងគណនាលេខប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូល អក្ខរកម្មឌីជីថល ការគិតវិភាគ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រចាំជីវិត ដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ និងយុវជនក្រៅសាលារៀន កម្មករ កម្មការិនី និងបងប្អូនជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់មានសមត្ថភាពពេញលេញក្នុងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។

លោកបានបន្ថែមលើនេះ ការលើកកម្ពស់អក្ខរកម្ម និងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គម និងការបន្តរក្សានូវសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យភាពជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅតាមតំបន់ព្រំដែន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន និងមណ្ឌលសុខភាព ដើម្បីធានាថាប្រជាពលរដ្ឋនៅគ្រប់ទិសទីទទួលបានឱកាសអប់រំ និងការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព។

ដើម្បីឱ្យប្រធានបទនេះ ក្លាយជាសកម្មភាពជាក់ស្តែង និងទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីយុទ្ធសាស្ត្រគន្លឹះចំនួន ៤ រួមមាន៖ (១) ពង្រឹងអក្ខរកម្មមានគុណភាព (២) លើកកម្ពស់អក្ខរកម្ម ប្រកបដោយបរិយាបន្ន (៣) អភិវឌ្ឍអក្ខរកម្មឌីជីថល និងការរៀនសូត្រពេញមួយជីវិត និង (៤) ពង្រឹងភាពជាដៃគូ និងការចូលរួមពីគ្រប់ភាគី។ យុទ្ធសាស្ត្រទាំងបួននេះ នឹងជួយធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានឱកាសរៀនសូត្រប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានអាននូវសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធី ដែលក្នុងនោះ សម្តេចធិបតី បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៦ ចំណុច៖

(ទី១). ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តចាំបាច់ ដើម្បីពង្រីកវិសាលភាពកម្មវិធីអក្ខរកម្ម និងឌីជីថល។

(ទី២). បង្កើតកម្មវិធីអប់រំ និងការសិក្សាពេញមួយជីវិត ពិសេសសម្រាប់ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះ។

(ទី៣). អាជ្ញាធរដែនដីត្រូវសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលសិក្សាសហគមន៍ និងទីតាំងរៀនសូត្រសមស្រប។

(ទី៤). ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ត្រូវបន្តបើកថ្នាក់អក្ខរកម្ម និងបណ្តុះបណ្តាលមុខជំនាញដល់កម្មករនិយោជិត។

(ទី៥). ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវបង្កើនការផ្សព្វផ្សាយពីតម្លៃនៃអក្ខរកម្ម។

(ទី៦). ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីកៀរគរធនធាន និងលើកកម្ពស់គុណភាពអប់រំ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia