Connect with us

ព័ត៌មាន

កម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ ២០២៦-២០៣១

កម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និងយុទ្ធសាស្ត្រ ស្ប៉ិចស៍ ២០៣០ របស់អង្គការសុខភាពពិភពលោក ដើម្បីពន្លឿនការសម្រេចគោលដៅសុខភាពភ្នែកសម្រាប់ប្រជាជនគ្រប់រូប។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោង អភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និងយុទ្ធសាស្ត្រ WHO SPECS 2030 នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខភាពភ្នែក បង្កើនការទទួលបានសេវាសុខភាពភ្នែក ប្រកបដោយគុណភាព និងគាំទ្រដល់ការសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកល។ ពិធីនេះស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា​ រដ្ឋមន្រី្តក្រសួងសុខាភិបាល និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី​ Amy​ Louise Cawthorne ទីប្រឹក្សាជាន់ខ្ពស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត សមាគមវិជ្ជាជីវៈ អង្គការសង្គមស៊ីវិល អង្គការជនពិការ និងដៃគូ អភិវឌ្ឍន៍ជាច្រើនទៀត សរុបប្រមាណ ២០០រូប។

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក បានឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការគាំទ្រពីដៃគូអភិវឌ្ឍន៍វិស័យសុខភាពភ្នែកកម្ពុជាបានពង្រីកសេវា អភិវឌ្ឍធនធានមនុស្ស កែលម្អហេដ្ឋារចនាសម្ព័ន្ធ បង្កើនគុណភាព សេវា និងកាត់បន្ថយអត្រាភាពពិការភ្នែកបានគួរឱ្យកត់សម្គាល់ មកនៅត្រឹម ០,៣៧% ក្នុងឆ្នាំ២០១៩។ បច្ចុប្បន្នកម្ពុជា មានវេជ្ជបណ្ឌិតឯកទេសភ្នែកជាង ២០០រូប និងបុគ្គលិកជំនាញចក្ខុមាត្រការី និងចក្ខុគិលានុបដ្ឋាកជាង ៧០០រូប ដែលកំពុងបម្រើសេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ កម្មវិធីសុខភាពភ្នែកក្នុង សាលារៀនបានផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស និងគ្រូបង្រៀនរាប់សែននាក់ ខណៈហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខភាពភ្នែកត្រូវបានពង្រីកទៅដល់ខេត្តភាគច្រើននៅទូទាំងប្រទេស។

ចំណែកលោក រ៉ស ផាយភ័រ (Ross Piper) អគ្គនាយកប្រតិបតិ្តមូលនិធិហ្វ្រេដហូឡូ បានលើកឡើងថាគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ មានថវិកាសរុបប្រមាណ ៥,៦លានដុល្លារអាមេរិក រំពឹងថានឹងទទួលបានថវិកាគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអង្គការអូស្ត្រាលី (ANCP) និងមូលនិធិហ្វេដហូឡូ។ គម្រោងនេះផ្តោតលើការពង្រឹងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់គុណភាពសេវា ការពង្រឹងប្រព័ន្ធទិន្នន័យ នវានុវត្តន៍ និងការបង្កើន លទ្ធភាពទទួលបានសេវាសុខភាពភ្នែកប្រកបដោយសមធម៌។

នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និងយុទ្ធសាស្ត្រ ស្ប៉ិចស៍ ២០៣០ របស់អង្គការសុខភាពពិភពលោក ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងប្រព័ន្ធសុខភាពភ្នែក និងការបង្កើនការទទួលបាននូវសេវាគុណភាព និងការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាធានាថា “គ្មាននរណាម្នាក់ត្រូវបានទុកចោល” ក្នុងការទទួលបានសេវាថែទាំសុខភាពភ្នែក និងដើម្បីកសាងប្រព័ន្ធសុខភាពភ្នែកកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងនិរន្តរភាព។ ក្នុងនាមក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលអូស្ត្រាលី ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មូលនិធិ Fred Hollows អង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងសំខាន់ និងបន្តបន្ទាប់ដល់ការអភិវឌ្ឍវិស័យសុខភាពភ្នែកនៅកម្ពុជា៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia