ព័ត៌មាន
អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់របស់ SDC ថា «ជំនាញ TVET មិនអាចខ្វះបាននៅក្នុងការរស់នៅប្រចាំថ្ងៃ»
នៅក្នុងកិច្ចពិភាក្សានៃកម្មវិធី “កញ្ចក់ទិព្វ” លោក លោក រស់ វ៉ា អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ថ្នាក់ជាតិ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) បានលើកឡើងនូវគុណតម្លៃនៃវិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលមិនអាចខ្វះបាននៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយសង្កត់ធ្ងន់ថា “បើគ្មាន ធីវ៉េត ជីវិតនឹងមិនមានន័យ”។
តាមរយៈកិច្ចពិភាក្សាកម្មវិធី “កញ្ចក់ទិព្វ” ក្រោមប្រធានបទ “ធីវ៉េត ជាស្ពានចម្លងយុវជនឆាប់ចូលទីផ្សារការងារ” កាលពីល្ងាចថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៦កន្លងទៅ លោក រស់ វ៉ា បានពាំនាំនូវការណែនាំ និងមេរៀនជោគជ័យពីប្រទេសស្វីស ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ឈានមុខ និងមានសេដ្ឋកិច្ចរឹងមាំបំផុតមួយលើពិភពលោក។
តាមរយៈទស្សនៈស៊ីជម្រៅរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ លោកបានគូសបញ្ជាក់ថា នៅប្រទេសស្វីស វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មិនមែនជាជម្រើសទី២ សម្រាប់អ្នករៀនខ្សោយ ឬអ្នកទ័លច្រកឡើយ ផ្ទុយទៅវិញ TVET គឺជាជម្រើសលំដាប់ទី១ របស់សិស្សានុសិស្សក្នុងការចាប់យកជំនាញ និងការសិក្សា ព្រោះប្រព័ន្ធអប់រំនៅទីនោះ ផ្តល់តម្លៃខ្ពស់លើការអនុវត្តជាក់ស្តែង ធ្វើឱ្យយុវជនឆាប់ចូលទីផ្សារការងារ និងទទួលបានប្រាក់ចំណូលខ្ពស់។
ពាក់ព័ន្ធការលើកឡើងខាងលើអំពីផ្នត់គំនិតជោគជ័យរបស់ប្រទេសស្វីស ត្រូវបាន ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ជំរុញ និងលើកទឹកចិត្តយ៉ាងខ្លាំងឱ្យយុវជនកម្ពុជា ជាពិសេសសិស្សដែលទើបបញ្ចប់ការប្រឡងថ្នាក់ទី១២ ទាំងអ្នកប្រឡងជាប់ និងធ្លាក់បាក់ឌុប គួរងាកមកផ្លាស់ប្តូរការគិត និងត្រូវចេះស្គាល់ខ្លួនឯង មុននឹងសម្រេចចិត្តបន្តការសិក្សាលើមុខជំនាញណាមួយ ពោលចៀសវាងការរៀនតាមគ្នា និងមិនឆ្លើយតបតម្រូវការទីផ្សារការងារ។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា នឹងធ្វើទំនើបកម្មយ៉ាងលឿន ដោយងាកទៅប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ និងរ៉ូបូតយ៉ាងច្រើន។ ដូច្នេះ ទីផ្សារការងារកំពុងរង់ចាំស្វាគមន៍វិស្វករ និងអ្នកបច្ចេកទេសរាប់ម៉ឺននាក់ ជាពិសេសយុវជនដែលមានមូលដ្ឋានគ្រឹះរូបវិទ្យា គួរតែចាប់យកជំនាញ «មេកាត្រូនិក» ក្នុងវិស័យអេឡិចត្រូនិក និងអគ្គិសនី ដែលជាជំនាញមានតម្រូវការខ្ពស់ និងចំណូលខ្ពស់បំផុត។
កម្មវិធី “កញ្ចក់ទិព្វ” ក្រោមប្រធានបទ “ធីវ៉េត ជាស្ពានចម្លងយុវជនឆាប់ចូលទីផ្សារការងារ” របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរំពឹងទុកថា នឹងអាចផ្លាស់ប្តូរផ្នត់គំនិតដែលថា “ទាល់តែរៀនចប់សកលវិទ្យាល័យ ទើបមានអនាគត” ។ កម្មវិធីថ្មីនេះ ចង់ផ្ញើសារទៅកាន់មាតាបិតា អាណាព្យាបាល និងយុវជនគ្រប់រូបទាំងអស់ថា ការចាប់ផ្តើមជាមួយវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មិនមែនជាជម្រើសចុងក្រោយនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រគន្លឹះមុនគេ។ ខណៈវិស័យ TVET គឺជាឱកាសមាសសម្រាប់យុវជនដែលចង់ក្តោបក្តាប់ជំនាញច្បាស់លាស់ក្នុងរយៈពេលខ្លី ស្របតាមបច្ចេកវិទ្យាទំនើប៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣