ព័ត៌មាន
សម្ដេចធិបតី៖ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១នេះ មិនត្រឹមតែនិយាយអំពីសមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពជាច្រើនទៀត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ថា អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។

ក្នុងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៦ បានថ្លែងបញ្ជាក់ថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺជាការបង្ហាញនូវសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ បើទោះបីជាប្រទេសកម្ពុជាយើងកំពុងប្រឈមនឹងវិបត្តិនៃសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសជិតខាង ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល បញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថល ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយ៉ាងណាក្តី។
សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្មប្រកបដោយការទទួលខុសត្រូវ ភាពម្ចាស់ការ និងចក្ខុវិស័យ វែងឆ្ងាយ ដោយផ្តោតលើការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម ការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការការពារឧត្តមប្រយោជន៍ជាតិ ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងបម្រើ ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ក្នុងការពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែ ស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ ឆ្ពោះទៅរកការកសាងអនាគតដ៏រុងរឿងមួយ ស្របតាមឆន្ទៈនិងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតីថ្លែងថា នៅក្នុងឆ្នាំ២០២៦នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» ដែលជាប្រធានបទដ៏សំខាន់មួយ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅបង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។
សម្ដេចធិបតីបញ្ជាក់ថា៖«អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន»។
សូមបញ្ជាក់ថា ប្រធានបទទិវាអក្ខរកម្មជាតិឆ្នាំធ្វើឡើងក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» បានបង្ហាញយ៉ាងច្បាស់ថា អក្ខរកម្មគឺជាសិទ្ធិមូលដ្ឋាន និងជាគ្រឹះនៃការសិក្សាពេញមួយជីវិត ខណៈរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដំឡើងអត្រាអក្ខរកម្មមនុស្សពេញវ័យរហូតដល់ ៨៥.៥% និងបានបន្តជំរុញកម្មវិធីអប់រំពហុភាសាសម្រាប់បងប្អូនជនជាតិដើមភាគតិចកម្មវិធីអក្ខរកម្មតាមរោងចក្រ ព្រមទាំងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 4) និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣