ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) សហការជាមួយអង្គភាពឬស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការបោសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាជាង ៦០០ ទីតាំងនៅទូទាំងប្រទេស ក្នុងនោះចំពោះវិស័យល្បែងពាណិជ្ជកម្ម, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅក្នុងការតាមដានទីតាំងកាស៊ីណូដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានគូសបញ្ជាក់ថា «គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦, កាស៊ីណូដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៨ កាស៊ីណូ ត្រូវបានកំណត់មុខសញ្ញា និងដកហូតអាជ្ញាបណ្ណ ចំណែកឯ ៩ កាស៊ីណូផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងស្ថិតក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកនិងប្រមូលភស្តុតាងដាក់បន្ទុកឱ្យពេញលេញ មុននឹងឈានដល់ការសម្រេចដកហូតអាជ្ញាបណ្ណ»។ កាស៊ីណូដែលត្រូវបានដកហូតអាជ្ញា-បណ្ណចំនួន ១៨ នោះ រួមមាន (១) ខេអឹមអេច ផារាដាយ ថៅវឺ កាស៊ីណូ និងសណ្ឋាគារ, (២) កាស៊ីណូ អ៊ីហ្គល ឃីង, (៣) អរឆីដ អូតែល និងរិច កាស៊ីណូ, (៤) សៀងហៃ រីហ្សត, (៥) ហ្គោលដិនហ្កាឡាក់ស៊ី កាស៊ីណូ, (៦) កាស៊ីណូ ឡឺ ហ្សឹង, (៧) កាស៊ីណូ ហ្គោលដេន ហ្វ័រឈូន រីហ្សត វើលដ៍, (៨) កាស៊ីណូ ខ្ញុំ, (៩) ជីន ប៉ី គ្រុប, (១០) ជីន ប៉ី, (១១) កាស៊ីណូ ហ្សុងហ័រវ៉ី ហ្គោលឌិន សេន អ៊ីនធើនេស៊ិនណល អេនធើធេនម៉ិន, (១២) ជី.ស៊ី កាស៊ីណូ, (១៣) ដា ជីន កាង កាស៊ីណូ & ហូថេល, (១៤) ហ្គាន់ ដាវ, (១៥) កាស៊ីណូ យីង ហ័ង, (១៦) កាស៊ីណូ ជីន ប៉ី បួន, (១៧) កាស៊ីណូ ស៊ីន ហៅភីក, និង (១៨) កាស៊ីណូ ជីន យូ មេន តាំង។
គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលត្រូវបានដកហូត និង ព្យួរអាជ្ញាបណ្ណទាំងអស់, លេខាធិ-ការដ្ឋាន នៃ គ.ប.ឆ.ប. បន្តសហការយ៉ាងពេញទំហឹងជាមួយ គ.ល.ក., មន្ត្រីនគរបាលយុត្តិធម៌, ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត, សាលាដំបូងខេត្ត, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត លើចំណាត់ការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បន្ថែមពីនេះ លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បន្ដបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការនានា និងសំណូមពរសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេសស្ថាប័នអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងករណីទទួលបានព័ត៌មានសង្ស័យពាក់ព័ន្ធនឹងទីតាំងណាមួយ ជាពិសេសទីតាំងកាស៊ីណូ ដែលបានលបលួចប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. នឹងសហការជាមួយ គ.ល.ក. និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកនិងប្រមូលភស្តុតាងឱ្យបានពេញលេញ ឈានដល់ការចុះបង្ក្រាប និងដក-ហូតអាជ្ញាបណ្ណកាស៊ីណូ ព្រមទាំងចាត់វិធានការលើការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិ របស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាធរមាន។



-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ