ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មានរំលឹកអ្នកសារព័ត៌មានឱ្យពង្រឹងក្រមសីលធម៌ និងការប្រតិបត្តិតាមលិខិតបទដ្ឋានគតិយុត្ត ដើម្បីការពារសិទ្ធិជនងាយរងគ្រោះ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យខិតខំស្រាវជ្រាវបន្ថែមអំពីច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន។
ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីមន្ត្រីជំនាញក្រសួង និងតំណាងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមមាន Plan International, Save the Children, World Vision, UNICEF និង CARE ប្រចាំនៅកម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងចំណេះដឹងផ្នែកច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាសារវន្តដើម្បីធានាថា ការផលិត និងផ្សព្វផ្សាយព័ត៌មានមិនបំពានសិទ្ធិអ្នកដទៃ ជាពិសេសកុមារ ស្ត្រី ចាស់ជរា និងជនមានពិការភាព ព្រមទាំងចូលរួមលើកកម្ពស់តម្លៃសារព័ត៌មានឱ្យកាន់តែមានទំនុកចិត្តពីសាធារណជន។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់បន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន គេមិនគួរយកលេសថា ខ្លួនមិនដឹងអំពីច្បាប់ មិនបានដឹងពីក្រមសីលធម៌ ឬខ្វះការយល់ដឹងពីវិជ្ជាជីវៈ ដើម្បីគេចវេសពីការទទួលខុសត្រូវបានឡើយ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ «ការប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សីលធម៌សង្គម និងនិយាមនៃការផ្សាយព័ត៌មាន គឺជាកាតព្វកិច្ចចម្បង ដើម្បីធានាថារាល់ការផ្សព្វផ្សាយមិនរំលោភលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមជនងាយរងគ្រោះ ជាពិសេសចៀសវាងដាច់ខាតនូវការធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះបន្ថែម ឬជនរងគ្រោះទ្វេដង ដោយសារតែការរាយការណ៍ ឬមាតិការបស់ខ្លួន។
សូមបញ្ជាក់ជូនថា ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃក្រមសីលធម៌សារព័ត៌មាន សម្រាប់ឱ្យសមាគម និងអ្នកសារព័ត៌មានយកទៅអនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងគុណភាព និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ និងការពារពីការប្រឈមមុខចំពោះមុខច្បាប់ធ្ងន់ធ្ងរ។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នៅចុងខែកញ្ញាខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ តាមគម្រោង សិក្ខាសាលានេះនឹងមានអ្នកចូលរួមពីតំណាងអន្តរក្រសួង អង្គការដៃគូ តំណាងក្រុមជនងាយរងគ្រោះ អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីស្តាប់សំឡេង និងប្រមូលធាតុចូល ដើម្បីគាំទ្រដល់គោលដៅរួម និងឆ្លើយតបទៅនឹងតម្រូវការសង្គម សំដៅលើកកម្ពស់ការការពារសិទ្ធិជនងាយរងគ្រោះ ព្រមទាំងបង្កើនគុណតម្លៃ និងទំនុកចិត្តលើវិស័យសារព័ត៌មាននៅកម្ពុជា។
ឯកឧត្តមបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ក្រោយពេលដែលក្រសួងព័ត៌មាននឹងប្រកាសដាក់ឱ្យប្រើប្រាស់ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិជនងាយរងគ្រោះ» អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធទាំងអស់ នឹងខិតខំស្វែងយល់ឱ្យបានស៊ីជម្រៅ និងយកទៅអនុវត្តដោយការទទួលខុសត្រូវ បន្ថែមលើលិខិតបទដ្ឋានជាធរមានស្រាប់ ដើម្បីចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់សារព័ត៌មាន ការផ្សាយព័ត៌មាន និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ នេះ អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានប្រមាណជាង ១ ៦០០ អង្គភាពទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី កំពុងអនុវត្តការងាររបស់ខ្លួននៅទូទាំងប្រទេស៕




-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ