ព័ត៌មាន
និស្សិត ធីវ៉េត នៅ NPIC អំពាវនាវយុវជនឱ្យចាប់យកជំនាញអេឡិចត្រូនិក ខណៈដែលកំពុងមានតម្រូវការទីផ្សារខ្ពស់
វិស័យអប់រំបណ្តុះបណ្តាលបច្ចេក និងវិជ្ជាជីវៈ (TVET) កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់បំប៉នជំនាញបច្ចេកវិទ្យាទំនើបៗដល់យុវជននៅកម្ពុជា។ ក្នុងនោះជំនាញអេឡិចត្រូនិក និងទូរគមនាគមន៍ កំពុងក្លាយជាជំនាញមានតម្រូវការទីផ្សារខ្ពស់ខ្លាំង ទាំងក្នុងវិស័យរដ្ឋ និងឯកជន ស្របពេលដែលប្រទេសជាតិកំពុងធ្វើដំណើរឆ្ពោះទៅរកបដិវត្តឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថល។
និស្សិតឆ្នាំទី៣ សំ ឬទ្ធី ជំនាញទូរគមនាគមន៍ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ដំបូងឡើយជំនាញនេះមិនមែនជាចំណង់ចំណូលចិត្តទេ ប៉ុន្តែលោកបានសម្រេចចិត្តសិក្សា បន្ទាប់ពីមើលឃើញតម្រូវការខ្ពស់របស់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងក្រុមហ៊ុនផ្សេងៗលើអ្នកជំនាញទូរគមនាគមន៍។ ក្រោយសិក្សាបានមួយទៅពីរឆ្នាំ លោកក៏ចាប់ផ្តើមចូលចិត្តជំនាញនេះ។ លោកឱ្យដឹងទៀតថា ក្រោយបញ្ចប់ការសិក្សា លោកមានគោលដៅពីរ គឺបន្តថ្នាក់អនុបណ្ឌិត ឬចូលធ្វើការនៅក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងទូរគមនាគមន៍។ លោក ក៏ចង់ចូលរួមក្នុងការអភិវឌ្ឍវិស័យផ្កាយរណប ប្រសិនបើប្រទេសត្រូវការធនធានមនុស្សជំនាញ។
ស្រដៀងគ្នានេះ កញ្ញា ជាតិ ជិញ និស្សិតឆ្នាំទី៣ ជំនាញទូរគមនាគមន៍ និងកញ្ញា ផល្លា សោមា និស្សិតឆ្នាំទី៤ ជំនាញអេឡិចត្រូនិក នៅវិទ្យាស្ថានដូចគ្នានេះ បានឱ្យដឹងដែរថា មុនចូលរៀនក៏ធ្លាប់យល់ថា ជំនាញទាំងនេះពាក់ព័ន្ធតែការជួសជុលម៉ាញ៉េ ទូរទស្សន៍ ឬទូរស័ព្ទប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែង ការសិក្សាជំនាញនេះគ្របដណ្តប់លើប្រព័ន្ធបញ្ជា ការសរសេរកូដ AI, Computer Vision និង IoT ដែលអាចប្រើប្រាស់ក្នុងផ្ទះ យានយន្ត និងសហគ្រាស។ ការអភិវឌ្ឍបច្ចេកវិទ្យាទៅកាន់ Industry 4.0 បានធ្វើឲ្យតម្រូវការវិស្វករអេឡិចត្រូនិកនៅរោងចក្រ និងសហគ្រាសកើនឡើង ដោយសារមើលឃើញថា វាជាឱកាសការងារដែលអាចអនុវត្តបាននៅក្នុងវិស័យជាច្រើន។
លោក រស់ វណ្ណៈ ប្រធានស្តីទីមហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ជំនាញទាំងនេះ កំពុងមានតម្រូវការកាន់តែខ្ពស់នៅក្នុងទីផ្សារការងារកម្ពុជា ខណៈចំនួនសិស្សដែលជ្រើសរើសជំនាញនេះនៅមានកម្រិតទាប ដែលបង្កើតឱកាសការងារសម្រាប់យុវជនដែលចាប់យកជំនាញបច្ចេកវិទ្យានេះ។
លោក បានបញ្ជាក់ថា និស្សិតដែលបញ្ចប់ជំនាញអេឡិចត្រូនិក អាចធ្វើការនៅក្រុមហ៊ុនតម្លើងគ្រឿងអេឡិចត្រូនិក រោងចក្រផលិតអាហារ និងភេសជ្ជៈ រោងចក្រផលិតយានយន្ត ព្រមទាំងអាចជួសជុល និងថែទាំយានយន្តអគ្គិសនី។ ដោយឡែក ជំនាញទូរគមនាគមន៍ និស្សិតអាចចូលធ្វើការនៅក្រុមហ៊ុនផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិត ក្រុមហ៊ុនឧបករណ៍ទូរគមនាគមន៍ និងវិស័យសេវាកម្មផ្សេងៗ។
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) គឺជាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសឈានមុខគេមួយនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់លើការបំពាក់ឧបករណ៍ពិសោធន៍ទំនើបៗ និងដៃគូសហការយ៉ាងទូលំទូលាយជាមួយក្រុមហ៊ុនអន្តរជាតិ។ សម្រាប់យុវជនដែលមានបំណងចង់ចាប់យកជំនាញអេឡិចត្រូនិក និងទូរគមនាគមន៍ ឬជំនាញបច្ចេកវិទ្យាទំនើបៗផ្សេងទៀត អាចរួសរាន់មកចុះឈ្មោះចូលរៀននៅ NPIC ដើម្បីទទួលបានការបណ្តុះបណ្តាលពីគ្រូដែលមានបទពិសោធន៍ខ្ពស់ ព្រមទាំងឱកាសចុះអនុវត្តផ្ទាល់នៅក្នុងបន្ទប់ពិសោធន៍ស្តង់ដារ។ វិទ្យាស្ថាននេះ មានទីតាំងស្ថិតនៅផ្លូវទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣