Connect with us

ព័ត៌មាន

អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ

សមាគមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករត់រ៉ឺម៉កកង់បី លើកឡើងថា គម្រោងរបស់រាជរដ្ឋាភិបាល ក្នុងការបំប្លែងរ៉ម៉កកង់បី ដើរដោយថាមពលឥន្ធនៈ និងឧស្ម័នហ្គាស ទៅប្រើប្រាស់ថាមពលអគ្គិសនី គឺជាវិធានការដោះស្រាយវិបត្តិឥន្ធនៈរយៈពេលវែង និងជាការកាត់បន្ថយភាពក្រីក្រ។

លោក វន ពៅ ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានប្រាប់ BTV នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា យន្ដការរបស់រាជរដ្ឋាភិបាល ដែលគ្រោងឧបត្ថម្ភធន លើការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ទៅជាការប្រើប្រាស់ថាមពលអគ្គិសនី គឺជាជម្រើសដ៏ល្អ ក្នុងពេលពិភពលោកកំពុងជួបប្រទះវិបត្តិថាមពល និងឧស្ម័នហ្គាស។ ហើយវិធានការនេះ ក្រៅពីដោះស្រាយវិបត្តិថាមពលសកល ដែលបន្តឡើងថ្លៃ ក៏ជាការឆ្លើយតបចំពោះវិបត្តិអាកាសធាតុ និងខ្យល់ពុលផងដែរ។

លោក វន ពៅ ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖«ខ្ញុំមើលឃើញថា វាជាយន្ដការថ្មី ដែលរដ្ឋធ្វើទៅតាមគោលនយោបាយ អភិវឌ្ឍន៍កម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨។ ហើយស្របទៅនឹងការឆ្លើយបរិបទឡើងថ្លៃប្រេងឥន្ធនៈ ក៏ដូចជាឧស្ម័នហ្គាស។ ហើយឆ្លើយតបទៅនិងការប្រែប្រួលអាកាសធាតុ សម្អាតទីក្រុង កុំឱ្យមានខ្យល់ពុល។ ហើយការឧបត្ថម្ភធននេះ ខ្ញុំយល់ឃើញថា បើសិនជារដ្ឋឧបត្ថម្ភធន ឱ្យចំទៅនឹងតម្រូវការ ឧទាហរណ៍ រដ្ឋចង់ឱ្យប្រើរ៉ឺម៉កអគ្គិសនី តើរដ្ឋមានអ្វីប៉ះប៉ូវ នូវការខូចខាតនៅពេលដែលគាត់ដូរពីរ៉ឺម៉ក ដែលប្រើហ្គាស ប្រើសាំង មកប្រើអគ្គិសនីវិញ។ ហើយបើរដ្ឋប៉ះប៉ូវឱ្យសមស្របទៅនឹងតម្រូវការរបស់ពួកគាត់ ខ្ញុំយល់ថា ជាវិធានការល្អ ពួកគាត់អាចទទួលបាន។ ហើយមួយវិញទៀត រ៉ឺម៉កចាស់ៗ ដែលពួកគាត់លក់ចេញ រដ្ឋមានយន្ដន្ដការជួយដំណោះស្រាយបន្ថែមទៀតយ៉ាងណា នោះនឹងកាន់តែឆ្លើយតបចំតម្រូវការរបស់ពួកគាត់»។

លោក ស៊ុម វ៉ុន អ្នករត់កង់បី មានស្រុកកំណើត នៅស្រុកសំរោង ខេត្តតាកែវ ប្រាប់ BTV ថា លោកប្រកបរបរត់ រ៉ឺម៉កកង់បី ជាង ១០ឆ្នាំហើយ តាំងពីរ៉ឺម៉កខ្មែរ ចាក់សាំង បន្ទាប់មកក៏ប្ដូរមក រត់រ៉ឺម៉កកង់បី ចាក់ហ្គាសវិញនៅឆ្នាំ២០១៩។ លោកប្រាប់ថា ការប្ដូរមកប្រើរ៉ឺម៉ក ដើរដោយថាមពល ឧស្ម័នហ្គាស ព្រោះឃើញថា ឧស្ម័នហ្គាស កាលនោះតម្លៃទាបជាងសាំង។ ប៉ុន្ដែបច្ចុប្បន្ននេះហ្គាសបន្តឡើងថ្លៃ មួយលីត្រ ២,៤០០រៀល ហើយលោកត្រូវចាក់ម្ដងជាង ៦លីត្រ ដែលថ្ងៃខ្លះគ្រប់គ្រាន់សម្រាប់មួយថ្ងៃ និងថ្ងៃខ្លះទៀត ត្រូវចំណាយជាង ១០លីត្រ ខណៈចំណូលអាចរកបានចន្លោះពី ៥០,០០០ ទៅ ១០០,០០០រៀល។ លោកយល់ ថា ការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើថាមពលប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ទៅប្រើថាមពលអគ្គិសនី នឹងជួយសន្សំថវិកាបានច្រើន ខណៈតម្លៃអគ្គិសនី រដ្ឋធានាបានស្ថិរភាពតម្លៃ និងការផ្គត់ផ្គង់។

ចំណែកលោក សាវឿន ពលរដ្ឋមកពីខេត្តព្រៃវែង បច្ចុប្បន្នប្រកបរប រត់រ៉ឺម៉កកង់បី នៅភ្នំពេញមួយរូបទៀត បានប្រាប់ថា បច្ចុប្បន្ននេះអ្នករត់រ៉ឺម៉កកង់បីបារម្ភពីការឡើងថ្លៃ ឧស្ម័នហ្គាស ពីព្រោះជម្លោះប្រដាប់អាវុធអន្ដរជាតិនៅតែមិនទាន់បញ្ចប់។ លោកមើលឃើញថា គម្រោងរបស់រាជរដ្ឋាភិបាល ក្នុងការឧបត្ថម្ភធន បំប្លែងរ៉ឺម៉កកង់បី ពីការប្រើថាមពលប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ទៅប្រើថាមពលអគ្គិសនី គឺជាវិធានការដោះស្រាយវិបត្តិថាមពលក្នុងរយៈពេលវែង ហើយក៏ជួយកាត់បន្ថយភាពក្រីក្រផងដែរ។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងសិក្សារៀបចំយន្ដការ និងគ្រោងដាក់ឱ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភធន និងផ្ដល់ឥណទានសម្បទានសម្រាប់ការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ទៅជាការប្រើអគ្គិសនី។ ហើយកម្មវិធីនេះ នឹងចាប់ផ្ដើមអនុវត្តសាកល្បង លើរ៉ឺម៉កកង់បី ប្រមាណ ៦០,០០០គ្រឿង ក្នុងរាជធានីភ្នំពេញ មុននឹងពង្រីកទៅតាមបណ្ដាខេត្ត។

សូមជម្រាបជូនថា យោងតាមទិន្នន័យពីសមាគម និងក្រសួង កាលពីឆ្នាំ២០២០ នៅកម្ពុជា មានរ៉ឺម៉កកង់បី ដែលរួមមាន រ៉ឺម៉កកង់បី បែបប្រពៃណី ម៉ូតូកង់បីបែបទំនើប និងកង់បីឥណ្ឌា សរុបនៅទូទាំងប្រទេសមានជាង ១០០,០០០គ្រឿង ហើយនៅរាជធានីភ្នំពេញមានជាង ៥០,០០០គ្រឿង៕អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia