ព័ត៌មាន
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ «ហ្វឹកហ្វឺនជាស្នូល! កងវិស្វកម្មត្រូវបង្កើនសមត្ថភាពឆ្លើយតបនឹងសង្គ្រាមសម័យទំនើប»
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការបញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មចំនួន៥វគ្គ ឆ្នាំ២០២៦-២០២៧ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ-ធិបតី។
ក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរចំពោះកិច្ចខិតខំ និងការសហការរបស់ថ្នាក់ដឹកនាំកងវិស្វកម្ម និងស្ថាប័នពាក់ព័ន្ធ ដែលបានធ្វើឱ្យការហ្វឹកហ្វឺនប្រព្រឹត្តទៅតាមផែនការ និងរួមចំណែកដល់បុព្វហេតុការពារជាតិ។ ឯកឧត្តម ក៏បានលើកសរសើរពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សមត្ថភាព និងការគោរពប្រតិបត្តិតាមបទបញ្ជារបស់កងវិស្វកម្ម ក្នុងការចូលរួមបោះបង្គោលព្រំដែន និងកសាងបណ្តាញផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីរួមចំណែកកសាងព្រំដែនឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ឯកឧត្តម បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធតាមខ្សែក្រវ៉ាត់ព្រំដែនមានសារៈសំខាន់ជាយុទ្ធសាស្ត្រផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងយោធា ព្រមទាំងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនកាន់តែច្រើន និងរួមចំណែកពង្រឹងខឿនការពារជាតិរបស់ប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់លើការបន្តកំណែទម្រង់វិស័យការពារជាតិ ជាពិសេសការងារហ្វឹកហ្វឺន ដែលជាស្នូលនៃការកសាងកងទ័ពរឹងមាំ។ កិច្ចការអាទិភាព៣ រួមមាន៖ ទី១ ទំនើបកម្មរចនាសម្ព័ន្ធ, ទី២ ទំនើបកម្មគ្រឿងបំពាក់ និងទី៣ ទំនើបកម្មការងារហ្វឹកហ្វឺន ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃយុទ្ធវិធី និងបច្ចេកវិទ្យាសង្គ្រាមសម័យទំនើប។
ឯកឧត្តម បានណែនាំឱ្យបន្តលើកកម្ពស់គុណភាពហ្វឹកហ្វឺន អភិវឌ្ឍសាលា និងទីលានហ្វឹកហាត់ ពង្រឹងសមត្ថភាពយោធាចារ្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធី ឯកសារហ្វឹកហ្វឺន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ ឱ្យយកចំណេះដឹង និងបទពិសោធន៍ទៅអនុវត្តក្នុងអង្គភាព បន្តសិក្សាស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។ ចំពោះសិក្ខាកាមដែលចូលរៀនវគ្គថ្មី ត្រូវខិតខំតស៊ូ ពុះពារការលំបាក ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ពីយោធាចារ្យ ដើម្បីសម្រេចបានជោគជ័យក្នុងការហ្វឹកហ្វឺន៕









-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ