ព័ត៌មាន
មន្ទីរពេទ្យព្រះអង្គឌួង និងមូលនិធិហ្វ្រេដហូឡូ ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសុខភាពភ្នែក
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល និងមូលនិធិហ្វ្រេដហូឡូ បង្ហាញឆន្ទៈខ្ពស់ ប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងសុខភាពភ្នែក ដើម្បីឧត្តមប្រយោជន៍ប្រជាជនកម្ពុជា។
នាព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានអនុញ្ញាតឱ្យលោក រ៉ស ផាយភ័រ (Ross Piper) អគ្គនាយកប្រតិបត្តិ នៃមូលនិធិហ្វ្រេដហូឡូ (The Fred Hollows Foundation) និងគណៈប្រតិភូអមដំណើរ ពីប្រទេស អេត្យូពី (Ethiopia)និងតំណាងនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត អនុវត្តគម្រោងសុខភាពភ្នែកដោយផ្ទាល់កន្លងមក។
ឯកឧត្តមសាស្រ្តាចារ្យ រង បានលើកឡើងថា តាមរយៈកិច្ចសហការភាពជាដៃគូនេះ មន្ទីរពេទ្យ អាចផ្តល់សេវាសុខភាពភ្នែក ដល់ប្រជាជនមានជីវភាពខ្វះខាត ជនងាយរងគ្រោះ ជនមានពិការភាព អ្នកពុំមានលទ្ធភាពបង់ថ្លៃបកបាយភ្នែក និងព្យាបាលជំងឺ ភ្នែកផ្សេងៗបានកាន់តែច្រើន។ យើងកំពុងអនុវត្ត (១)-គម្រោងសុខភាពភ្នែក ដែលគាំទ្រថវិកាដោយ Bloomberg Philanthropies ផ្តោតលើ ការពិនិត្យស្រាវជ្រាវជំងឺភ្នែក បកបាយភ្នែក ព្យាបាលជំងឺផ្នែកផ្សេងៗ ជាពិសេស ផ្តល់វ៉ែនតា ឥតគិតថ្លៃ ដល់អ្នកមានបញ្ហាកំហុសកំណុំរូបភាព និង(២)-គម្រោងអភិបាលកិច្ចសុខភាពភ្នែកដែលគាំទ្រថវិកាដោយ រដ្ឋាភិបាលអូស្ត្រាលី (Australian Government Aid) ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលមន្រ្តីសុខភាពភ្នែក កម្មវិធីអាហារូបករណ៍ និងការចុះអភិបាលកិច្ចគាំទ្រសុខភាពភ្នែកនៅតាមខេត្តសម្ព័ន្ធមេត្រីផងដែរ។
ជាការឆ្លើយតប លោក Ross Piper អគ្គនាយកប្រតិបត្តិ នៃមូលនិធិហ្វ្រេដហូឡូ និងជាប្រធានដឹកនាំគណៈប្រតិភូ បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រ ដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលឳ្យតម្លៃ លើកកម្ពស់ភាពជាដៃគូ ជាមួយមូលនិធិហ្វ្រេដហូឡូ អនុវត្តគម្រោងដោយភាពហ្មត់ចត់ ជាក់លាក់ ផ្តល់សេវាពិតប្រាកដ បែបសមធម៌ បរិយាបន្ន និងប្រកបដោយគុណភាពខ្ពស់នាពេលកន្លងមក។ លោក Ross បានបន្ថែមថា យើងមកថ្ងៃនេះ ជាសក្ខីភាព នៃការទទួលស្គាល់លទ្ធផល និងសមិទ្ធិផលការងារ ដែលមន្ទីរពេទ្យបានអនុវត្តគម្រោង និងអនុញ្ញាតអោយយើង រួមទាំងប្រតិភូ មកពីប្រទេស អេត្យូពី(Ethiopia) បានរៀនសូត្របន្ថែម ពីដំណើរការទទួលជំងឺភ្នែក ការពិនិត្យ រោគវិនិច្ឆ័យ ការផ្តល់សេវាព្យាបាល និងការកត់ត្រាទិន្នន័យផងដែរ។
ជាចុងក្រោយ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ប្រកបដោយឆន្ទៈខ្ពស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែង អោយតម្លៃលើការវិនិយោគផ្នែកសុខភាពភ្នែក និងធ្វើការរួមគ្នា ដើម្បីផ្តល់សេវាសុខភាពភ្នែក ដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយ ផ្តោតលើគុណភាព បរិយាប័ន សមធម៌ និងនិរន្តរភាព៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣