ព័ត៌មាន
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង៣ម៉ឺនករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង ២៦តោន
គិតចាប់ពីឆ្នាំ២០២៣ មកដល់ឆមាសទី១ ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសសរុប ៣៤.១៤៩ ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨៧.៣៧២នាក់ ដកហូត និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង ២៦តោន។
របាយការណ៍បានចាត់ទុកលទ្ធផលប្រតិបត្តិការនេះ ថាជាស្នាដៃកម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់ក្រសួងដល់ឃុំ សង្កាត់ ដែលបានខិតខំស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបប្រកបដោយស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់ ព្រោះប្រតិបត្តិការនេះទាមទារនូវការប្រយុទ្ធប្រឆាំងជាមួយពួកឧក្រិដ្ឋជនកាចសាហាវ និងមានអាវុធ អាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។
គួរកត់សម្គាល់ថា ដើម្បីពង្រឹងប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន កម្មវិធីទូរសព្ទដៃ NoDrug ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីផ្ដល់លទ្ធភាពឱ្យពលរដ្ឋចូលរួមរាយការណ៍ពីបទល្មើសគ្រឿងញៀន។ ជាលទ្ធផល ត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ មានប្រជាពលរដ្ឋសរុប ៩៨.៥៤០នាក់ បានដំឡើង និងទាញយកកម្មវិធីទូរសព្ទដៃ «NoDrug» មកប្រើប្រាស់ និងបានរាយការណ៍ និងផ្ដល់តម្រុយព័ត៌មានចំនួន ៨.៦៩៨ ករណី។
គូសបញ្ជាក់ថា ចាប់តាំងពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេច ក្នុងនោះបានអនុវត្តកាតព្វកិច្ចពិនិត្យរកសារធាតុញៀនលើមន្ត្រីទាំង ៣ប្រភេទ ក្នុងនោះ មន្ត្រីមានសារធាតុញៀន ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ។
ទន្ទឹមគ្នានោះដែរ ចំពោះមន្ត្រីអនុវត្តការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលខ្វះការទទួលខុសត្រូវ ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិ ឬផ្លាស់ប្ដូរមុខតំណែង ខណៈមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក៏ត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញ ព្រមទាំងប្រឈមមុខនឹងនីតិវិធីតាមផ្លូវច្បាប់។ វិធានការនេះ បានទទួលការសាទរទាំងពីក្នុងចំណោមមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទន្ទឹមគ្នានឹងការសាទរពីមហាជន៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣