Connect with us

ព័ត៌មាន

អនុប្រធានទី១ CDC អញ្ជើញជាសក្ខីភាពក្នុងពិធីចុះ MoU មានទឹកប្រាក់ជិត ១ ពាន់លានដុល្លារគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ជិត ១ ពាន់លានដុល្លារអាមេរិក រវាងធនាគារ China Exim Bank និងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមានទឹកប្រាក់ជិត ១ ពាន់ លានដុល្លារអាមេរិក រវាងធនាគារ China Exim Bank និងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company) សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ ពិធីដ៏មានសារ សំខាន់ និងជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅក្នុងព្រឹត្តិការណ៍សហប្រតិបត្តិការវិនិយោគអន្តរជាតិ ក្រោមប្រធានបទ «ប្រាជ្ញាសកល, ការពង្រឹងកម្លាំងរួមគ្នាលើការវិនិយោគអន្តរជាតិ និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ» ដោយមានវត្តមានចូលរួមពីតំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងថ្នាក់ ដឹកនាំធុរកិច្ចអន្តរជាតិជាច្រើនរូប។

តាមរយៈវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ធនាគារ China Exim Bank, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) និង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងស្មោះ ស្ម័គ្រ និងជិតស្និទ្ធរហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងមួយនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវអនុវត្តឡើង ក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer – BOT) គឺជាតួអង្គផ្លាស់ប្តូរមុខមាត់កម្ពុជា ដែលមិនត្រឹមតែភ្ជាប់ បណ្តាញផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្ម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតរបៀងសេដ្ឋកិច្ចថ្មី និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។ តាមរយៈគម្រោងនេះ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍នឹងរីកចម្រើនយ៉ាងខ្លាំងក្លា តាមបណ្តោយ ផ្លូវទឹកនេះនាទសវត្សរ៍ខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវសុភាសិតចិនមួយឃ្លាថា កាលណាប្រជាជនមានចិត្តគំនិតតែមួយ សូម្បីតែភ្នំ តៃសានក៏អាចរំកិលបានដែរ ក្នុងន័យនេះ, ឯកឧត្តមមានបំណងបង្ហាញពីតថភាពកម្លាំងថាមពលនៃកិច្ចសហប្រតិបត្តិការ និងការរួបរួម គ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវគោលដៅធំៗប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវ នាវទៅកាន់ថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិទាំងអស់ ឱ្យអញ្ជើញមកកាន់កម្ពុជា សម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា និងរីកចម្រើនជាមួយ កម្ពុជា ខណៈដែលកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការស្វាគមន៍ សម្របសម្រួល និងធ្វើការរួមគ្នាដើម្បីជោគជ័យប្រកប ដោយចីរភាព និងប្រែក្លាយការភ្ជាប់ទំនាក់ទំនងឱ្យទៅជាកាលានុវត្តភាព និងផ្លាស់ប្តូរការវិនិយោគឱ្យទៅជាការលូតលាស់រួមគ្នាយ៉ាង ពិតប្រាកដ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia