ព័ត៌មាន
ក្រសួងបរិស្ថាន បានប្រគល់ធុងសំរាម ចំនួន ២៣២៨ធុងបន្ថែម សម្រាប់ចែកជូនសាលារៀនទាំង ៧៧៦ នៅទូទាំងខេត្តកណ្តាល
ខេត្តកណ្តាល៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រគល់ធុងសំរាម ចំនួន ២៣២៨ធុងបន្ថែម សម្រាប់ចែកជូនសាលារៀនទាំង ៧៧៦ នៅទូទាំងខេត្តកណ្តាល ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរបរិស្ថាន និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល លោកគ្រូ-អ្នកគ្រូ និងសិក្សានុសិស្សជាច្រើនរូបផងដែរ។
ឯកឧត្តម គ្រុយ ម៉ាឡែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់ផ្តល់ធុងសំរាមជូនរដ្ឋបាលខេត្តកណ្ដាល ដើម្បីរួមចំណែកជំរុញការគ្រប់គ្រងសំរាមនៅតាមសាលារៀន និងក្នុងសហគមន៍។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការបែងចែកនេះ គឺទៅតាមចំនួនសាលាក្នុងក្រុង-ស្រុកនីមួយៗ ដោយសាលានីមួយៗទទួលបានធុងសំរាម ចំនួន ៣ធុង។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកណ្ដាលបាននិងកំពុងជំរុញការអប់រំ ផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋ សំដៅឱ្យមានការចូលរួមកាន់តែសកម្មក្នុងការថែរក្សាអនាម័យ បរិស្ថាន និងធនធានធម្មជាតិ។
ដោយកន្លងមក ខេត្តកណ្ដាលបានអនុវត្តយុទ្ធនាការបរិស្ថានជាច្រើន ដូចជា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលអនុវត្តបាន ៨,៩៩៦លើក មានអ្នកចូលរួម ៣,២៨៧,៦៣៧នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បាន ៧,៧៦៦លើក មានអ្នកចូលរួម ២,៨៩៥,០៧៤នាក់ ព្រមទាំងយុទ្ធនាការសម្អាតផ្លូវជាតិ ផ្លូវថ្នល់ និងទីសាធារណៈជាបន្តបន្ទាប់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម សាបូ អូហ្សាណូ បានលើកឡើងថា ការគ្រប់គ្រងសំរាម សំណល់រឹង និងការទប់ស្កាត់ការបំពុលបរិស្ថាន គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន បានកំណត់ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋជាទិសដៅអាទិភាព ដើម្បីផ្លាស់ប្តូរឥរិយាបថ និងទម្លាប់រស់នៅ ឆ្ពោះទៅរក «ការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹតកាបូន» តាមការគ្រោងទុក ក្រសួងបរិស្ថាននឹងផ្តល់ធុងសំរាមដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការទុកដាក់ និងញែកសំរាមតាមប្រភេទ ព្រមទាំងជំរុញឱ្យសហគមន៍ចូលរួមក្នុងការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា សម្រាប់ខេត្តកណ្ដាល ធុងសំរាមចំនួន ២,៣២៨ធុង ដែលបានប្រគល់នៅថ្ងៃនេះ នឹងត្រូវរៀបចំដាក់នៅតាមទីតាំងសមស្របក្នុងបរិវេណសាលារៀន ដើម្បីបង្កើនប្រសិទ្ធភាពនៃការទុកដាក់ និងប្រមូលសំរាម ព្រមទាំងបណ្តុះស្មារតីសិស្សានុសិស្ស និងសហគមន៍ឱ្យចេះថែរក្សាបរិស្ថានចាប់ពីសាលារៀន។ ឯកឧត្តម សាបូ អូហ្សាណូ ក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមគ្រប់គ្រង ថែទាំ និងប្រើប្រាស់ធុងសំរាមទាំងនេះឱ្យបានត្រឹមត្រូវ និងយូរអង្វែង ដើម្បីបម្រើប្រយោជន៍ដល់បរិស្ថាន សង្គម និងសុខភាពសាធារណៈ។










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣