ព័ត៌មាន
អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២
អន្តរគណៈកម្មការរដ្ឋសភាដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា (គណៈកម្មការទី៥) ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណ:កម្មការទី៦) ដឹកនាំដោយឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណ:កម្មការ រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានជួបប្រជុំជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ រួមមាន៖
១. សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា (គណៈកម្មការទី៦)
២. សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)
ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះ គឺដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ទាំងពីរឱ្យមានលក្ខណៈស៊ីជម្រៅ និងស្របតាមទម្រង់ច្បាប់ដោយផ្តោតលើការពិនិត្យខ្លឹមសារ និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នីមួយៗ ដើម្បីធានាឱ្យមានភាពគ្រប់ជ្រុងជ្រោយស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានសារៈសំខាន់សម្រាប់សមាហរណកម្មពេញលេញនៃអាស៊ាន ដោយការបញ្ចូលទីម័រឡេស្ទេជារដ្ឋសមាជិកពេញសិទ្ធិនៃអាស៊ាន ក្នុងការលើកកម្ពស់ឯកភាព មជ្ឈភាពអាស៊ាន ការរួមបញ្ជូលគ្នា និងសាមគ្គីភាពដែលប្រកបដោយសន្តិភាព សន្តិសុខ ស្ថេរភាពយូរអង្វែង និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ចំណែកការផ្ដល់សច្ចាប័នលើសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា CICA វិញ នឹងរួមចំណែកជាពិសេសដល់យន្តការស៊ីកា ដែលកំពុងរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីប្រែក្លាយទៅជាអង្គការអន្តរជាតិតំបន់មួយ។ សម្រាប់កម្ពុជា ការអនុម័តនេះគឺជាការចូលរួមកាន់តែសកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខស្មើមាត់ ជាពិសេសលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន-ស៊ីកា និងរវាងអាស៊ានជាមួយតំបន់អាស៊ីកណ្ដាល ឆ្លុះបញ្ចាំងអំពីគោលនយោបាយការបរទេសដ៏សកម្មរបស់កម្ពុជាប្រកបដោយស្ថាបនា សំដៅរួមចំណែកដល់ការលើកស្ទួយពហុភាគីនិយម។
បន្ទាប់ពីតំណាងរាជរដ្ឋាភិបាលបានពន្យល់ បកស្រាយ និងឆ្លើយបំភ្លឺចំពោះសំណួរមួយចំនួនរបស់អន្តរគណៈកម្មការជំនាញ ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ដែលបានរៀបចំនូវសេចក្តីព្រាងច្បាប់ទាំងនេះឡើង ដែលបានតម្កល់ផលប្រយោជន៍ជាតិជាធំ។
កិច្ចប្រជុំបានឯកភាពលើខ្លឹមសារ និងទម្រង់នៃសេចក្តីព្រាងច្បាប់ ដោយគណៈកម្មការជំនាញនឹងបន្តធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់ទាំងពីរនេះ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣