ព័ត៌មាន
ក្រសួងការងារ អំពាវនាវយុវជនចូលរួមពិព័រណ៍ជាតិការងារ ចាប់ឱកាស និងតម្រង់ទិសអាជីពឱ្យត្រូវជំនាញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន ក៏ដូចជាសិស្សានុសិស្ស ឱ្យចូលរួមពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ និង១៣ ខែកញ្ញាខាងមុខនេះ ដើម្បីចាប់យកឱកាសមាសក្នុងការស្វែងរកការងារ និងតម្រង់ទិសអាជីពរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមជំនាញ និងសមត្ថភាពពិតប្រាកដ។

នៅក្នុងសន្និសីទសារព័ត៍មានស្តីពី “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” កាលពីកន្លងទៅ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ពិព័រណ៍ជាតិឆ្នាំនេះ មិនត្រឹមតែជាកន្លែងផ្តល់ការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាតភ្ជាប់ដ៏មានប្រសិទ្ធភាព។ ដូច្នេះ យុវជន និងអ្នកស្វែងរកការងារ គួរត្រៀមប្រវត្តិរូបសង្ខេប (CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដោយសារព្រឹត្តិការណ៍នេះបាននាំឱកាសការងារជាង ៣ម៉ឺន ៥ពាន់កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ ដើម្បីដាក់តាំងបង្ហាញ។
លោក ស៊ុន មេសា បានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍នេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាស្តីពី ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។
លោក ខែម រ៉ាទី សមាជិកគណៈកម្មាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ បានលើកឡើងថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ គឺជាកន្លែងសម្រាប់ស្វែងរកការងាររបស់យុវជន និងប្រជាជន ហើយក៏ជាកន្លែងផ្សារភ្ជាប់រវាងយុវជននិងនិយោជកផងដែរ។ ពិព័រណ៍នេះទៀតសោត ក៏ជាឱកាសសម្រាប់យុវជន ផ្សារភ្ជាប់ខ្លួនជាមួយក្រុមហ៊ុន ស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្តាល ដែលអាចឱ្យពួកគេស្វែងរកការងារដែលត្រូវជំនាញ និងសមត្ថភាព ហើយក៏ជាឱកាសផ្សារភ្ជាប់ជំនាញនិងទីផ្សារការងារ។
សូមបញ្ជាក់ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦នេះ នឹងរៀបចំឡើងក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។ ព្រឹត្តិការណ៍នេះ គឺជាស្ពានចម្លងដ៏សំខាន់សម្រាប់យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារ និងជាពិសេសសិស្សជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ក្នុងការស្វែងរកឱកាសការងារត្រូវនឹងជំនាញ។ លើសពីនេះទៀត ក៏ជាឱកាសតភ្ជាប់យុវជន សិស្ស និស្សិត និងកម្លាំងពលកម្ម រួមទាំងពលករត្រឡប់ពីក្រៅប្រទេស ឱ្យជួបជាមួយនិយោជកផ្ទាល់ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣