ព័ត៌មាន
អ្នកនាំពាក្យ៖ ក្រសួងការងារស្តាប់កង្វល់បងប្អូនកម្មករ និងគ្រប់ភាគីដោយយកចិត្តទុកដាក់ ប៉ុន្តែការចរចាត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យ ដើម្បីធានាប្រាក់ឈ្នួលសមរម្យ និងនិរន្តភាពនៃអាជីវកម្ម
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់ស្តាប់កង្វល់ និងសំណើរបស់បងប្អូនកម្មករនិយោជិត សហជីព និងគ្រប់ភាគី ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដោយបញ្ជាក់ថា ការចរចាត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ការកំណត់ប្រាក់ឈ្នួលត្រូវមានមូលដ្ឋានទិន្នន័យច្បាស់លាស់ ដោយគិតគូរទាំងតម្រូវការរបស់កម្មករ ស្ថានភាពសេដ្ឋកិច្ច និងលទ្ធភាពអនុវត្តជាក់ស្តែង។
លោកបានលើកឡើងថា៖ «ក្រសួងយល់ពីកង្វល់របស់បងប្អូនកម្មករ។ រាល់សំណើរបស់បងប្អូន សហជីព និងគ្រប់ភាគី សុទ្ធតែគួរទទួលបានការស្តាប់ និងការពិនិត្យដោយយកចិត្តទុកដាក់ ព្រោះគោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺជួយឱ្យបងប្អូនកម្មករមានជីវភាពប្រសើរឡើង មានការងារស្ថិតស្ថេរ និងជំរុញការពង្រីករោងចក្រ សហគ្រាស ដើម្បីបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ»។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការចរចាត្រូវប្រព្រឹត្តទៅតាមច្បាប់ ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាល។ ការពិនិត្យកត្តាសង្គម និងសេដ្ឋកិច្ចរួមគ្នា នឹងជួយឱ្យការសម្រេចចិត្តមានមូលដ្ឋានច្បាស់លាស់ សំដៅធានាប្រាក់ឈ្នួលសមរម្យ ទន្ទឹមនឹងការរក្សាស្ថិរភាពការងារ និងការរីកចម្រើនរបស់សហគ្រាសប្រកបដោយចីរភាព។
លោក ស៊ុន មេសា បានបន្ថែមថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាប្រចាំឆ្នាំ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជីវភាពកម្មករ និងស្ថានភាពវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។ ដំណើរការនេះផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធលើកឡើងពីកង្វល់ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងពិនិត្យសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ទន្ទឹមនឹងការគិតគូរអំពីប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បន្តគាំទ្រដល់កម្មករ និងគ្រួសារ តាមរយៈការគាំពារសង្គមរបស់ ប.ស.ស. ការបណ្តុះបណ្តាលជំនាញ និងវិធានការសម្រាលបន្ទុកចំណាយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣