Connect with us

ព័ត៌មាន

ក្រសួងដាក់ផែនការអាទិភាពបី អភិវឌ្ឍទេសចរណ៍ធម្មជាតិ ខណៈ​អេកូទេសចរណ៍​ជាប់លេខ​១​ ក្នុង​តំបន់

ក្រោយពី U.S News & World Report បានចេញរបាយការណ៍ថា កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេស​ដែល​មាន​វិស័យ​ទេសចរណ៍​ធម្មជាតិ​ (Eco-Tourism) ល្អបំផុតមក នៅពេលនេះ ក្រសួងទេសចរណ៍ បានបង្ហាញ​ផែន​ការ​អាទិភាព​ចំនួន​បី ត្រូវអនុវត្តដើម្បីរៀបចំអេកូទសចរណ៍ឲ្យមានលក្ខណៈប្រសើរ និងបង្កើន​ភាព​ទាក់​ទា​ញ​ទេសចរទៅទស្សនាមានភាពកក់ក្តៅ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់BTV នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា នេះថា នៅទូទាំងប្រទេស មានសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ សហគមន៍​ការពារធម្មជាតិ សហគមន៍នេសាទ និងសហគមន៍អភិរក្សផ្សេងទៀត សរុបប្រ​មាណ​ជាង​២៣០០កន្លែង ក្នុងនោះ មានសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ចំនួន​ ១៣១​កន្លែង និងមានសហគមន៍ចំនួន៥២កន្លែង ត្រូវបានក្រសួងទេសចរណ៍ ទទួល​ស្គាល់​ជា​សហគមន៍​អេកូ​ទេសចរណ៍។

ឯកឧត្តម បានបន្តថា នៅក្នុងផែនការជាអាទិភាពធំៗចំនួន៣ ត្រូវអនុវត្តសម្រាប់រៀបចំអភិវឌ្ឍអេកូទសចរណ៍ រួមមានៈ ទី១. រៀបចំប្រកាសទទួលស្គាល់សហគមន៍នានាទៀត ជាសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដែលមានការគ្រប់គ្រងច្បាស់លាស់ និងមានការផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗ ទី២. រៀបចំការបណ្តុះបណ្តាល បំផុសគំនិតច្នៃប្រឌិត កែលំអរនៅក្នុងសហគមន៍ តាមបែបធម្មជាតិ និង ទី៣. បណ្តុះបណ្តាលជំនាញសហក្រិនភាព និងភាពជាអ្នកដឹកនាំ នៅក្នុងសហគមន៍ទាំងនោះ។

សម្រាប់កិច្ចខំប្រឹងអភិវឌ្ឍ អភិរក្ស កាពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន របស់រាជរដ្ឋាភិបាល រហូតធ្វើឲ្យបរិស្ថានធម្មជាតិ និងអេកូទេសចរណ៍របស់កម្ពុជាជាប់ចំណាត់ថ្នាក់ល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកនោះ គឺមានការផ្សព្វផ្សាយច្រើនទៅក្រៅប្រទេស ហើយបានទាក់ទាញទេសចរអន្តរជាតិជាច្រើនហូរហែធ្វើដំណើរមកទស្សនាកម្សាន្តនៅកម្ពុជា ដើម្បីទទួលយកពិសោធន៍រស់នៅក្នុងបរិស្ថានធម្មជាតិដ៏ល្អឯកនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានគណៈកម្មាធិការជាតិគ្រប់គ្រងទេសចរណ៍ និងអេកូទេសចរណ៍រួចហើយ ដែលមានរដ្ឋមន្ត្រីទេសចរណ៍ជាប្រធាន និងរដ្ឋមន្ត្រីតាមក្រសួងពាក់ព័ន្ធជាអនុប្រធាន ដើម្បីរួមសហការជំរុញការអភិវឌ្ឍ អេកូទេសចរណ៍ ដែលជាផ្នែកមួយ នៃទេសចរណ៍ធម្មជាតិ និងរៀបចំចងក្រងទៅជាសហគមន៍ទេសចរណ៍ ឬសហគមន៍អេកូទេសចរណ៍ ដោយមានការផ្តល់សេវាកម្មទេសចរណ៍ ដូចជា សេវាម្ហូបអាហារ បោះតង់ ផ្ទះស្នាក់ ជិះទូត និងសេវាកម្មដើរផ្សងព្រេងនៅតាមតំបន់ព្រៃឈើ ជ្រោះជ្រង ជ្រលង ដងភ្នំ ជាដើម និងមានការទទួលខុសត្រូវច្បាស់លាស់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia