Connect with us

ព័ត៌មាន

ប្រាសាទព្រះវិហាររបស់ខ្មែរ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមឈ្លានពានរបស់ថៃ

ព្រះវិហារ៖ មន្រ្តីជំនាញនៃអាជ្ញាធរព្រះវិហារ បានរកឃើញស្លាកស្នាម​ប្រេះបែកលើជញ្ចាំងដែលបានបំផ្លេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រាសាទព្រះវិហារជាង ៥០០ទីតាំង និងបានប្រមូលទុកបំណែកថ្មប្រាសាទជាង៧ម៉ឺនដុំ ដើម្បីរក្សាទុកសម្រាប់ស្តារនិងជួសជុលឡើងវិញ។ ចំណែក មន្រ្តីជំនាញអង្គភាព ស៊ីម៉ាក់ បានរកឃើញគ្រាប់ផ្លោងធន់ធ្ងនប្រមាណ ១ពាន់គ្រាប់នៅលើប្រាសាទទាំងមូល ដែលភាគច្រើនគឺជាគ្រាប់បែកចង្កោមដែលជាអាវុធត្រូវបានពិភពលោកហាមឃាត់។

លោក អ៊ា ដារិទ្ធ ប្រធានផ្នែកអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរព្រះវិហារ បានឱ្យដឹងថា ការវាយប្រហារដោយប្រដាប់អាវុធរបស់ថៃមកលើកម្ពុជាចំនួនពីរលើកកន្លងមក បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រាសាទព្រះវិហារទាំងមូលចំនួន ៥៦២ទីតាំង និងបានប្រមូលបំណែកថ្មប្រាសាទចំនួនជាង ៧ម៉ឺនដុំ រក្សាទុកដើម្បីអភិរក្ស ហើយការប្រមូលបំណែកថ្មនេះ នឹងមានចំនួនកើនឡើងថែមទៀត ព្រោះការប្រមូលដំណាក់កាលទី២កំពុងដំណើរការ។ លោកបញ្ជាក់ថា តាមអ្នកជំនាញការអន្តរជាតិ នៃអង្គការ យូនីស្កូ(UNESCO) និងអាយកូម៉ូស(ICOMOS) បានវាយតម្លៃថា ប្រាសាទព្រះវិហារដែលបេតិកភណ្ឌពិភពលោករងការខូចខាតធ្ងន់ធ្ងរបំផុត ដោយត្រូវតែមានវិធានការអន្តរាគមន៍បន្ទាន់។

ចំណែក លោកឧត្តមសេនីយ៍ត្រី អ៊ាន សុធា ប្រធានកងឯកភាព កំចាត់មីនទី៦ នៃអង្គភាព CMAC បានឱ្យដឹងថា បច្ចុប្បន្ននៅលើប្រាសាទព្រះវិហារគឺមានសុវត្ថិភាពសម្រាប់ក្រុមអភិរក្សហើយ ព្រោះអង្គភាព ស៊ីម៉ាក បានបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរួចរាល់អស់ហើយ។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា អង្គភាពស៊ីម៉ាក បានរកឃើញ និងបោសសម្អាតគ្រាប់ផ្លោងរបស់ថៃប្រមាណ១ពាន់គ្រាប់នៅលើប្រាសាទព្រះវិហារ ដែលចន្លោះពី ៦០ ទៅ ៧០% ជាគ្រាប់បែកចង្កោម។ ក្រៅពីនេះ អង្គភាពស៊ីម៉ាក បានរកឃើញដ្រូនទម្លាក់គ្រាប់របស់ថៃចំនួន ៤ និងគ្រាប់ទម្លាក់ពីលើយន្តហោះចំនួន ២គ្រាប់ ផងដែរ។

សូបបញ្ជាក់ថា ស្ថានភាពខូចខាងធ្ងន់ធ្ងរប្រាសាទព្រះវិហារនាពេលនេះ គឺកម្ពុជាត្រូវការជំនួយថវិកាជាបន្ទាន់ ដើម្បីធ្វើការស្តារ និងជួសជុលអភិរក្សប្រាសាទឡើងវិញ។ បច្ចុប្បន្ន អាជ្ញាធរព្រះវិហារ បានទទួលបានជំនួយពីប្រទេសចំនួន៣ គឺ សហរដ្ឋអាមេរិក ឥណ្ឌា និងចិន ដើម្បីធ្វើការជួសជុល និងអភិរក្សប្រាសាទព្រះវិហារ ប៉ុន្តែគម្រោងជំនួយពីចិន និងឥណ្ឌា ត្រូវបានផ្អាកដំណើរការភ្លាមៗ បន្ទាប់ពីការឈ្លានពានរបស់ថៃ៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia