ព័ត៌មាន
វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកធំៗចំនួនពីរ ២សប្តាហ៍ជាប់គ្នាមកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា គឺ Vattanac Legends Championship និង Vattanac Tour Championship ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះមានប្រាក់រង្វាន់សរុបរួមគ្នារហូតដល់ ១.៤៥ លានដុល្លារអាមេរិក។
ពិធីសន្និសីទសារព័ត៌មានត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាទេសចរណ៍កម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប, លោក Mark Aspland នាយកប្រតិបត្តិការ (COO) នៃស្ថាប័ន Legends Tour ព្រមទាំង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ក្រុមហ៊ុនដៃគូ និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

សូមជម្រាបជូនថា ការប្រកួតទាំងពីរសប្តាហ៍ត្រូវបានបែងចែកជាពីរដំណាក់កាលធំៗ៖
សប្តាហ៍ទី១ (២៣–២៩ វិច្ឆិកា ២០២៦) – Vattanac Legends Championship៖ ការប្រកួតប្រជែងរវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០ រូប ដើម្បីដណ្តើមប្រាក់រង្វាន់សរុប ៦៥០,០០០ ដុល្លារអាមេរិក។ កីឡាករល្បីៗដែលរំពឹងថានឹងចូលរួមរួមមាន ម្ចាស់ជើងឯក Major Champion កីឡាករ Michael Campbell, អតីតកីឡាករលេខ ១ ពិភពលោក Lee Westwood, David Drysdale (ម្ចាស់ជើងឯកឆ្នាំ២០២៥) និង Darren Fichardt (ម្ចាស់ជើងឯក Legacy Edition ឆ្នាំ២០២៥)។
សប្តាហ៍ទី២ (៣០ វិច្ឆិកា – ០៦ ធ្នូ ២០២៦) – Vattanac Tour Championship៖ ព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០ រូបដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត ដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារអាមេរិក។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា វឌ្ឍនៈ សំអាង បានគូសបញ្ជាក់ថា៖ «ការដែលស្ថាប័ន Legends Tour សម្រេចចិត្តរៀបចំការប្រកួតកម្រិតពិភពលោក ២ សប្តាហ៍ជាប់គ្នានៅក្នុងរីហ៊្សតតែមួយ និងក្នុងប្រទេសតែមួយ គឺជាករណីកម្របំផុត ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំមកលើប្រទេសកម្ពុជា និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត»។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមានតម្លៃលើសពីការប្រកួតកីឡាហ្គោល គឺដើម្បីផ្សព្វផ្សាយវប្បធម៌ បេតិកភណ្ឌ បដិសណ្ឋារកិច្ច និងសក្តានុពលទេសចរណ៍-វិនិយោគរបស់កម្ពុជាទៅកាន់ពិភពលោក ក្រោមចក្ខុវិស័យស្នូល៖ «នាំយកអ្វីដែលល្អបំផុតមកកាន់ប្រទេសកម្ពុជា បង្កើតអ្វីដែលល្អបំផុតនៅក្នុងប្រទេសកម្ពុជា និងបង្ហាញអ្វីដែលល្អបំផុតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក»។

ក្នុងពិធីនោះដែរ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដ៏សំខាន់ចំនួនពីរគឺ៖
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងស្ថាប័ន Legends Tour ក្រោមយុទ្ធនាការ «2026 Road to Cambodia» ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ៊្សត ក្នុងកិច្ចសហការលើកកម្ពស់វិស័យទេសចរណ៍កីឡា។
ក្រៅពីការប្រកួតផ្លូវការ កម្មវិធីក៏រួមបញ្ចូលនូវការប្រកួត Pro-Am ផ្តល់ឱកាសឱ្យកីឡាករក្នុងស្រុកបានប្រកួត ជាមួយ កំពូលកីឡាករពិភពលោក, ដំណើរទស្សនកិច្ចប្រាសាទបុរាណ និងការប្រកួត Pro-Am នៅទីលានវាយកូនហ្គោល Angkor Golf Resort ខេត្តសៀមរាប, ព្រមទាំងការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ប្លែកភ្នែក «Tonle Sap Challenge» នៅមាត់ទន្លេចតុមុខ ដែលរួមបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ និងការកម្សាន្ត។
ព្រឹត្តិការណ៍ទាំងពីរនេះ នឹងបើកទ្វារស្វាគមន៍សាធារណជន និងអ្នកគាំទ្រកីឡាជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ៊្សត ដើម្បីចូលរួមចំណែកធ្វើជាម្ចាស់ផ្ទះស្វាគមន៍ពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា៕














-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន7 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ