ព័ត៌មាន
គណៈប្រតិភូសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី៣ ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១១ អគ្គលេខាធិការរងអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ «ទិន្នន័យឆ្លាតវៃ ការថែទាំកាន់តែប្រសើរ៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ឌីជីថល ដើម្បីកសាងប្រព័ន្ធសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលមានការតភ្ជាប់គ្នា (Smarter Data, Better Care: Harnessing Artificial Intelligence and Digital Innovations for a Connected ASEAN–Korea Healthcare Ecosystem)”។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការជ្រើសរើសបញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ឌីជីថល ជាប្រធានបទអាទិភាព ដោយចាត់ទុកថាទាំងនេះជាវិស័យសំខាន់សម្រាប់ប្រទេសអាស៊ានទាំងអស់ ហើយសាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខលើពិភពលោកក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា បញ្ហាប្រឈមនៅមានច្រើន ហើយកម្រិតវឌ្ឍនភាពរវាងប្រទេសសមាជិកអាស៊ានក៏មានភាពខុសគ្នាផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យ ថែមទាំងបានពាំនាំ លើកជូនអង្គប្រជុំ “រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ” អំពីអាទិភាពចម្បងៗ ចំនួនបី ដែលកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ នឹងផ្តល់តម្លៃខ្ពស់ រួមមាន៖
១) ការកសាងអក្ខរកម្មឌីជីថល (digital literacy) សម្រាប់អ្នកជំនាញវិជ្ជាជីវៈសុខាភិបាល និងនិស្សិត ដើម្បីទាញយកអត្ថប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ព្រមទាំងជំរុញឱ្យបង្កើត និងគ្រប់គ្រងព័ត៌មានដោយសុវត្ថិភាពតាមរយៈបច្ចេកវិទ្យាទាំងនេះ។
២) ការរៀបចំប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមលក្ខណៈក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត នៅតាមមូលដ្ឋានសុខាភិបាល។ ទិន្នន័យគួរត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រប្រព័ន្ធសុខាភិបាលទាំងមូល មិនមែនរក្សាទុកនៅត្រឹមស្ថាប័នដែលបង្កើតទិន្នន័យនោះទេ។ នេះតម្រូវឱ្យមានការគ្រប់គ្រងទិន្នន័យកម្រិតជាតិ ដែលគ្របដណ្តប់វដ្តទាំងមូលតាំងពីការបង្កើតទិន្នន័យ រហូតដល់ការរួមបញ្ចូល ការតភ្ជាប់ និងការប្រើប្រាស់ទិន្នន័យ។
៣) ការធានាថាទិន្នន័យអាចបំប្លែងប្រវត្តិវេជ្ជសាស្ត្ររបស់អ្នកជំងឺ ទៅជាព័ត៌មានដែលអាចយល់ និងប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពទូទាំងប្រព័ន្ធសុខាភិបាល រួមទាំងឆ្លងកាត់ស្ថាប័នសុខាភិបាលផ្សេងៗគ្នា។
រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ បានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ភាពធន់នៃការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី ដោយផ្តោតលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការថែទាំសុខភាព ការអនុវត្តសកម្មភាព និងគម្រោងថ្មីក្នុងវិស័យសុខាភិបាលនាពេលអនាគត តាមរយៈការលើកកម្ពស់កម្មវិធីពង្រឹងសមត្ថភាព គាំទ្រដល់ការបង្កើត និងអនុវត្តផែនការព័ត៌មានសុខាភិបាលតាមតម្រូវការរបស់អាស៊ាន និងការបង្កើតយុទ្ធសាស្រ្តសម្រាប់ការធ្វើទំនើបកម្មសុខាភិបាលឌីជីថល៕
អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣