Connect with us

ព័ត៌មាន

ក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ចបានចុះល្បាតចំនួន ១ ២៥៦លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១៥៧ករណី នៅតាមតំបន់ការពារធម្មជាតិ ក្នុងខែសីហាឆ្នាំ២០២៦

នៅក្នុងខែសីហា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សបានសហការជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានចុះល្បាតចំនួន ១ ២៥៦លើក (ថយចុះ ៤លើក) និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១៥៧ករណី (កើនឡើង ១០ករណី) ធៀបនឹងខែកក្កដា ឆ្នាំ២០២៦។ ក្រុមការងារបានបង្រ្កាប ផ្ទៃដីកាប់រានក្នុងតំបន់ការពារធម្មជាតិ សរុបទំហំ ៤៨,៣៧ហិកតា ក្នុងនោះ បានកសាងសំណុំរឿងទៅតុលាការសរុបទំហំ ២០,៣៩ហិកតា។

ក្នុងចំណោមបទល្មើសបង្រ្កាបបានក្នុង ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ ក្រុមការងារបានបង្រ្កាប បទល្មើសព្រៃឈើ ចំនួន ៦៧ករណី បទល្មើសសត្វព្រៃ ចំនួន ៤០ករណី បទល្មើសដីធ្លី ចំនួន ៣៣ករណី បទល្មើសនេសាទ ចំនួន ១៦ករណី បទល្មើសធនធានរ៉ែ ចំនួន ១ករណី។ ជាមួយគ្នានេះ ក្រុមការងារបានអនុវត្តវិធានការច្បាប់តឹងរ៉ឹង ដោយបានកសាងកំណត់ហេតុបទល្មើស ចំនួន ៦៩ករណី

និងបានបញ្ជូនសំណុំរឿងទៅតុលាការ ចំនួន ៦ករណី រួមមានជនសង្ស័យ ចំនួន ៨នាក់។

សូមបញ្ជាក់ថា ក្រុមមន្រ្តីឧទ្យានុរក្សពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធ អនុវត្តវិធានការសំខាន់ៗ និងបន្តអនុវត្តច្បាប់ គ្មានការលើកលែង ចំពោះជនណាដែលប្រព្រឹត្តបទល្មើស បំផ្លាញព្រៃឈើ ឬសត្វព្រៃ និងបង្កើនការចុះល្បាតជាប្រចាំថ្ងៃ ដើម្បីការពារធនធានធម្មជាតិ ជីវៈចម្រុះ នៅតាមតំបន់ការពារធម្មជាតិ។

ដោយឡែកនៅក្នុងខែសីហា ឆ្នាំ២០២៦ នេះដែរ ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ របស់ក្រសួងបរិស្ថាន បានបណ្ដុះបណ្ដាលតម្រង់ទិសស្ដីពី ការកត់ត្រា ការស៊ើបអង្កេតបទល្មើសធនធានធម្មជាតិ សំអាងបទល្មើស និងបទល្មើសសម្អាតប្រាក់ចំនួន ៣វគ្គ នៅខេត្តកោះកុង ប៉ៃលិន និងខេត្តក្រចេះ មានសិក្ខាកាមសរុបចំនួន ១២៩នាក់ តាមរយៈវិធីសាស្រ្ត ៖ ១.ការធ្វើបទបង្ហាញ ២.ការបែងចែកក្រុមពិភាក្សា ៣.ការពិនិត្យលើសំណុំរឿង ដែលបានបញ្ជូនទៅតុលាការ ៤.ការធ្វើលំហាត់អនុវត្ត ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម ការបំពេញកំណត់ហេតុ និងនីតិវិធីកសាងសំណុំរឿង បទល្មើសធនធានធម្មជាតិ(បទល្មើសដើម) សំអាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ៥.ការវាយតម្លៃរបស់អ្នកចូលរួម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia