ព័ត៌មាន
អង្គភាពCMAC បង្ហាញពីផលប៉ះពាល់ដោយគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃដល់ដៃគូជាតិ និងអន្ដរជាតិក្នុងឆ្នាំ២០២៥
អង្គភាព CMAC បានរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ ក្នុងឆ្នាំ២០២៥ និងដំណើរឆ្ពោះទៅធានាសុខសុវត្ថិភាពតំបន់រងផលប៉ះពាល់» ។សិក្ខាសាលានេះ ធ្វើឡើងនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប នាថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៦នេះ ដើម្បីបង្ហាញពីផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ ដល់ដៃគូជាតិ និងអន្ដរជាតិក្នុងឆ្នាំ២០២៥កន្លងមក។
នៅក្នុងសិក្ខាសាលាលនេះ មានការចូលរួមពីអាជ្ញាធរមីន ស្ថាប័នជាតិ និងអន្តរជាតិ អង្គការដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ រួមមាន តំណាងកាកបាទក្រហមកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មាធិការសកម្មភាពមីននៃបណ្តាខេត្តជាប់ព្រំដែនជាមួយថៃ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានធ្វើបទបង្ហាញ ក្នុងសិក្ខាសាលា ដោយមានគោលបំណងបង្ហាញជូនដៃគូជាតិ និងអន្តរជាតិអំពីស្ថានភាពជាក់ស្តែង និងផលប៉ះពាល់មនុស្សធម៌ដែលកើតចេញពីការវាយប្រហារ និងការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាក្នុងឆ្នាំ២០២៥ ជាពិសេស ការប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រាប់បែកចង្កោម។ តាមរយៈភស្តុតាង និងការស្រាវជ្រាវបច្ចេកទេសនៅតំបន់រងផលប៉ះពាល់ត្រូវបានកំណត់និងរកឃើញសំណល់គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ដែលបានបន្សល់ទុកកូនគ្រាប់មិនទាន់ផ្ទុះ និងបង្កហានិភ័យរយៈពេលវែងដល់ប្រជាពលរដ្ឋ និងការប្រើប្រាស់ដីធ្លី។ ការប្រើប្រាស់អាវុធធ្ងន់ និងគ្រាប់បែកចង្កោមនេះ បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងទីតាំងស៊ីវិលមួយចំនួន ព្រោះសំណល់ជាតិផ្ទុះនៅសេសសល់អាចបន្តគំរាមកំហែងដល់អាយុជីវិត កសិករ ប្រជាពលរដ្ឋ និងជាពិសេសកុមារ នៅតំបន់រងផលប៉ះពាល់។
ឯកឧត្ដម ហេង រតនា បានធ្វើបទបង្ហាញ ដោយផ្តោតលើការចែករំលែកព័ត៌មាន និងភស្តុតាង ការវាយតម្លៃហានិភ័យ ការស្រាវជ្រាវ និងកំណត់ទីតាំងរងផលប៉ះពាល់ ការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ ការគាំទ្រជនរងគ្រោះ និងការពន្លឿនការបោសសម្អាត។ ជាមួយគ្នានេះ វាក៏ជាវេទិកាសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងកៀរគរការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងជំនួយអន្តរជាតិ ដើម្បីឆ្លើយតបចំពោះផលវិបាកដែលបន្សល់ទុកពីការឈ្លានពាន និងស្តារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្ដម បានលើកឡើងជាទឡ្ហីករណ៍ដើម្បីបង្ហាញថា ការឈប់ប្រយុទ្ធមិនមានន័យថា គ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមបានបញ្ចប់ទេ ព្រោះគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដែលបន្សល់ទុកនៅតែជាការគំរាមកំហែងដល់ជីវិត និងការអភិវឌ្ឍ។ ដូច្នេះ ការរួមគ្នារបស់អង្គភាពCMAC ស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករអន្តរជាតិ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការបោសសម្អាត និងឆ្ពោះទៅធានាតំបន់រងផលប៉ះពាល់ឱ្យមានសុវត្ថិភាព និងអាចប្រើប្រាស់បានឡើងវិញ៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣