Connect with us

ព័ត៌មាន

កសិករស្រុកស្អាង៖ ផ្លូវអភិវឌ្ឍន៍ល្អ ផ្សារបោះដុំជិត សម្រួលការដឹកលក់ ធ្វើឱ្យជីវភាពកាន់តែល្អ

ប្រជាកសិករ រស់នៅក្នុងស្រុកស្អាង លើកឡើងថា ការអភិវឌ្ឍន៍ ផ្លូវ ថ្នល់ ល្អ និងមានផ្សារបន្លែបោះដុំជិត បានផ្ដល់ភាពងាយស្រួលដល់ការដឹកលក់ និងធ្វើឱ្យជីវភាពរបស់គាត់កាន់តែប្រសើរ។

កសិករ រស់នៅក្នុងឃុំព្រែកអំបិល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់ BTV ថា ចាប់តាំងពីផ្លូវជាតិលេខ២១ និងមហាវិថី ស៊ីជិនពីង ឬផ្លូវក្រវ៉ាត់ក្រុងទី៣ កសាងរួចរាល់ តភ្ជាប់ជាមួយ មហាវិថីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ ការធ្វើដំណើររបស់ពួកគេ ក្នុងការដឹកបន្លែមកលក់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មានភាពងាយស្រួល និងកាត់បន្ថយពេលធ្វើដំណើរបានច្រើន។

លោក ម៉ែន ស៊ីមន ហៅពូ វែង រស់នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល គឺជាកសិករដាំខ្លឹមស្លឹក និងជី។ លោកប្រាប់ថា កាលពីឆ្នាំ២០១០ លោកធ្លាប់ប្រមូលផល ដំណាំយកទៅលក់នៅក្នុងរាជធានីភ្នំពេញ ដោយខ្លួនឯងដែរ ប៉ុន្ដែដោយសារកត្តាចម្ងាយផ្លូវ ពិបាកធ្វើដំណើរផង និងតម្រូវការយានជំនិះសម្រាប់កូនរៀនផង លោកក៏សម្រេចចិត្ត ឈប់យកផលដំណាំទៅលក់ដោយខ្លួនឯង។ ប៉ុន្ដែបន្ទាប់ពីផ្សារតាម៉ាប់ព្រែកជ្រៃ បើកដំណើរការ លោកនិងភរិយា ក៏សម្រេចចិត្តនាំយកផលដំណាំ ដែលដាំដុះបាន មកលក់ដោយខ្លួនឯងឡើងវិញ។ លោកថា បន្ទាប់ពីចាប់ផ្ដើមកាលពីខែមករា ឆ្នាំ២០២៦ ការលក់មានកំណើនល្អជាលំដាប់ ដំណាំរបស់លោក មិនគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់នោះឡើយ ដែលតម្រូវឱ្យលោកទិញពីអ្នកភូមិផ្សេងៗទៀត។

លោកប្រាប់ថា បច្ចុប្បន្ននេះ នៅឃុំព្រែកអំបិល របស់លោក កសិករ បង្កើនការដាំដុះ បន្លែពីព្រោះតម្រូវការលើទីផ្សារលក់ដាច់ និងបានជួយដល់ជីវភាពកសិករឱ្យល្អប្រសើរជាងមុន។

អ្នកស្រី សោម លាងម៉េង រស់នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ដែលជាអាជីវករ ទិញបន្លែបោះដុំ លក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ បានប្រាប់ថា អ្នកស្រីបានទិញបន្លែពីកសិករ ក្នុងឃុំជាច្រើន ដែលនៅក្បែរឃុំរបស់អ្នកស្រីយកមកលក់បន្ត។ អ្នកស្រីប្រាប់ថា ផ្សារថ្មីដែលបង្កើត នៅក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅជិតងាយស្រួលដឹកជញ្ជូនបន្លែ ចំណេញពេលវេលា។ អ្នកស្រីប្រាប់ថា មួយថ្ងៃអ្នកស្រីទិញបន្លែចន្លោះពី ២ ទៅ ៣តោន ខណៈថ្ងៃខ្លះច្រើនជាងនេះ ឡានដឹកមិនអស់ តម្រូវឱ្យមានរ៉ឺម៉ក ជួយដឹកមកបន្ថែម។ អ្នកស្រី អរគុណរាជរដ្ឋាភិបាល ដែលខិតខំកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ល្អស្អាតជាប់ធន់ និងការជំរុញឱ្យវិស័យឯកជនវិនិយោគបង្កើតផ្សារកាន់តែច្រើន ផ្ដល់ភាពងាយស្រួលដល់ការដឹកជញ្ជូន និងលក់កសិផលរបស់កសិករ។

លោក ខាវ ថន ប្រធានគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ដែរថា លោកបានអភិវឌ្ឍន៍ផ្សារ កាលពីខែមករា ឆ្នាំ២០២៦ តាមការណែនាំ និងជួយជ្រោមជ្រែង ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ទីតាំងជូន កសិករ និងអាជីវករ យកកសិផលមកលក់ និងទិញយកទៅលក់បន្តទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ លោកប្រាប់ថា ការវិនិយោគផ្សារនេះ លោកចង់ឱ្យកសិករ មានកន្លែងលក់កសិផល មានចរន្ដសេដ្ឋកិច្ច រួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ជីវភាពកសិករ។ ហើយបច្ចុប្បន្ននេះ លោកតែងផ្ដល់ភាពអនុគ្រោះ សម្រាប់កសិករ ដែលនាំកសិផល បន្លែ ផ្លែឈើផ្សេងៗ ដាំដុះបានដោយខ្លួនឯង មកលក់ លោកបានផ្ដល់កន្លែងជូន ដោយមិនគិតថ្លៃឈ្នួលទីកន្លែងនោះឡើយ ពោលគឺគិតថ្លៃឈ្នួលសម្រាប់តែការជួលតូបប៉ុណ្ណោះ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើអាទិភាពសំខាន់ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ តាមរយៈយុទ្ធសាស្រ្ដនេះ រាជរដ្ឋាភិបាល បានដាក់ចេញ ផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបា និងឡូជីស្ទិកកម្ពុជា ២០២៣-២០៣០ ធ្វើការអភិវឌ្ឍ ផ្លូវ ថ្នល់ ឱ្យឈានទៅដល់កម្រិតទំនើប មានគុណភាពខ្ពស់ និងមានភាពធន់ជាប់បានយូរ ដើម្បីតភ្ជាប់ទីផ្សារកសិផលរបស់ប្រជាកសិករ សម្រួលដល់ការធ្វើដំណើរ ស្រូបយកការវិនិយោគ និងកាត់បន្ថយថ្លៃដឹកជញ្ជូនជាដើម៕អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia