Connect with us

ព័ត៌មាន

ពិព័រណ៍ជាតិការងារ និងផលិតភាពជាតិឆ្នាំ២០២៦ ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញានេះ

តាមការកំណត់ នៅថ្ងៃទី១២ ខែកញ្ញានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈ ​រួមសហការជាមួយដៃគូពាក់ព័ន្ធ បានរៀបចំ “ពិព័រណ៍​ជាតិ​ការ​ងារ ​និងផលិតភាពការងារ ឆ្នាំ២០២៦” ដោយមានការប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ១៥០ ជាមួយឱកាសការងារថ្មីៗចំនួនប្រមាណជាង ៣ម៉ឺន ៥ពាន់កន្លែង នៅអគារពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី។

នៅក្នុងកម្មវិធីនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ពិព័រណ៌ជាតិការងារ ត្រូវបានរាជរដ្ឋាភិបាលរៀបចំធ្វើឡើងតាំងពីឆ្នាំ២០១១ និងបន្តធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្តល់ឱកាសការងារ ពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានទីផ្សារការងារកាន់តែល្អប្រសើរ រវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រឹះស្ថានឧត្តមសិក្សា ជាពិសេស អ្នកស្វែងរកការងារធ្វើ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា រយៈពេល ១៥លើក នៃពិព័រណជាតិការងារ និងផលិតភាពជាតិ បានកៀរគរអ្នកចូលរួម ជាង ៤៨ម៉ឺននាក់ ក្រុមហ៊ុនចូលរួមដាក់តាំងបង្ហាញ ១ ៣៨៥ ទទួលបានប្រវត្តិរូប អ្នកស្វែងរកការងារធ្វើ ២៣ម៉ឺននាក់ ឱកាសការងារ ២៤ម៉ឺនកន្លែង និងអ្នកទទូលបានការងារធ្វើជាង ១ម៉ឺននាក់ភ្លាមៗ នៅក្នុងថ្ងៃពីព័រណ៌ ព្រមទាំងទទួលបានការងារ ក្រោយបញ្ចប់ពីព័រណ៌កាងារងារផងដែរ។ ពិព័រណ៌ការងារជាតិនេះដែរ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារ ដែលមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាន និងកាលានុវត្តភាព ហើយត្រូវបានរៀបចំក្នុង១ឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារប្រចាំថ្ងៃរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ។

នាឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានចាត់ទុកព្រឹត្តិការណ៍នេះថា មិនត្រឹមតែជាកន្លែងតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសផ្សារភ្ជាប់អ្នកស្វែងរកការងារ​ និយោ​ជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល។ សម្រាប់យុវជនដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ក៏អាចយកឱកាសនេះស្វែងយល់បន្ថែមអំពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ជំនាញ, ការងារ និងតម្រូវការជំនាញនៅក្នុងទីផ្សារកម្ពុជា ដើម្បីជាការតម្រង់ទិសស្របតាមចំណង់ចំណូលចិត្ត ក្តីស្រមៃ និងលទ្ធភាពគ្រួសារ ក្នុងការកសាងអនាគតរបស់ខ្លួន និងចៀសវាងការបន្តការសិក្សា និងចាប់យកជំនាញតាមអ្នកដទៃដែលខុសពីចំណង់ចំណូលចិត្ត ឧបនិស្ស័យ និងសមត្ថភាព​របស់ខ្លួន។

សូមបញ្ជាក់ថា “ពិព័រណ៍ជាតិការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦” ធ្វើឡើងក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ដែលរយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៦។ គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍នេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាស្តីពី ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia