ព័ត៌មាន
ពិព័រណ៍ជាតិការងារឆ្នាំ២០២៦នេះ ទទួលបានអ្នកចូលរួមទស្សនាចំនួនជាង ១១ម៉ឺននាក់
គិតក្នុងរយៈពេល ២ថ្ងៃកន្លងទៅ នៃការរៀបចំពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះទទួលបានអ្នកចូលរួមទស្សនាសរុបចំនួនជាង ១១ម៉ឺន ២ពាន់នាក់ ក្នុងនោះចូលរួមដោយផ្ទាល់មានចំនួនជាង ៤ម៉ឺន ៧ពាន់នាក់ និងតាមប្រព័ន្ធអនឡាញជាង ៦ម៉ឺន ៥ពាន់នាក់។
យោងតាម លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅក្នុងពិធីបិទពិព័រណ៍ជាតិការងារ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ បានលើកឡើងឱ្យដឹងថា បម្រែបម្រួលតម្រូវការជំនាញ និងមុខរបរ ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធទីផ្សារការងារ គឺពិតជាមានសារៈសំខាន់ ជាពិសេសតម្រូវការជំនាញបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ លើសពីនេះ ការសិក្សាគឺជាដំណើរការពេញមួយជីវិត ដើម្បីត្រូវបន្តអភិវឌ្ឍសមត្ថភាព រួមជាមួយកិច្ចសហការរវាងរដ្ឋ និងឯកជន អ្វីដែលសំខាន់គឺ ផលិតភាពការងារ ជាកត្តាស្នូលសម្រាប់កំណើនសេដ្ឋកិច្ច និងការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
លោកជំទាវ បានបន្តថា អ្វីដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវធ្វើការងារបន្ត គឺបូកសរុប និងវាយតម្លៃ នៃការរៀបចំពិព័រណ៍លើកទី១៦នេះ ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ជាពិសេសចំណុចដែលត្រូវកែលម្អ ជាមួយនឹងបទពិសោធដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំសម្រាប់លើកទី១៧ ក្នុងឆ្នាំ២០២៧ ឱ្យកាន់តែប្រសើរ និងទទួលបានភាពទាក់ទាញ។
លើកឡើងក្នុងពិធីបិទនាឱកាសនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ពិព័រណ៍ជាតិការងារ ឆ្នាំ២០២៦នេះ អាចប្រព្រឹត្តទៅបានយ៉ាងជោគជ័យ ហើយនិងបានដំណើរការទៅដោយរលូន ដោយសារមានការចូលរួមពីដៃគូសំខាន់ៗជាច្រើន ដែលបានចូលរួមគាំទ្រ និងបានដាក់តាំងបង្ហាញនូវផលិតផល ក៏ដូចជាឱកាសការងារ ជូនទៅដល់អ្នកស្វែងរកការងារ។ ឯកឧត្តម បន្ថែមទៀតថា ការផ្តល់សេវាការងារ និងការប្រឹក្សាយោបល់ភ្លាមៗ ជាកន្លែងប្រមូលផ្តុំសេវាតែមួយ ជាពិសេស ការជួយរៀបចំប្រវត្តិរូបសង្ខេប និងផ្តល់ការប្រឹក្សាដើម្បីត្រៀមសម្ភាសនិងរៀបចំការសម្ភាសការងារផ្ទាល់នៅនឹងកន្លែង។ សម្រាប់យុវជន និងអ្នកដែលចង់ស្វែងរកការងារធ្វើ អាចជ្រើសរើសជំនាញទៅតាមចំណង់ចំណូលចិត្ត និងតាមតម្រូវការទីផ្សារ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែម ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក មានការប្រែប្រួល ឬប្រឈមនឹងវិបត្តិ ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថិរភាព និងសមត្ថភាព ក្នុងការបង្កើតឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។ ជាពិសេស រាជរដ្ឋាភិបាលបន្តខិតខំ កែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ទាំងសហគ្រាសធំ មធ្យម តូច និងមីក្រូ ដើម្បីទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារកាន់តែច្រើនបន្ថែមទៀតជូនយុវជនកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី




















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣