Connect with us

ព័ត៌មាន

និស្សិត៖ អាហារូបករណ៍សម្ដេចតេជោ ផ្ដល់វិជ្ជា និងឱកាសការងារសម្រាប់អនាគតយុវជន

និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងថា អាហារូបករណ៍របស់សម្ដេច បានផ្ដល់ចំណេះដឹង និងឱកាសការងារ ដល់ពួកគេ ជួយឱ្យឆ្លងផុតពីភាពក្រីក្រ។

លោក ឈីវ សុបញ្ញា និស្សិតឆ្នាំទី១ សិក្សាជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា លោកទទួលដំណឹង ពីអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត) តាមរយៈការផ្សព្វផ្សាយរបស់ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត។ លោកប្រាប់ថា អាហារូបករណ៍ អ.ម.ត មានតម្លៃខ្លាំងសម្រាប់រូបលោក ក៏ដូចជានិស្សិតផ្សេងៗទៀត ដែលមានជីវភាពកម្រិតទាប និងមធ្យម។

កញ្ញា ភៀន សម្ផស្ស មកពីខេត្តព្រៃវែង ជានិស្សិតឆ្នាំទី១ សិក្សាជំនាញ ទេសចរណ៍ បានប្រាប់ថា ក្រោយប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កញ្ញា បារម្ភពីការបន្ត កាសិក្សានៅថ្នាក់ឧត្ដមសិក្សា ពីព្រោះកញ្ញាចង់មកសិក្សានៅភ្នំពេញ ជាបណ្ដុំ នៃការងារ។ កញ្ញា បន្តថា អំឡុងពេលកំពុងបារម្ភ ពីការបន្តការសិក្សា ឱពុកមា ដែលជាកងទ័ព បានប្រាប់ពីអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត)។ ហើយកញ្ញា បានដាក់ពាក្យស្នើសុំអាហារូបករណ៍ នឹងទទួលបានឱកាសសិក្សាបំពេញក្ដីប្រាថ្នា ព្រោះអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត)។ កញ្ញា សង្កត់ធ្ងន់ថា បើគ្មានអាហារូបករណ៍ អ.ម.ត ទេ កញ្ញា ពិតជាមិនអាចបន្តការសិក្សានៅរាជធានីភ្នំពេញបានឡើយ។

កញ្ញា ប៉េង រស្មី មកពីខេត្តកំពង់ឆ្នាំង និស្សិតឆ្នាំទី១ សិក្សាលើជំនាញ គណនេយ្យ បានប្រាប់ថា កញ្ញានឹងខិតខំសិក្សា ឱ្យមានចំណេះ មានសមត្ថភាព ធ្វើការដើម្បីលើកកម្ពស់ជីវភាពខ្លួនឯង និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ឱ្យរីកចម្រើន ដើម្បីជាការតបស្នងអាហារូបករណ៍ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត) ផ្ដល់ឱកាសសិក្សាដល់កញ្ញា។

លោក ហ៊ឹម សុខលាភ នាយករង ទទួលបន្ទុកកាងារយុវជន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ប្រាប់ថា វិទ្យាស្ថាន បានផ្ដល់អាហារូបករណ៍ សម្ដេចតេជោ អាហារូបករណ៍ថ្នាក់ដឹកនាំ និងរបស់វិទ្យាស្ថានផ្ទាល់ជាច្រើនកន្លែង ប្រចាំឆ្នាំ។ ហើយសម្រាប់អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត) ឆ្នាំ២០២៦នេះ មានចំនួន ៤០០កន្លែង លើមុខជំនាញចំនួន១០។ លោកប្រាប់ថា អាហារូបករណ៍ អ.ម.ត មានតម្លៃយ៉ាងខ្លាំង ក្នុងការការបណ្ដុះបណ្ដាល អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឆ្ពោះទៅកាន់ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។ លោកអំពាវនាវដល់យុវជន ដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទោះទទួលលទ្ធផលធ្លាក់ ឬជាប់ កុំបោះបង់ការសិក្សា សូមចាប់យកការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬក៏បន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា។ ជាក់ស្ដែងសម្រាប់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្ដល់ឱកាសអាហារូបករណ៍ ជាច្រើនកន្លែង ផ្ដល់ជូនសម្រាប់សិស្ស ទាំងធ្លាក់ និងជាប់បាក់ឌុប។

សូមជម្រាបជូនថា អាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត) តាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី នៅឆ្នាំ២០២៦នេះ មានជា ៤,៦៥០កន្លែងនៅទូទាំងប្រទេស។ ហើយក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល មានចំនួនជាង ១,០៣៣កន្លែង នៅ វិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន ១៤។ សម្រាប់វិទ្យាស្ថានខ្មែរជំនាន់ថ្មី គិតពីឆ្នាំ២០០៧មក គឺបានផ្ដល់អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត) ចំនួន ២១លើកហើយ ដែលមាននិស្សិត សរុបចំនួនជាង ៤,៥៥០នាក់ កំពុងបន្តការសិក្សា និងខ្លះបានបញ្ចប់ការសិក្សា កំពុងបំពេញការងាររដ្ឋ និងឯកជន៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia