ព័ត៌មាន
ICRC កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់ថៃ
(ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ) ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ — ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Jürg Lauber អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC ក្នុងវិស័យសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការបន្តពង្រឹងកិច្ចសហការដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រាប់មីន និងសំណល់ជាតិផ្ទុះ ការពារអាយុជីវិត និងលើកកម្ពស់សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់។
លោក Jürg Lauber បានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម និងការគាំទ្រយ៉ាងសកម្មចំពោះគោលដៅមនុស្សធម៌នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ទោះបីកម្ពុជាមិនទាន់ជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ។
ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលបានភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ លោក Jürg Lauber បានបញ្ជាក់ថា ICRC បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះ ICRC ចំពោះការចូលរួម និងការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តគាំទ្រគោលដៅមនុស្សធម៌នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ក្នុងនាមជារដ្ឋអង្កេតការណ៍ និងជាប្រទេសស្រឡាញ់សន្តិភាព។
ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានថ្លែងអំណរគុណចំពោះ ICRC ចំពោះការចូលរួមសម្របសម្រួលក្នុងការដោះលែងនាយទាហានកម្ពុជាចំនួន ១៨រូប ដែលត្រូវបានចាប់ខ្លួនដោយយោធាថៃ កាលពីឆ្នាំ២០២៥។ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីបញ្ហាប្រឈមថ្មីរបស់កម្ពុជា ពាក់ព័ន្ធនឹងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ទុកពីជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ ដែលបានបង្កើតជាបន្ទុកមនុស្សធម៌ថ្មី និងបន្ថែមលើមរតកសង្គ្រាមដែលកម្ពុជាកំពុងបន្តដោះស្រាយ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យ ICRC បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រកម្ពុជាក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមថ្មីនេះ ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់មនុស្សធម៌ចំពោះប្រជាពលរដ្ឋ។
ជាចុងក្រោយ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមចំណែកដល់ការងារមនុស្សធម៌ ការពារប្រជាពលរដ្ឋ និងកសាងសហគមន៍ប្រកបដោយសុវត្ថិភាពពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣