ព័ត៌មាន
ការចរចាប្រាក់ឈ្នួលម្មករឆ្នាំ២០២៧សហជីពស្នើតួលេខចំនួនពីរ ខណៈនិយោជកសុំរក្សា២១០ដុល្លារដដែល
ភ្នំពេញ៖ ឆ្លងកាត់កិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរ រយៈពេលមួយព្រឹកជាលើកទី២ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ភាគីសហជីពតំណាងកម្មករនិយោជិត បានកំណត់ចំនួន២ផ្សេងៗគ្នា ដើម្បីស្នើសុំដំឡើងសម្រាប់ឆ្នាំ២០២៧ខាងមុខ ខណៈភាគីនិយោជកបន្តរក្សាគោលជំហរដដែល គឺចំនួន ២១០ដុល្លារ។
នៅក្រោយចប់កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលក្ខណៈត្រីភាគី ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មាន ឱ្យដឹងថា តួលេខកំណើនដែលភាគីសហជីពបានស្នើ គឺចំនួន ២២៥,៣ដុល្លារ ដោយស្នើបន្ថែម ១៥,៣ដុល្លារ ដែលតួលេខនេះត្រូវបានស្នើឡើងដោយសហជីពភាគច្រើន និងមួយចំនួនទៀតស្នើតួលេខកំណើន ៤០,៦ដុល្លារ លើតួលេខបច្ចុប្បន្ន ២១០ដុល្លារអាម៉េរិក ដែលមានន័យថាស្នើប្រាក់ឈ្នួលរហូតដល់ ២៥០,៦ដុល្លារ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការស្នើទាំងនេះ បានផ្ទុយនឹងតំណាងភាគីនិយោជក ដោយបានស្នើរក្សាតួលេខបច្ចុប្បន្ន ចំនួន ២១០ដុល្លារដដែល។ ការស្នើរក្សាតួលេខចាស់ដដែលនេះ ឯកឧត្តម បានបញ្ជាក់ថា ដោយសារកន្លងទៅនេះ តំណាងភាគីនិយោជក បានបន្ថែមប្រាក់ចំនួន ២,៥ដុល្លារ សម្រាប់ជួយសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររួចហើយទៅកាន់កម្មករនិយោជិត។
ជុំវិញមូលហេតុដែលក្រុមសហជីពដាក់ចេញនូវតួលេខខុសៗគ្នា ដើម្បីស្នើសុំដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ខាងមុខនេះ លោក គឹម ចាន់សំណាង តំណាងកម្មករនិយោជិត បានបញ្ជាក់ឱ្យដឹងថា ពាក់ព័ន្ធភាគីសហជីពគឺមានសមាសភាពពេញសិទ្ធិចំនួន ១៧នាក់ ដូចទៅនឹងភាគីនិយោជក និងរាជរដ្ឋាភិបាល។ លោកបន្តថា ទោះបីជាចំនួនដូចគ្នា ប៉ុន្តែ សហជីពគឺមានសហភាពផ្សេងៗគ្នា អញ្ចឹងការគិត ការពិចារណាក៏អាចមានការខុសគ្នាពីសហភាពជាមួយគ្នា មានន័យថា គាត់អាចមានសិទ្ធិក្នុងការជ្រើសរើសយកតួលេខណាមួយ ដែលនេះជាសិទ្ធិសេរីភាពក្នុងការផ្តល់ជូននូវអ្វីដែលជាការចង់បានរបស់ភាគីនីមួយៗ ប៉ុន្តែការដាក់ចេញតួលេខទាំងអស់នេះ គឺសុទ្ធតែផ្តោតសំខាន់ទៅតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាទាំងអស់ ជាពិសេសគឺផ្តោតសំខាន់ទៅលើកត្តាសំខាន់ៗពីរគឺ៖កត្តាសង្គម និងកត្តាសេដ្ឋកិច្ច។
ដូចទៅនឹងឆ្នាំមុនៗ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គ្រប់ភាគីទាំងអស់ រួមមានភាគីរាជរដ្ឋាភិបាល និយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត ត្រូវយោងទៅតាមបទបង្ហាញលក្ខណៈវិនិច្ឆ័យចំនួន២នេះ ទី១.គឺផ្អែកទៅលើកត្តាសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.ផ្អែកទៅលើកត្តាសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ ភាគីនីមួយៗនឹងវិលត្រឡប់ទៅសិក្សាផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត ដើម្បីដាក់ចេញនូវគោលជំហររបស់ភាគីខ្លួននៅក្នុងកិច្ចប្រជុំបន្ទាប់។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕
អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣