ព័ត៌មាន
កម្មករកាត់ដេរជឿជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងអាចបន្តកើនឡើងថែមទៀតសម្រាប់ឆ្នាំ២០២៧
កម្មករ កម្មការិនី ដែលបំពេញការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរ បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ខាងមុខ នឹងបន្តកើនឡើងថែមទៀត ក្រោមយន្តការសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើទោះបីជាលទ្ធផលនៃកិច្ចប្រជុំត្រីភាគីលើកទី២ ជុំវិញការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ មិនទាន់ឈានដល់ការព្រមព្រៀងគ្នា រវាងភាគីសហជីព និងភាគីនិយោជកយ៉ាងណាក្តី ប៉ុន្តែកម្មករនិយោជិតបានសម្តែងនូវក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ទឹកប្រាក់ប្រចាំខែរបស់ពួកគាត់នឹងនៅតែបន្តមានកំណើនកើនឡើងបន្ថែមទៀត។
តាមរយៈការចុះជួបសម្ភាសន៍ផ្ទាល់ជាមួយកម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ ពួកគាត់បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ផ្អែកលើបទពិសោធន៍កន្លងមក ពួកគាត់មានទំនុកចិត្តយ៉ាងខ្លាំងលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលតែងតែដើរតួនាទីជាអាជ្ញាកណ្តាលដ៏មានតម្លាភាព និងមិនដែលព្រងើយកន្តើយចំពោះឆ្នាំងបាយរបស់កម្មករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឡើយ។ ក្រុមកម្មករ បានលើកឡើងស្រដៀងគ្នាទៀតថា ទន្ទឹមនឹងការចង់បានប្រាក់ឈ្នួលខ្ពស់ ពួកគាត់បានយល់ឃើញថា យន្តការចរចាប្រាក់ឈ្នួលនេះ គឺមានភាពស្មុគស្មាញ ពីព្រោះថា រាជរដ្ឋាភិបាលក៏ត្រូវដើរតួនាទីជាអាជ្ញាកណ្តាល ដើម្បីធានាទាំងជីវភាពកម្មករ និងរក្សាស្ថិរភាពវិនិយោគ។
ក្រៅពីការរំពឹងទុកលើការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ ក្រុមកម្មកររំពឹងទៀតថា បញ្ហាអាទិភាពចម្បងមួយទៀតដែលពួកគាត់ចង់ឱ្យមានដំណោះស្រាយទន្ទឹមគ្នាផងដែរ ដូចជាតម្លៃទំនិញ ថ្លៃម្ហូបអាហារ និងថ្លៃបន្ទប់ជួលជាដើម គឺមិនមានតុល្យភាពនឹងគ្នានោះទេ។ ដូច្នេះអ្វីដែលកម្មករនិយោជិត ចង់បានបន្ថែមទៀតក្នុងងពេលនេះ គឺយន្តការគ្រប់គ្រងតម្លៃទីផ្សារពីសំណាក់រាជរដ្ឋាភិបាល រួមជាមួយការរក្សាឱ្យបាននូវស្ថិរភាពការងារយូរអង្វែង ដើម្បីធានាដល់ការរស់នៅជាក់ស្តែង។
ក្នុងនាមដែលតំណាងរបស់កម្មករនិយោជិត លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានលើកឡើងដោយទទួលស្គាល់ថា ការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ពិតជាចង់បានល្អប្រសើរមែន ប៉ុន្តែក៏ត្រូវធ្វើឡើងដោយមានការទទួលខុសត្រូវ និងមានមូលដ្ឋានលើការពិត។ លោកបន្ថែមថា បច្ចុប្បន្ននេះសង្កេតឃើញថា មានក្រុមសហជីពមួយចំនួនតូច បាននិងកំពុងផ្សព្វផ្សាយទៅកាន់កម្មករនិយោជិតថា ប្រាក់ឈ្នួលអប្បបរមាគួរតែមានចំនួន ២៥០ដុល្លារ ទើបអាចរស់នៅបានសមរម្យ ខណៈក្រុមសហជីពរបស់លោកស្នើរសុំតម្លើងចំនួន ២២៥,៣ដុល្លារ។
សូមបញ្ជាក់ថា កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ លើកទី២ ភាគីសហជីពតំណាងកម្មករនិយោជិត បានកំណត់ចំនួនពីរតួលេខផ្សេងៗគ្នា ដោយសហជីពភាគច្រើនស្នើដំឡើង ១៥,៣ ដុល្លារ និងមួយចំនួនទៀតស្នើដំឡើង ៤០,៦ ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន។ រីឯភាគីនិយោជកសុំរក្សាចំនួន ២១០ដុល្លារដដែល។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គ្រោងនឹងបន្តកិច្ចប្រជុំលើកទី៣ទៀត នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣