ព័ត៌មាន
មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
ព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ត្រូវបានរំពឹងនឹងក្លាយជាផលិតផលទេសចរណ៍ថ្មី និងបន្សល់ទុកនូវការចងចាំដ៏ល្អបន្ថែមទៀត សម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ ដែលត្រៀមចូលរួមទស្សនាបាតុភូតធម្មជាតិ «សមរាត្រី ឬ Equinox» ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រោយអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នារដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាបន់នឹងទេសចរណ៍» នៅរដ្ឋបាលខេត្តសៀមរាប នៅល្ងាចថ្ងៃច័ន្ទ មុនព្រឹត្ដិការណ៍ផ្លូវការ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប។
ឯកឧត្តមបន្ដថា ក្រោមគំនិតផ្ដួចផ្ដើម និងមានការគាំទ្រពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីផ្ដល់នូវបទពិសោធន៍ថ្មី ដល់អ្នកស្នេហាវិស័យកីឡាជិះកង់ ជាមួយការជិះកង់លើផ្លូវកៅស៊ូផង និងជិះលើកំផែងក្រុងបុរាណផង។ ដូច្នេះក្រោយចប់កម្មវិធីនេះ ផលិតផលកីឡាទេសចរណ៍ជិះកង់បែបផ្សងព្រេងនេះ នឹងក្លាយជាទីពេញនិយម ហើយក្លាយជាការចងចាំមួយដ៏ល្អ សម្រាប់ជាប្រយោជន៍ដល់វិស័យទេសចរណ៍ សង្គម និងសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នា ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបង្ហាញការត្រៀមរួចរាល់ សម្រាប់រៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដោយឯកឧត្តមបានចាត់ទុករាល់កម្មវិធីអមព្រឹត្តិការណ៍សមរាត្រី ពិតជាកាតាលីកដ៏សំខាន់ ដើម្បីជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប ពិសេសក្នុងរដូវកាលបៃតងនេះតែម្ដង។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង បានសម្ដែងក្ដីរីយរាយ ក្រៅពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង តែងទទួលបានកិច្ចសហការដ៏ល្អពីអាជ្ញាធររាជធានី-ខេត្ត ក្នុងការរៀបចំព្រឹត្តិការណ៍នានា ជាក់ស្ដែងការត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ បន្ថែមលើព្រឹត្តិការណ៍សមរាត្រី និងកម្មវិធីអមផ្សេងៗ ដើម្បីជំរុញចរន្ដរ និងបង្កើននូវភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។

គួរដឹងថា ព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ដែលគ្រោងរៀបចំឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ធ្វើឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្ដរជាតិឲ្យមកលេងកម្សាន្ដនៅខេត្តសៀមរាប ក្នុងរដូវកាលបៃតង ពិសេសចូលរួមផ្ដិតយកទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើងឡើងនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញ្ញា។
ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាង ១ពាន់នាក់ ដែលចុះឈ្មោះដោយឥតគិតថ្លៃ ថែមទទួលបានអាវយឺតដ៏ស្រស់ស្អាត់ម្នាក់ ១ ថែមទៀត។ ចំពោះវិញ្ញាសា គឺជិះចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ដោយត្រូវចេញដំណើរពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅក្រុងអង្គរធំ ឆ្លងកាត់ខ្លោងទ្វារទន្លេអុំ ហើយបត់ស្ដាំឡើងលើកំផែងអតីតរាជធានីអង្គរធំ និងជិះជុំវិញកំផែង តែមុននឹងត្រឡប់មកបញ្ចប់នៅកន្លែងដើមវិញ ដោយត្រូវឆ្លងកាត់ព្រៃប្រឹក្សានៃតំបន់អង្គរ ឆ្លងកាត់លើកំពែងក្រុងបុរាណ ស្វែងយល់ពីប្រាសាទលាក់ខ្លួន និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នារដូវកាលបៃតង៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣