Connect with us

ព័ត៌មាន

កម្ពុជា និងដៃគូពាក់ព័ន្ធ រួមគ្នាដោះស្រាយសន្តិសុខថាមពល ខណៈ​វិបត្តិ​ប្រេង​ឥន្ធនៈ​សកល​កំពុង​គំរាម​កំហែង

តំណាងរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) និង​អង្គការអេននីជីឡេបអាស៊ី រៀបចំសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៦ ដើម្បី​ជំរុញ​សន្តិសុខ​ថាមពល និងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា ខណៈវិបត្តិប្រេងឥន្ធនៈ សកល និងឧស្ម័នអន្តរជាតិ កំពុង​គំរាម​កំហែង។

តំណាងរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) រួម​ជា​មួយ​អង្គការអេននីជី ឡេបអាស៊ី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានរៀបចំ​សប្ដាហ៍​ថា​មពល​ស្អាត​ឆ្នាំ​២០២៦ ក្រោមប្រធានបទ «ថាមពលស្អាត ដើម្បីសន្តិសុខថាមពល និងភាពធន់​នៃ​សេដ្ឋកិច្ច​» ផ្តោតទៅលើតួនាទីដ៏សំខាន់របស់ថាមពលស្អាត ក្នុងការលើកកម្ពស់សន្តិសុខ ថាមពល ​និងភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេស ប្រធានបទឆ្នាំនេះឆ្លុះបញ្ចាំងពីចំណុចរបត់ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ អន្តរកាល​ថាមពល​ស្អាត គឺ​ជាគន្លឹះដ៏សំខាន់ ក្នុងការបង្កើនភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ នៃការ​ផ្គត់​ផ្គង់​ថាមពលរបស់កម្ពុជា ស្របនឹងការកសាងសេដ្ឋកិច្ចមួយដែលមានសុវត្ថិភាពជាងមុន និង​មាន​ភាព​ម្ចាស់​ការ​លើខ្លួនឯង។ ការបោះជំហានដ៏ធំរបស់កម្ពុជា ក្នុង ការបង្កើនការ​ប្រើប្រាស់​ថាមពល​ស្អាត ​នឹងកាត់បន្ថយផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលបណ្តាល​មក​ពី​ការ​ប្រែប្រួល ​តម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ ព្រមទាំងជួយកា​រ​ពារ​សមត្ថភាព​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា និងបើកឱកាសថ្មីៗ សម្រាប់ការវិនិយោគ និងបង្កើតការងារដែល​មាន​គុណភាព​។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពយ៉ាងសំខាន់ ក្នុងការ កសាងប្រព័ន្ធថាមពលស្អាត។ បញ្ហានេះកម្ពុជាកំពុងវិនិយោគលើប្រព័ន្ធស្តុកថាមពល ភាពបត់បែន និងការតភ្ជាប់បណ្តាញឱ្យកាន់តែ រឹងមាំដែលចាំបាច់ សម្រាប់ធានានូវភាពអាចទុកចិត្តបាននៃថាមពលកកើតឡើងវិញ ដែលមានចំណែកកាន់តែច្រើនឡើងនៅក្នុងប្រព័ន្ធ ថាមពល។ ភាពប្រែប្រួលនៃទីផ្សារប្រេងឥន្ធនៈអន្តរជាតិក្នុងឆ្នាំនេះ គឺជាការរំលឹក និងបង្ហាញពីសារៈសំខាន់នៃការងារចាំបាច់ផងដែរ។ នៅពេលដែលយើងប្រើប្រាស់ថាមពលស្អាត និងមានតម្លៃសមរម្យនៅក្នុងវិស័យដឹកជញ្ជូន អាជីវកម្ម និងឧស្សាហកម្ម នឹងពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ការទាក់ទាញការវិនិយោគ ព្រមទាំងបង្កើតការងារកាន់តែប្រសើរនៃជីវភាពរស់នៅ ដែលមាន សុវត្ថិភាពជាងមុននៅទូទាំងប្រទេស ជាពិសេសការទទួលបានថាមពលស្អាតដែលមានភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ថាមពលស្អាតគឺជាគន្លឹះសម្រាប់ សន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ច ហេតុនេះហើយទើបប្រទេសអូស្ត្រាលីកំពុងគាំទ្រដល់ដំណើរការអន្តរកាលថាមពលស្អាត របស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមនានា ដែលជួយពង្រឹងការរៀបចំផែនការប្រព័ន្ធថាមពល និងសមត្ថភាពនៃការបញ្ជូនថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង និងបង្កើតឱកាសការងារប្រកបដោយបរិយាបន្នក្នុងវិស័យថាមពលស្អាត។ បញ្ហានេះ រដ្ឋាភិបាលអូស្ត្រាលីបន្តប្តេជ្ញាចិត្តធ្វើការងាររួមគ្នាជាមួយកម្ពុជា ក្នុងពេលដែលប្រទេសកម្ពុជាកំពុងកសាងអនាគតថាមពល ដែលស្អាត ជាងមុនមានសុវត្ថិភាពជាងមុននិងមានភាពធន់ជាងមុន។

លោក ង៉ោ សឺនណត្តារុណ នាយកប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ី លើកឡើងងបន្ថែមថា ថាមពលស្អាតគឺជាខែល ដ៏រឹងមាំបំផុតរបស់កម្ពុជា វាមិនមែនគ្រាន់តែជាជម្រើសផ្នែកបរិស្ថានទៀតនោះទេ ប៉ុន្តែវាជាគន្លឹះបើកផ្លូវឆ្ពោះទៅរកសន្តិសុខថាមពល លំហូរមូលធនសកល និងទីផ្សារដែលមានភាពប្រកួតប្រជែង។ ពោលគឺ គឺជាកម្លាំងចលករដែលជំរុញកម្ពុជា ឆ្ពោះទៅរកឧស្សាហកម្ម ដែលមានតម្លៃខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia