ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
(កំពង់ចាម)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ជាង ៦០០នាក់ និងអាណាព្យាបាលក្នុងស្រុកកំពង់សៀម នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាពដោយឯកឧត្តមបានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សទាំងអស់ឱ្យសិក្សានៅគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ។
ថ្លែងទៅកាន់អ្នកចូលរួមជាង ១ ០០០នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ ដោយឯកឧត្តមកត់សម្គាល់ថា ការប្រឡងបាក់ឌុបនៅស្រុកកំពង់សៀមមានលទ្ធផលកាន់តែល្អប្រសើរ។ សម្រាប់ឆ្នាំ២០២៦ មានអត្រាជាប់កើនឡើងដល់ ៥១៨នាក់ រួមមាន និទ្ទេស A ចំនួន ៨នាក់ (ស្រី ៦នាក់) និទ្ទេស B ចំនួន ២៣នាក់ និទ្ទេស C ចំនួន ១០៥នាក់ និទ្ទេស D ចំនួន ១៨០នាក់ និងនិទ្ទេស E ចំនួន ២០២នាក់។ ឯកឧត្តមបានគូសបញ្ជាក់ពីកត្តាធំៗនៃជោគជ័យនេះ ដែលសំខាន់បំផុតគឺកត្តាសិស្សផ្ទាល់ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ដែលក្មួយៗត្រូវដឹងគុណ ដោយចាត់ទុក “លោកគ្រូ អ្នកគ្រូ ជាអ្នកមានគុណទី២” ដូចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់ទុកថា “គ្រូគឺជាសេដ្ឋីនៃកិត្តិយស”។ ទន្ទឹមនេះ កត្តាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ក៏រួមចំណែកដ៏សំខាន់ដល់លទ្ធផលនេះផងដែរ។ ជាក់ស្តែង រាជរដ្ឋាភិបាលបច្ចុប្បន្ន បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់កម្មវិធីនយោបាយគ្រប់ជ្រុងជ្រោយ ពហុវិស័យ និងប្រទាក់ក្រឡាគ្នា ជាពិសេសការអភិវឌ្ឍ “មូលធនមនុស្ស”។
ឯកឧត្តមបានលើកទឹកចិត្តក្មួយៗប្រឡងធ្លាក់ សូមកុំបាក់ទឹកចិត្ត ពីព្រោះអាចជ្រើសរើសកម្មវិធី TVET ដែលមានភាពបត់បែន និងទំនើបឆ្លើយតបភ្លាមៗតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ដែលនិយោជកឱ្យតម្លៃខ្ពស់ សិក្សារយៈពេលខ្លី ប៉ុន្តែមានជំនាញច្បាស់លាស់ និងឆាប់បានការងារធ្វើ។ ឯកឧត្តមក៏បានផ្តាំផ្ញើក្មួយៗទាំងអ្នកប្រឡងជាប់ និងធ្លាក់ថា ការឈ្វេងយល់ និងពិគ្រោះយោបល់បានត្រឹមត្រូវក្នុងការកសាងអនាគត ជាជម្រើស និងការតម្រង់ទិសដ៏ល្អស្របតាមចំណង់ចំណូលចិត្ត ក្តីស្រមៃ លទ្ធភាពគ្រួសារ និងតម្រូវការទីផ្សារ ដោយគួរចៀសវាងការជ្រើសរើសជំនាញតាមមិត្តភក្តិ ប៉ុន្តែត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ស្គាល់ពីមុខរបរដែលខ្លួនស្រឡាញ់ និងសិក្សាពីព័ត៌មានទីផ្សារ។
ឯកឧត្តមក៏បានលើកទឹកចិត្តក្មួយៗឈ្វេងយល់ពីតម្លៃនៃការសិក្សាផង និងអនុវត្តការងារជាក់ស្តែងផង ដែលជា “ច្រកនាំទៅផ្លូវជោគជ័យ” តាមរយៈការសន្សំបទពិសោធល្អៗ ការងារជាក្រុម និងការងារសង្គមជាដើម ដើម្បីកសាងបណ្តាញទំនាក់ទំនង និងទទួលបានព័ត៌មានច្រើន ដែលធ្វើឱ្យការសម្រេចចិត្តកាន់តែត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនថា សម្រាប់ក្មួយៗមកពីវិទ្យាល័យទាំងបីក្នុងស្រុកកំពង់សៀមដែលចង់ចាប់យកការសិក្សានៅគ្រឹះស្ថាន TVET គឺឯកឧត្តមនឹងជួយផ្តល់អាហារូបករណ៍ផង និងឱកាសហាត់ការផង ដើម្បីធានាថាក្មួយៗរៀនបណ្តើរ និងហាត់ការបណ្តើរ ដើម្បីបានបទពិសោធ និងទទួលបានប្រាក់ខែសមរម្យ៕












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣