ព័ត៌មាន
សម្ដេចធិបតី៖«មន្ទីរពេទ្យហ្លួងម៉ែ»ជាចក្ខុវិស័យរបស់សម្ដេចតេជោសម្រាប់ព្យាបាលជំងឺមហារីកជូនពលរដ្ឋ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «មន្ទីរពេទ្យហ្លួងម៉ែ» គឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីទុកសម្រាប់ព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ, សម្ដេចធិបតីបានបង្ហាញក្ដីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីកនេះ។ សម្ដេចធិបតី បានថ្លែងថា «មន្ទីរពេទ្យហ្លួងម៉ែ» មានអគារមន្ទីរពេទ្យចំនួន ១ខ្នង កម្ពស់ ៥ជាន់ និងអគារអាហារដ្ឋានចំនួន ១ខ្នង ចំណតយានយន្ត រួមជាមួយសួនច្បារទំហំជាង២ពាន់ម៉ែត្រក្រឡា។ មន្ទីរពេទ្យមានគ្រែសរុបចំនួន ២០០គ្រែ។
មន្ទីរពេទ្យនេះ បានបើកដំណើរការដំណាក់កាលដំបូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយចាប់ផ្តើមដំណើរការផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបឋម មន្ទីរពិសោធន៍ និងឱសថស្ថាន ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ហើយក៏បានពង្រីកការផ្តល់សេវាផ្នែកសុខាភិបាលពាក់ព័ន្ធជំងឺមហារីកជាបន្តបន្ទាប់។ បច្ចុប្បន្នមន្ទីរពេទ្យមានផ្តល់សេវា ដូចជា៖ សេវា សង្គ្រោះបន្ទាន់ ពិគ្រោះជំងឺក្រៅ ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យរកកោសិកាមហារីកមាត់ស្បូន មន្ទីរពិសោធន៍ និងវិភាគជាលិកា វះកាត់មហារីក អន្តរាគមន៍ឆ្លុះប្រព័ន្ធរំលាយអាហារ និងសេវាអន្តរាគមន៍រូបភាពសាស្ត្រ ព្រមទាំងសេវាគាំទ្រផ្សេងទៀត។
សូមជម្រាបថា «មន្ទីរពេទ្យហ្លួងម៉ែ» មានទីតាំងស្ថិតនៅលើផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កា រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ ដើមឡើយជាមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី។ ក្នុងពេលប្រទេសកម្ពុជារងការរាតត្បាតដោយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញយកមន្ទីពេទ្យនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ព្រមទាំងបានប្តូរឈ្មោះទៅជា «មន្ទីរពេទ្យហ្លួងម៉ែ» តាមរយៈលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ក្រោយបញ្ចប់ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តួចផ្តើមលើកយោបល់ជូនសម្តេចតេជោ ហ៊ុន សែន ប្រែក្លាយ «មន្ទីរពេទ្យហ្លួងម៉ែ» ជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីកតែម្ដង៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣