Connect with us

ព័ត៌មាន

កម្ពុជាអនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិ​ក្នុងកិច្ចការពារ​ស្រទាប់អូហ្សូន

កម្ពុជាបានចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងនាមជាសមាជិក នៃ​ពិធី​សារ​អនុ​សញ្ញា​កិច្ច​ព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងការបំពុលខ្យល់ និង​កិច្ច​ការពារ​ស្រទាប់​អូហ្សូន ​សំដៅលើកកម្ពស់គុណភាពបរិយាកាស និងការពារសុខុមាលភាពប្រជាពលរដ្ឋ។ នេះ​បើ​តាម​សារ​លិខិតរបស់ក្រ​​សួ​​​​ងបរិស្ថាន អបអរសាទរទិវាអូហ្សូនពិភពលោក ១៦កញ្ញា ឆ្នាំ២០២៦។

សារលិខិតដដែលបានបន្តថា កម្ពុជាចូលរួមជាមួយសហគមន៍ ពិភពលោកក្នុងការប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៤១ នៃអនុសញ្ញាទីក្រុងវីយែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៩ នៃពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូនឆ្នាំ១៩៨៧ និងជាខួបលើកទី១០ នៃវិសោធកម្មទីក្រុងគីហ្គាលីឆ្នាំ២០១៦។ ចាប់តាំងពីឆ្នាំ ១៩៩៥ មក លេ​​​ខាធិ​​ការដ្ឋានអូហ្សូន នៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធ «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជា អបអរសា​​ទ​​រ​​ដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅការពារស្រទាប់ អូហ្សូ​​ន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។ កិច្ចព្រមព្រៀងទាំងនេះ គឺជាឧទាហរណ៍ដ៏វិសេសវិសាលមួ​​យ ដែលបង្ហាញពីអ្នកវិទ្យាសាស្ត្រ អ្នកការទូត និងអ្នកនយោបាយធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយប​​ញ្ហា​​ ប្រឈមបរិស្ថានជាសកល។

អនុសញ្ញាទីក្រុងវីយែន ពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្មទីក្រុងគីហ្គាលី ត្រូវបានទទួលស្គាល់ថា ជាគំ​​រូដ៏ជោគជ័យបំផុតមួយនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្អែកលើវិទ្យាសាស្ត្រ ការចូលរួមជាសក​​​ល ​ការអនុវត្តប្រកបដោយប្រសិទ្ធភាព ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភាពជាដៃគូអន្តរជាតិដ៏រឹងមាំ។ តាមរយៈយន្តការទាំងនេះ ប្រទេសនានាបានរួមគ្នាការពារស្រទាប់អូហ្សូន ក្នុងនោះសារធាតុបំផ្លាញស្រទាប់អូហ្សូន និង​​សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ជាច្រើនប្រភេទត្រូវបានកាត់បន្ថយ និងលុបបំបាត់ជាបន្តបន្ទាប់ និងជំរុញការផ្លាស់ប្តូរ ទៅប្រើប្រាស់បច្ចេកវិទ្យា និងសារធាតុជំនួសដែលមានសុវត្ថិភាព និងចីរភាព ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ការប្រារព្ធទិវាអូហ្សូនពិភពលោកនាឱកាសនេះ ក៏ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹង កា​​​​ន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លា បន្ថែមទៀតក្នុងការថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី សំដៅការពារបរិ​​ស្ថាន ជីវៈចម្រុះ សុខភាពសាធារណៈ ធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនាមជារដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់ការប្រើប្រាស់ សា​​រ​​ធា​​តុក្ល​រ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធា​តុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ក្នុងការលុបបំបាត់សារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន និងផែ​​​នកា​​​រអ​នុវត្ត វិសោធនកម្មទីក្រុងគីហ្គាលី ក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ស្របតាម កាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។ ថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានអនុម័តដាក់ឱ្យ​​អនុវត្ត ក្រមបរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានដាក់ចេញ នូវយុទ្ធសាស្ត្រសំខាន់ៗចំនួនបី រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព ដោយក្នុងនោះ ភាពស្អាតលើអាកាស ត្រូវបានកំណត់ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត។ តាមរយៈយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងបរិស្ថានជា​​សេនាធិការ បានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីលើកកម្ពស់ភាពស្អាតលើអាកាស ដោយបានបំពាក់ឧបករណ៍ ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស និងបានផ្សព្វផ្សាយស្ថានភាពគុណភាពខ្យល់ នៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃ ដើម្បីសាធារណជនទទួលបានព័ត៌មាន និងមានវិធានការការពារ សុខភាពក្នុងករណីចាំបាច់។ លើសពីនេះ ការចាត់វិធានការទប់ស្កាត់ កាត់បន្ថយការដុតសំរាម សំណល់រឹង គល់ជញ្ជាំង សំណល់កសិកម្មនៅទីចំហ ភ្លើងឆេះព្រៃ និងការបញ្ចេញសារធាតុបំពុលខ្យល់ពីប្រភពបំពុល ចល័ត និងអចល័តត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ ទន្ទឹមនេះ ព្រះរាជាណាចក្រកម្ពុជាក៏បានចូលរួមអនុវត្ត កាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាសមាជិកនៃពិធីសារ អនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធ នឹងការគ្រប់គ្រងការបំពុលខ្យល់ និងកិច្ចការពារស្រ​​ទាប់អូហ្សូ​​ន សំដៅលើកកម្ពស់គុណភាពបរិយាកាស និងការពារសុខុមាលភាពប្រជាពលរដ្ឋ។

ការប្រារព្ធទិវាអូហ្សូន ឆ្នាំ២០២៦ ក្រោមប្រធានបទ «សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជា​​​ងមុ​ន» មិនត្រឹមតែ ជាការអបអរសាទរសមិទ្ធផលដ៏អស្ចារ្យរបស់ពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្មទីក្រុងគីហ្គាលីប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការអំពាវនាវឱ្យប្រទេសទាំងអស់ វិស័យឯកជន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប បន្តរួមគ្នាបង្កើន សកម្មភាពជាក់ស្តែង ដើម្បីការពារស្រទាប់អូហ្សូន កាត់បន្ថយការកើនកម្ដៅភពផែនដី និងជំរុញការប្រើប្រាស់ ដំណោះស្រាយត្រជាក់ប្រកបដោយចីរភាព សម្រាប់ផលប្រ​​​យោ​ជ​ន៍​​​​រួ​​មរបស់មនុស្សជាតិ និងភពផែនដី៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia