Connect with us

ព័ត៌មាន

ក្រុមហ៊ុន Suosdey Works សហការជាមួយ ក្រុមហ៊ុន Gilbarco Veeder-Root និង ក្រុមហ៊ុន Invenco រៀបចំពិព័រណ៌បច្ចេកវិទ្យាប្រេងនិងឧស្ម័ន​លើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន សួស្តី វើក ភីធីអ៊ី អិលធីឌី(Suosdey Works Pte Ltd) ដែលជាអ្នកជំនាញលើវិស័យប្រេង និងឧស្ម័ន បានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតពិភពលោក​គឺក្រុមហ៊ុន Gilbarco Veeder-Root និងក្រុមហ៊ុន Invenco ដើម្បីរៀបចំពិព័រណ៌បច្ចេកវិទ្យា «ទិវាបទពិសោធន៍អតិថិជន រលកថ្មីនៃទំនាក់ទំនង»​ ជាលើកដំបូងនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការ ក្រសួង​រ៉ែ និងថាមពល។

ឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការ ក្រសួង​រ៉ែ និងថាមពល ដែលតំណាងឱ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងបើកកម្មវិធីតាំងពិព័រណ៌បច្ចេកវិទ្យា​ ទិវាបទពិសោធន៍អតិថិជន រលកថ្មីនៃទំនាក់ទំនង​ (Costumer’s Experience Day next Wave of Connection) នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះថា ការរៀបចំតាំងពិព័រណ៌នេះគឺពិតជាចំទិសដៅ​ និងស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រ​វែងឆ្ងាយរបស់​អគ្គនាយកដ្ឋានប្រេងកាតនៃ​ក្រសួងរ៉ែនិងថាមពល​។​ ក្រសួងលើកទឹកចិត្ត និងជំរុញឱ្យបណ្តាក្រុមហ៊ុនប្រេង និងឧស្ម័នឥន្ធនៈ ក្រុមហ៊ុនសាងសង់, ម្ចាស់ស្ថានីយ ទាំងអស់គួរពិចារណាក្នុងការបំពាក់ និងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបទាំងនេះ ដើម្បីលើកកម្ពស់ស្តង់ដារប្រតិបត្តិការ, ធានាសុវត្ថិភាព, បង្កើនទំនុកចិត្តអិតិថិជន និងរួមចំណែកអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមមានប្រសាសន៍ថា៖ «កម្មវិធីពិព័រណ៌នៅថ្ងៃនេះ នឹងផ្តល់នូវកាលានុវត្តភាព​ដ៏វិសេស​វិសាលសម្រាប់ប្រតិបត្តិករទាំងអស់​ដែលធ្វើធុរកិច្ចប្រេងនិងឧស្ម័នឥន្ធនៈ​ក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែង​អំពីដំណោះស្រាយបច្ចេកវិទ្យា​ចុងក្រោយបង្អស់។តាមរយៈការតាំងបង្ហាញគំរូស្ថានីយប្រេង​​ឥន្ធនៈ​ និងស្ថានីយសាកល្បងផ្ទាល់ដៃ​ អ្នកចូលរួមទាំងអស់​បានយល់ដឹងកាន់តែច្បាស់​អំពីប្រព័ន្ធវាស់ស្ទង់ប៉ូងសន្និធិក្រោម​ដី​ និងម៉ាស៊ីនបូមប្រេងដែលអាចពិនិត្យនិងតាមដាន​បរិមាណប្រេងជាក់ស្តែងដោយស្វ័យប្រវត្តិ»។

ឯកឧត្តមបន្តថា៖ «ជាមួយគ្នានេះ អ្នកចូលរូមក៏ទទួលបានបទពិសោធន៍ថ្មី​ៗពីប្រព័ន្ធគិតប្រាក់​ និងប្រព័ន្ធឌីជីថល​, ការ​ទូទាត់ប្រាក់​ និងគ្រប់ប្រតិបត្តិការ​លក់រាយប្រកបដោយ​រហ័សនិងសុក្រឹតភាព ក៏ដូចជា ប្រព័ន្ធតាមសន្និធិ ​និងបណ្តាញតភ្ជាប់​អាចគ្រប់គ្រង់ និងតាមដានទិន្នន័​យ​សន្និធិពីចម្ងាយ​តាមប្រព័ន្ធអនឡាញ»។

ចំណែក លោក កែវ រចនា នាយកប្រតិបត្តិក្រុមហ៊ុន សួស្តី វើក ភីធីអ៊ី អិលធីឌី ដែល​ជាក្រុមហ៊ុនឈានមុខគេមួយក្នុង​វិស័យប្រេងឥន្ធនៈ និងឧស្ម័ននៅកម្ពុជា​ បានលើកឡើងថា​ ព្រឹត្តិការណ៍នេះមានគោលបំណងបង្ហាញពីនវានុវត្តន៍ និងដំណោះស្រាយបច្ចេកវិទ្យាទំនើបក្នុងវិស័យប្រេង និងឧស្ម័នព្រមទាំង បង្ហាញពីនិន្នាការថ្មីៗក្នុងការលើកកម្ពស់បទពិសោធន៍អតិថិជន ការតភ្ជាប់ប្រព័ន្ធ និងប្រសិទ្ធភាពប្រតិបត្តិការនៅស្ថានីយប្រេង។

លោកមើលឃើញថា​​ បច្ចុប្បន្ន វិស័យនេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនូវ​ បច្ចេកវិទ្យាថ្មីៗ, ប្រព័ន្ធស្វ័យប្រវត្តិ,​ ការគ្រប់គ្រងទិន្នន័យ,​ ប្រសិទ្ធភាពប្រតិបត្តិការ,​ និងបទពិសោធន៍អតិថិជន​ កំពុងក្លាយជាកត្តាសំខាន់ក្នុងការកំណតទិសដៅអនាគត​របស់ឧស្សាហកម្ម​ថាមពលនៅកម្ពុជា។​ លោកមានប្រសាសន៍ដូច្នេះថា៖ «អ្នកចូលរួមនឹង​មានឱកាសស្វែងយល់​ពីច្ចេកវិទ្យា​របស់ស្ថានីយប្រេងឥន្ធនៈ ប្រព័ន្ធគ្រប់គ្រងស្តុកប្រេង​, ប្រព័ន្ធទូទាត់ប្រាក់,​ ប្រព័ន្ធស្វ័យប្រវត្តិកម្ម,​ និងដំណោះស្រាយជីឌីថលផ្សេងៗដែលអាចជួយបង្កើតសមត្ថភាព និងប្រសិទ្ធភាពប្រកួតប្រជែង​នៅក្នុងអាជីវកម្មដែលកំពុងតែរីកចម្រើន​។​លោក​ជឿជាក់យ៉ាងម៉ុតមាំថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ, វិស័យឯកជន និងអ្នក​ផ្គត់ផ្គង់បច្ចេកវិទ្យា នឹងក្លាយជាកម្លាំងចលករមួយ​ក្នុងការជំរុញ​ការអភិវឌ្ឍន៍​ប្រកបដោយចីរភាព​ និងការរីកចម្រើនវិស័យថាមពលនៅកម្ពុជា»។​

កម្មវិធីពិព័រណ៍បច្ចេកវិទ្យា «ទិវាបទពិសោធន៍អតិថិជន រលកថ្មីនៃទំនាក់ទំនង» (Customer Experience Day: Next Wave of Connection) កំពុងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ នៅសណ្ឋាគារ SUN & MOON ដែលស្ថិតនៅក្បែរស្ពានអាកាសមរតកតេជោ៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia