Connect with us

ព័ត៌មាន

មោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុងការ​ការពារ​ផល​ប្រយោជន៍​ជាតិ​ដោយ​សន្តិវិធី​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុង​ការ​ការ​ពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ ចំពោះ​កិច្ច​ប្រជុំ​លើក​ដំបូងរ​យៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រវាង​គណៈកម្មការ​ផ្សះ​ផ្សា ​និងកម្ពុជា-ថៃ ក្នុងនីតិវិធីផ្សះផ្សាក្រោមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា​អង្គការ​សហ​ប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី នៅ​ថ្ងៃ​នេះ។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្រ្តាក្នុងនាមជាប្រជាពលរដ្ឋខ្មែរ បានមានមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ដឹក​នាំ​ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដែលបានចូលរួមក្នុងដំណើរការនេះ ដើម្បី​បង្ហាញ​ជំហររបស់កម្ពុជាតាមរយៈច្បាប់ ការទូត ការសន្ទនា និងមធ្យោបាយសន្តិវិធី។

ឯកឧត្តម បានថ្លែងថា៖«ការចូលរួមក្នុងយន្តការផ្សះផ្សាមិនមែនជាការបង្កើនភាពតានតឹងទេ ប៉ុន្តែ​ជា​​ការប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធីដែលមានចែងក្នុង UNCLOS»។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់ មិនមែន​ត្រឹម​តែ​ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នោះ​ទេ ​ប៉ុន្តែជាការបង្ហាញថា កម្ពុជាជ្រើសរើសច្បាប់ជំនួសការប្រឈមមុខ និងជ្រើស​រើស​ការ​ទូត​ជំនួស​ការ​បង្កើនភាពតានតឹង។ នេះ​ក៏​ស្រប​នឹង​ជំហរ​ដែល​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ជា​និច្ច​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយវិវាទជាមួយ​ប្រទេសជិតខាងដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តមបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ ការបង្ហាញឆន្ទៈសុចរិត ឬ Good Faith រប​ស់​ភាគី​ពាក់ព័ន្ធ គួរត្រូវបានវាស់វែងតាមរយៈសកម្មភាពជាក់ស្តែង៖ ការចូល​រួម​ក្នុង​ដំណើរ​ការ​ដោយ​ស្ថាបនា ​ការអនុវត្តកិច្ចព្រមព្រៀង និងវឌ្ឍនភាព​ដែល​អាច​វាស់​វែង​បាន​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​។

ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា៖«កិច្ចប្រជុំលើកដំបូងបានបញ្ចប់ ប៉ុន្តែ​ដំណើរ​ការ​ផ្សះ​ផ្សាទើ​បតែចាប់ផ្តើម។ អ្វីដែលសំខាន់បន្ទាប់គឺការបន្តរក្សាភាពម៉ឺងម៉ាត់ អត់ធ្មត់ និងប្រើ​ប្រាស់​ច្បាប់​អន្តរជាតិ និងការទូត ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយដែលមានសន្តិភាព និងយូរ​អង្វែង​សម្រា​ប់​ប្រទេស​ជិតខាងទាំងពីរ»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia