ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលកំពុងខិតខំតស៊ូយកទឹកដីដែលថៃកំពុងរំលោភយកត្រឡប់មកវិញដោយសន្តិវិធី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទាន់បានចុះហត្ថលេខាណាមួយប្រគល់ទឹកដីឲ្យប្រទេសណានោះទេ ខណៈយោធាថៃបាននិងកំពុងរំលោភលើដែនអធិបតេយ្យភាពកម្ពុជានោះ គឺកម្ពុជាកំពុងខិតខំប្រឹងប្រែងតស៊ូតវ៉ាយកមកវិញឲ្យខាងតែបានដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។
នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នាថ្ងៃទី១៦ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ជនរួមជាតិថា កម្ពុជាមិនបានបាត់បង់ទឹកដីនោះទេ ប៉ុន្តែ គ្រាន់តែបាត់បង់ការគ្រប់គ្រងផ្នែកខ្លះប៉ុណ្ណោះ ក្រោយមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសារគេមិនគោរពតាមកិច្ចព្រមព្រៀងនេះ ហើយគេរំលោភយកដោយឯកតោភាគី តែយ៉ាងណារាជរដ្ឋាភិបាលបាននិងកំពុងធ្វើការតវ៉ា។
សម្ដេចធិបតី បានបញ្ជាក់ថា រឿងទឹកដីយើងមិនដែលភ្លេចទេ ការដោះស្រាយមិនដែលភ្លេចសូម្បីមួយវិនាទី។ រាល់ថ្ងៃមេទ័ព និងកងទ័ពយើងនៅឈរជើងនៅជួរមុខដើម្បីការពារជាតិ ទឹកដី បើនិយាយថាបាត់ទឹកដីទាល់តែរដ្ឋាភិបាលស៊ីញ៉េឯកភាព តែមកដល់ពេលនេះ មិនមានការស៊ីញ៉េឯកភាពនោះទេ។ អ្វីដែលឯកភាពជាមួយថៃ មកទល់ពេលនេះ គឺមានតែអនុសញ្ញា និងសន្ទិសញ្ញាបារាំង-សៀម ១៩០៤ និង១៩០៧ប៉ុណ្ណោះ។ យើងមិនទាន់មានការស៊ីញ៉េឯកភាពគ្នាណាទៀតលើព្រំដែនទឹក និងគោកទេ។ JBC ចុះធ្វើការ២០ឆ្នាំ បានឯកភាពគ្នាលើបង្គោលព្រំដែនមួយចំនួន ប៉ុន្តែមិនទាន់បានផ្ទៀងផ្ទាត់ឡើងវិញនូវខ្សែព្រំដែនដែលបានវាស់តាំងពីឆ្នាំ១៩០៧នោះទេ។ អត់មានខ្សែព្រំដែនថ្មីដែលត្រូវធ្វើទេ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការ ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ហើយសម្តេចបានប្រកាសថាដីដែលបានបាត់ការគ្រប់គ្រងនោះ នឹងត្រូវយកវិញឲ្យខាងតែបានដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ បើទោះបីជាប្រើប្រាស់ពេលវេលាបន្តិចក៏ដោយ ដើម្បីបញ្ជៀសការស្លាប់មនុស្ស៕

-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា