ព័ត៌មាន
ហ្វីលីពីនក្លាយជាប្រទេសនាំចូលអង្ករកម្ពុជាច្រើនជាងគេនៅក្នុងតំបន់អាស៊ានក្នុងរយៈពេល៨ខែឆ្នាំ២០២៦នេះ
ក្រុមហ៊ុនCity Rice Import Export Co,Ltd(កម្ពុជា) និង ក្រុមហ៊ុន DILAI Trading(ហ្វីលីពីន) បានចុះហត្ថលេខា លើកិច្ចសន្យាទិញលក់អង្ករ សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីនចំនួន១ម៉ឺនតោន ដោយជម្រុញការដឹកជញ្ជូនអោយកាន់តែរហ័សជាងមុន។ កិច្ចព្រមព្រៀងនេះ គឺជោគជ័យថ្មីមួយទៀត សម្រាប់វិស័យអង្ករកម្ពុជា ដែលអាចប្រកួតប្រជែង ច្រៀតចូលទីផ្សារក្នុងតំបន់អាស៊ានកាន់តែច្រើនជាងមុន។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា ហ្វីលីពីនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ជាច្រើនឆ្នាំកន្លងមក រាជរដ្ឋាភិបាលបានប្រឹងប្រែងរក្សានូវទំនាក់ទំនងទាំងការទូត ពាណិជ្ជកម្មជាមួយគ្នា ក្នុងគោលដៅបើកផ្លូវអោយវិស័យឯកជន ធ្វើការ អោយកាន់តែជិតស្និត ស៊ីជម្រៅ ផ្តល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមក។ លោកជំទាវបានបន្ថែមថា កន្លងមកហ្វីលីពីនបាននាំចូលអង្ករពីប្រទេស វៀតណាម និង ថៃ ដោយមិនដឹងថា ប្រភពអង្ករមួយចំនួនគឺចេញពីកម្ពុជានោះទេ។ ការចុះកិច្ចសន្យាទិញ លក់រវាងក្រុមហ៊ុនទាំង២នៅពេលនេះ គឺជាលទ្ធផលដែលកើតចេញពីកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ទទួលបានចំណាត់លេខ១ ជាអង្ករល្អដាច់គេលើលោកចំនួន៧លើករួចមកហើយនិងមួយវិញទៀត ភាគីពាក់ពន្ធ័បានប្រឹងប្រែងផ្សព្វផ្សាយ ជំរុញអោយ ហ្វីលីពីនបានដឹងថាកម្ពុជា ជាប្រទេស ដែលបាន ផលិតដាំដុះស្រូវ អង្ករដែលមានគុណភាព ស្តង់ដារ ត្រូវទៅនឹងតម្រូវការបស់ប្រជាជនហ្វីលីពីន។ កាន់តែពិសេស ក្នុងរយៈពេល៣ឆ្នាំ ទីផ្សារហ្វីលីពីនបានកើនឡើងជិត១០ដងនៃបរិមាណនាំចូលអង្ករពីកម្ពុជា។ កាលឆ្នាំ២០២៣ កម្ពុជានាំអង្ករចេញទៅហ្វីលីពីន បានត្រឹមតែ ៣ពាន់តោនប៉ុណ្ណោះ ប៉ុន្តែត្រឹមរយះពេល៨ខែឆ្នាំ២០២៦ នាំចេញបាន ប្រមាណជិត២ម៉ឺនតោន។
ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួរអគ្គនាយកក្រុមហ៊ុន City Rice Import Export បានបញ្ជាក់ថា កិច្ចសន្យាទិញលក់នេះគឺជាជោគជ័យបន្ថែមទៀត សម្រាប់វិស័យស្រូវអង្ករកម្ពុជា ព្រោះក្នុងមួយឆ្នាំហ្វីលីពីនត្រូវការនាំចូលអង្ករ3,5លានតោនដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដូច្នេះពេលនេះជាឱកាសរបស់កម្ពុជា ដើម្បីទាញយកទីផ្សារបន្ថែម។
លោក Rudy Suharto ប្រធានក្រុមហ៊ុន Dilai Trading បានបញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តនាំអង្ករកម្ពុជាចូលទីផ្សារហ្វីលីពីនក៏ព្រោះតែគុណភាពអង្ករកម្ពុជាល្អ ការដំាដុះរបស់កសិករខ្មែរមានសុវត្ថិភាព រួមនឹងការបើកផ្លូវរបស់រដ្ឋាភិបាលនៃប្រទេសទាំង២កម្ពុជា ហ្វីលីពីនកាន់តែល្អប្រសើរ។ លោកជឿជាក់ថា នៅឆ្នាំបន្តបន្ទាប់ កំណើននាំចូលអង្ករពីកម្ពុជា ទៅកាន់ទីផ្សារហ្វីលីពីនកាន់តែកើនឡើង។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករបានចំនួន ៧៩២,២១២តោន និងរកចំណូលបានប្រមាណ ៤៦៤លានដុល្លារអាមេរិក។ទីផ្សារប្រទេសហ្វីលីពីន បានក្លាយជាទីផ្សារយុទ្ធសាស្ត្រថ្មី និងជាក្បាលម៉ាស៊ីនជំរុញកំណើន ដ៏សំខាន់បំផុតមួយសម្រាប់ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ ២០២៦ នេះ។
អត្ថបទ៖ សូដាវណ្ណ









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣