Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ ខេត្តកំពង់ឆ្នាំងបានប្រែក្លាយពីខេត្តឆ្លងកាត់ ក្លាយទៅជាខេត្តអភិវឌ្ឍតំបន់ឧស្សាហកម្ម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ខេត្តកំពង់ឆ្នាំងកំពុងប្រែក្លាយពីខេត្តដែលគេឆ្លងកាត់ ក្លាយទៅជាខេត្តអភិវឌ្ឍតំបន់ឧស្សាហកម្ម ខណៈរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងជំរុញការតភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែពហុបំណង និងតំបន់ឡូជីស្ទីកបន្ថែមទៀតក្នុងខេត្តនេះ ហើយជាក់ស្ដែងថ្ងៃនេះបានសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC។

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះសម្តេចធិបតីបានបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្តេច បានថ្លែងអំណរគុណក្រុមហ៊ុនដែលបានជឿជាក់លើកម្ពុជា និងបានដាក់ទុនវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត បង្កើតការងារជូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះសម្តេចធិបតីបានថ្លែងកោតសរសើរឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានដាក់ចេញនូវគំនិតអភិវឌ្ឍន៍នានា ដើម្បីប្រែក្លាយខេត្តកំពង់ឆ្នាំង ឱ្យក្លាយជាខេត្តមិនឱ្យគេទៅហួសមកហួសដូចមុនទៀត។

សម្ដេចធិបតីថ្លែងថា៖«ខេត្តកំពង់ឆ្នាំងកំពុងប្រែក្លាយពីខេត្តដែលគេឆ្លងកាត់ ក្លាយទៅជាខេត្តអភិវឌ្ឍតំបន់ឧស្សាហកម្ម ខណៈរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងជំរុញការតភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែពហុបំណង និងតំបន់ឡូជីស្ទីកបន្ថែមទៀត ជាក់ស្ដែងថ្ងៃនេះបានសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC»។

សូមជម្រាបថា ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ TH Group ដែល បានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ អ្នកឯកទេសផ្នែកយានយន្តនៅកម្ពុជា។ ក្រុមហ៊ុន ធីអេច ទទួលបានអាជ្ញាបណ្ណដំណើរការរោងចក្រដំឡើងរថយន្ត និងពិធីចុះហត្ថលេខាទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន GAC International Co.,Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC ក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ និងបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០%។ គម្រោងវិនិយោគរបស់ក្រុមហ៊ុន គឺរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC និងរថយន្តម៉ាក CHEVROLET ដែលមានសមត្ថភាពផលិតសរុបប្រមាណ ២០,០០០ គ្រឿងក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ៩០% និងនាំចេញ១០% និងប្រើប្រាស់កម្លាំងក្នុងស្រុកសរុបចំនួន ២៥០នាក់ (ស្រី២០នាក់ និងអ្នកបច្ចេកទេសបរទេស ២នាក់)៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia