ព័ត៌មាន
ពលរដ្ឋ អរគុណសម្ដេចធិបតី បន្តពង្រឹងសេវាពេទ្យរដ្ឋ និងបង្កើនប្រសិទ្ធភាពសេវាគ្របដណ្ដប់ ២៤ម៉ោង
ប្រជាពលរដ្ឋ ថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលបន្តពង្រឹងសេវាពេទ្យរដ្ឋគ្រប់មូលដ្ឋាន និងបង្កើនប្រសិទ្ធភាពសេវាគ្របដណ្ដប់ ២៤ម៉ោង លើ ២៤ម៉ោង ធានាការសង្រ្គោះ ជូនពួគគាត់បានទាន់ពេលវេលា។

អ្នកស្រី ស៊ីថា ប្រជាពលរដ្ឋ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា អ្នកស្រីមិនធ្លាប់មកប្រើសេវាសុខាភិបាលរបស់រដ្ឋ នៅមូលដ្ឋាននោះឡើយ។ ជានិច្ចកាល អ្នកស្រីតែងតែទៅពេទ្យធំនៅក្នុងរាជធានីភ្នំពេញ និងពេទ្យឯកជន។ ហើយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្មួយរបស់អ្នកស្រី ដែលមកលេង បានធ្លាក់ខ្លួនឈឺភ្លាមៗ ក្ដៅខ្លួនខ្លាំង អ្នកស្រីបានស្វែងរកសេវាសុខាភិបាលឯកជន ប៉ុន្ដែដោយសារយប់ជ្រៅ ទើបគ្មានសេវាឯកជនទទួល ហើយអ្នកជិតខាងរបស់អ្នកស្រី បានប្រាប់ឱ្យនាំក្មួយ មកកាន់មន្ទីរពេទ្យបង្អែកមានជ័យ ដែលបម្រើសេវា ២៤ម៉ោង លើ ២៤ម៉ោង។

អ្នកស្រី ប្រាប់ថា បន្ទាប់ពីនាំក្មួយមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្រ្គោះក្មួយភ្លាមៗ ធ្វើឱ្យក្មួយរបស់អ្នកស្រី ចុះកម្ដៅ។ ហើយពេលនេះក្មួយរបស់អ្នកស្រី មានស្ថានភាពល្អប្រសើរវិញហើយ។ អ្នកស្រី ថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលយកចិត្តទុកដាក់ខ្ពស់ ព្យាបាលពលរដ្ឋ។

អ្នកស្រី សាមឌី រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលនាំកូនកើតជំងឺគ្រុនឈាមមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យ ប្រាប់ថា នេះជាលើកទី១ របស់អ្នកស្រី ដែលនាំកូនមកមន្ទីរពេទ្យរដ្ឋ នៅមូលដ្ឋាន។ អ្នកស្រី ពេញចិត្តចំពោះសេវាសុខាភិបាលរបស់រដ្ឋ ពីព្រោះមន្ទីរពេទ្យធំទូលាយ សម្ភារៈទំនើប ហើយក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ខ្ពស់លើអ្នកជំងឺ។

ចំណែកអ្នកស្រី សំ មុំ ពលរដ្ឋរស់នៅចាក់អង្រែក្រោម មួយរូបទៀត បានថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល។ ជាក់ស្ដែងអ្នកស្រីពេញចិត្តយ៉ាងខ្លាំងអគារមន្ទីរពេទ្យធំទូលាយ និងការផ្ដល់សេវា ២៤ម៉ោង លើ ២៤ម៉ោង ជូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ។ អ្នកស្រី ជឿជាក់ថា វិស័យសុខាភិបាល នឹងកាន់តែរីកចម្រើន ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសម្ដេចធិបតី នាយករដ្ឋមន្រ្ដី។

លោកវេជ្ជបណ្ឌិត ស្រេង ស្រ៊ុន ប្រធានមន្ទីរពេទ្យបង្អែកមានជ័យ ស្ថិតនៅលើផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រាប់ BTV ថា មន្ទីរពេទ្យបង្អែកមានជ័យ គឺជាពេទ្យបង្អែកកម្រិត១ (CPA1)។ មន្ទីរពេទ្យរដ្ឋមួយនេះ គ្របដណ្ដប់សេវាសុខាភិបាល ខណ្ឌមានជ័យ ដែលមាន ៧សង្កាត់ និង ៧២ភូមិ ដែលមានប្រជាជនប៉ានស្មានប្រមាណ ២៣៣,៩៧៤នាក់។ មន្ទីរពេទ្យបង្អែកមានជ័យ ត្រូវបានបង្កើតឡើងអំឡុងខែមីនា ឆ្នាំ២០២៥ និងបានកែលម្អរួចរាល់នៅចុងឆ្នាំ២០២៥ ដោយបានបំពាក់សម្ភារ ឧបករណ៍វេជ្ជសាស្រ្ដ កាន់តែទំនើប ខណៈបច្ចុប្បន្ននេះ មន្ទីរពេទ្យ មានមន្រ្ដីចំនួន ៤០រូប ដែលក្នុងនោះមានមន្រ្ដីជាប់កិច្ចសន្យាចំនួន ៥រូប។
លោកវេជ្ជបណ្ឌិត ស្រេង ស្រ៊ុន បញ្ជាក់ថា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យបង្អែកមានជ័យ បានបម្រើសេវាសុខភាព ជូនពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ដែលមានសេវាដូចជា ៖ សេវាពិគ្រោះជំងឺក្រៅ សង្រ្គោះបន្ទាន់ ជំងឺសម្រាកពេទ្យ ពិនិត្យរោគស្រ្ដី ពិនិត្យថែទាំផ្ទៃពោះមុនសម្រាល ថែទាំក្រោយសម្រាល សម្រាលកូន រំលូតកូនដោយសុវត្ថិភាព សេវាពន្យាកំណើត ជំងឺឆ្លង ជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម សេវាបញ្ជូនដោយរថយន្ដសង្រ្គោះបន្ទាន់។ ហើយសេវាអមគ្លីនិក រួមមាន ពិនិត្យឈាម កំហាក ទឹកនោម ថតឆ្លុះអេកូសាស្រ្ដ និង វាស់ចង្វាក់បេះដូង ជាដើម។
លោកវេជ្ជបណ្ឌិត ស្រេង ស្រ៊ុន អះអាងថា ក្នុងនាមមន្រ្ដីសុខាភិបាល លោកប្ដេជ្ញាបន្តដឹកនាំមន្រ្ដី បម្រើសេវាសុខាភិបាល ឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយបម្រើសេវា ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ផ្ដល់សេវាមានគុណភាពខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
សូមជម្រាបជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ពោធមន្ទីរពេទ្យ ហ្លូង ម៉ែ ជាផ្លូវការ សម្ដេចបានថ្លែងបញ្ជាក់ ថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បន្តអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែខ្លាំង ក្នុងការផ្ដល់សេវាព្យាបាលជូនពលរដ្ឋ ដោយគុណភាពខ្ពស់ រួមចំណែកដកបន្ទុកចំណាយ និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។ ហើយបើទោះបីជាបច្ចុប្បន្ននេះ សម្ដេចទទួលរបាយការណ៍បញ្ជាក់ ថា មន្ទីរពេទ្យរដ្ឋ ពិសេសមណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកដំណើរ ២៤ម៉ោង លើ ២៤ម៉ោង ហើយក៏ពិតមែន ប៉ុន្ដែសម្ដេច នឹងឆ្មក់ចុះដល់មូលដ្ឋាន ដើម្បីមើលឱ្យប្រាកដ ថា របាយការណ៍ និងការអនុវត្តជាក់ស្ដែង ពិតជាបានធ្វើ ក្នុងការបង្រើសេវាជូនពលរដ្ឋ តាមទិសដៅរបស់រដ្ឋពិតប្រាកដមែន៕ អត្ថបទ៖ លៀ ស៊ីណា




-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា