Connect with us

ព័ត៌មាន

អ្នកវិភាគ៖ សន្និសីទ ICCOS នឹងបង្ហាញពិភពលោក ឲ្យ​ឃើញ​ពិត​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កម្ទេច Online Scams

អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការយល់ឃើញថា សន្និសីទអន្តរជាតិ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​អនឡាញ (ICCOS) ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា នា​សប្ដាហ៍​ក្រោយ​នេះ ​នឹងបង្ហាញពិភពលោក ឱ្យឃើញពិតពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កម្ទេច​ឧក្រិដ្ឋ​កម្ម​ឆបោក​អនឡាញ។

លោក មាស រស្មី អ្នកជំនាញស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញ​ទស្សនៈ​ថា កម្ពុជា ជាប្រទេសមួយ​ដែល​ទទួល​រង​ការ​ហៀរ​សាយ​ភាយ​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាពីតាមបណ្តាប្រទេសជឿនលឿន ទាំងក្រៅ និងក្នុងតំបន់ប៉ុណ្ណោះ ស្រប​ពេល​ដែលកម្ពុជាឋិតក្នុងការអភិវឌ្ឍ។ ក៏ប៉ុន្តែ បទល្មើសនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់​ចេញវិធានការក្តៅជាច្រើនដើម្បីជាការឆ្លើយតប ពោលគឺបង្ក្រាបមិនដកដៃនោះឡើយ ដើម្បី​រក្សា​សន្តិសុខ ស្ថិរភាពជូនពលរដ្ឋ និងសង្គមជាតិ។ ដោយវិធានការដែលកំពុងអនុវត្ត គឺ​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចូលជាធរមាន រួមទាំង​អនុក្រឹត្យ​លេខ​០៣​របស់​ប្រមុខ​រដ្ឋាភិបាលជាដើម។

លោកបានបន្ថែមថា សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ (ICCOS) នឹង​បើកទំព័រថ្មីប្រាប់ទៅកាន់សកលលោកទាំងមូល ឲ្យដឹងពីគោលជំហរ​មុត​មាំ​របស់​កម្ពុជា​ក្នុង​ការ​កម្ទេច​ឲ្យ​អស់​នូវជម្រក នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល​តែងតែ​បាន​លើ​កបញ្ហា​នេះទៅ​កាន់​ដៃគូ​ដែល​ជា​មិត្ត​បរទេស​ នៅក្នុងជំនួបការទូត ឬជំនួបកិច្ចសហប្រតិបត្តិការនានាជាលក្ខណៈអន្តរជាតិ ដូច​ជា​កាល​ពី​ពេល​ថ្មីៗ សម្តេចធិបតី ក៏បានជួបជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ FBI ។ បន្ថែមពីនោះ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុនសែន ក្នុងជំនួប​ជាមួយ​ឯកអគ្គ​រដ្ឋ​ទូត​កូរ៉េខាងត្បូង កាលពីពេលកន្លង ក៏ធ្លាប់បានលើកឡើងថា កម្ពុជាមិនមែន​ជា​ទី​សុវត្ថិភាព​របស់​ក្រុម​ឧក្រិដ្ឋជនស្គេមអនឡាញនោះឡើយ កម្ពុជា គឺជាឋានរករបស់ពួកគេ។

អ្នក​ស្រាវជ្រាវនយោបាយដដែលបានបន្ថែមថា ការណ៍ដែលត្រូវបានលើកឡើងខាងលើនេះ ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់ ពីគោលដៅដែលកម្ពុជាបានធ្វើ កំពុងធ្វើ និងបន្តធ្វើ ដើម្បីបោស​សម្អាត​ឲ្យ​អស់​លើ​បទល្មើសឆបោកអនឡាញ ដោយហ៊ានលទ្ធផល នៃអ្វីដែលខ្លួនបានធ្វើ យកបង្ហាញ​ទៅ​កាន់​អន្តរជាតិ​យ៉ាងចំហរ មិនមានការលាក់លៀមនោះឡើយ។ ការហ៊ានបង្ហាញជាសកលនេះដែរ ជា​សារ​ចំហរ​យ៉ាងច្បាស់ៗថា កម្ពុជាមិនមែនជាជម្រក ឬជាមជ្ឈមណ្ឌលកណ្តាល នៃបទល្មើស Online Scams ដូចប្រទេសជិតខាងមួយ បានខំផ្សព្វផ្សាយបំភ្លៃបំភ្លើស គ្មានមូលដ្ឋាន​ការ​ពិត​មក​លើ​កម្ពុជា​ រហូតយកប្រធានបទដែលបានបំភ្លៃនេះ ទៅប្រើជាលេស​ដើម្បី​ប្រើកម្លាំង​យោធា​ដើម្បី​បើក​ការ​ឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជាបន្ថែមទៀត ។

ជាទឡ្ហីករណ៍ពិត​ប្រាកដមួយ ដោយលោកបានសង្កត់ថា ដូចដែលអ្វីដែលកម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាបបទល្មើសឆបោកអនឡាញស្គេមកន្លងមក គឺជនល្មើសភាគ​ច្រើន​សុទ្ធ​តែ​ជា​ជន​បរទេស ពុំមែនជាជាតិសាសន៍ខ្មែរនោះឡើយ ។ ទាំងនេះ បញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបរទេស បាន​លួច​លាក់​មកជ្រកកោននៅកម្ពុជា ហើយព្យាយាមប្រើកម្ពុជាជាជម្រក នៃការប្រព្រឹត្តិបទល្មើស តែ​ទោះ​ជាយ៉ាងណា រដ្ឋាភិបាល មិនបាន​ទុក​ឲ្យ​បទល្មើ​ស​នេះអា​ច​មាន​អាយុ​កាល​ទៅ​មុខ​បាន​ទៀ​ត​នោះ​ឡើយ​។

គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជា​ម្ចាស់​ផ្ទះក្នុ​ងកា​ររៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ (ICCOS) ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia